- ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

ដោយ៖ទន់ ពុទ្ធពិសិដ្ឋ (RFI ខេមរភាសា)
រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី២១ មីនា អំពីការបញ្ចប់សិទ្ធិជ្រកកោនស្របច្បាប់របស់ជនអន្តោប្រវេសន៍អាមេរិកឡាទីន ប្រមាណជាង ៥០ម៉ឺននាក់។ វិធានការនេះ តម្រូវឲ្យចាកចេញពីទឹកដីអាមេរិក រយៈពេល ៣០ថ្ងៃ គិតចាប់ថ្ងៃអង្គារ សប្តាហ៍ក្រោយ។
លោកដូណាល់ ត្រាំ បានបញ្ជាឲ្យបណ្តេញជនអន្តោប្រវេសន៍អាមេរិកអាឡាទីន ចំនួន ៥សែន៣ម៉ឺន២ពាន់នាក់ ចេញពីទឹកដីអាមេរិកឲ្យអស់ ត្រឹមថ្ងៃព្រហស្បតិ៍ ទី២៤ មេសា ខាងមុខ។ ក្នុងចំណោមនោះ រួមមានជនជាតិគុយបា ហៃទី នីការ៉ាហ្គ័រ និង ជនជាតិវ៉េណេស៊ុយអេឡា។
នេះជាផ្នែកមួយនៃយុទ្ធនាការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រទេស ជាពិសេសប្រជាពលរដ្ឋមកពីអាមេរិកឡាទីន ៣ថ្ងៃក្រោយពីលោក ត្រាំ ឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក និងតបតាមការសន្យារបស់លោក នៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
គួររំឭកថា ជនអន្តោប្រវេសន៍ទាំងនេះចូលទឹកដីអាមេរិក តាមរយៈគម្រោងទទួលជនភៀសខ្លួនអាមេរិកឡាទីន ដែលផ្តួចផ្តើមគំនិតដោយលោកអតីតប្រធានាធិបតីអាមេរិក ចូ បៃដិន នៅខែតុលា ឆ្នាំ២០២២ ហើយបន្តរហូតដល់ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ អនុញ្ញាតឲ្យជនអន្តោប្រវេសន៍អាមេរិកឡាទីន ចំនួន៣ម៉ឺននាក់ក្នុងមួយខែ អាចចូលមករស់នៅក្នុងទឹកដីអាមេរិក រយៈពេលអតិបរិមា ២ឆ្នាំ ក្រោមហេតុផលស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងបួនខាងលើ។ នៅអំឡុងពេលនោះ លោកចូ បៃដិន ចង់កាត់បន្ថយភាពតានតឹងនៅតាមព្រំដែនអាមេរិក និង ម៉ិកស៊ិក។
សេចក្តីសម្រេចរបស់ចៅហ្វាយសេតវិមានអាមេរិកពេលនេះ គ្មានអ្វីប៉ះពាល់ដល់ជនអន្តោប្រវេសន៍ស្របច្បាប់ផ្សេងទៀត ដែលទទួលបានសិទ្ធិជ្រកកោនជាជនភៀសខ្លួន ក្រៅពីគម្រោងខាងលើ។
ប៉ុន្តែចំពោះជនអន្តោប្រវេសន៍ណា ដែលធ្លាប់ជាប់ពន្ធនាគារនៅអាមេរិក ហើយត្រូវតុលាការអាមេរិកដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន គឺមិនអាចសុំសិទ្ធិជ្រកកោនជាជនភៀសខ្លួនបានទៀតឡើយ។ ចំពោះជនអន្តោប្រវេសន៍ ដែលរដ្ឋាភិបាលអាមេរិកធ្លាប់បានបណ្តេញចេញពីអាមេរិក ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ ក៏មិនអនុញ្ញាតឲ្យចូលទឹកដីអាមេរិកវិញបានទេ។
នេះបើយោងតាមការបញ្ជាក់របស់នាយកដ្ឋានសន្តិសុខផ្ទៃក្នុងអាមរិក។
ដោយឡែក សកម្មជនការពារអន្តោប្រវេសន៍ បានប្រតិកម្មភ្លាមៗនឹងសេចក្តីសម្រេចត្រៀមបណ្តេញជនភៀសខ្លួនអាមេរិកឡាទីន ទ្រង់ទ្រាយធំ ចេញពីទឹកដីអាមេរិក ដោយប្រាប់ឲ្យជនអន្តោប្រវេសន៍ទាំងនោះ ស្វែងរកការប្រឹក្សាយោបល់ជាបន្ទាន់ ជាមួយនឹងមេធាវីជំនាញ។
លោកស្រីមេធាវីអាមេរិកមួយរូបបានលើកឡើងថា អ្នកសុំសិទ្ធិជ្រកកោនជនជាតិអាមេរិកឡាទីនចំនួន ប្រមាណ ៧ម៉ឺន៥ពាន់នាក់ ដែលស្ថិតក្នុងគម្រោងទទួលជនភៀសខ្លួនរបស់លោកអតីតប្រធានាធិបតីអាមេរិក ចូ បៃដិន ត្រូវរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ននេះ ដកហូតសិទ្ធិធ្វើការ ហើយអាចប្រឈមនឹងការបណ្តេញចេញពីអាមេរិក។
កាលពីពេលថ្មីៗនេះ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិវ៉េណេស៊ុយអេឡា ចំនួនប្រមាណជា ២០០នាក់ សុទ្ធសឹងជាជនល្មើសនិងឧក្រិដ្ឋជន ចេញពីទឹកអាមេរិក ទៅកាន់ស្រុកកំណើតវិញ៕