- ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

ដោយ៖ហេង ឧត្តម (RFI ខេមរភាសា)
ប្រឈមមុខនឹងការគំរាមសន្តិសុខក្នុងបរិបទពិភពលោកសព្វថ្ងៃ ប្រទេសអេស្ប៉ាញត្រូវរងសម្ពាធពីសម្ព័ន្ធមិត្ត បង្ខំឲ្យបង្កើនកញ្ចប់ថវិកាការពារជាតិ និងបង្កើនវិភាគទានឲ្យអង្គការសម្ព័ន្ធយោធាអូតង់។ នៅក្នុងរង្វង់សមាជិកអូតង់ ប្រទេសអេស្ប៉ាញបានផ្តល់វិភាគទានតិចតួចជាងគេបំផុត។
ក្នុងបរិបទសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន រួមនិងការគំរាមដកខ្លួនសហរដ្ឋអាមេរិក ចេញពីអង្គការយោធាអូតង់ទៀតនោះ កាន់តែបំផុសចលនាធ្វើឲ្យប្រទេសអឺរ៉ុប ត្រូវបន្ថែមថវិកាការពារជាតិរៀងៗខ្លួន និងបង្កើនកញ្ចប់ការពារជាតិរួម ដើម្បីធ្វើឲ្យ អឺរ៉ុប ក្លាយជាទ្វីបម្ចាស់ការការពារខ្លួនដោយស្វយ័ត។ ក៏ប៉ុន្តែ អេស្ប៉ាញ ដែលជាសមាជិកសហភាពអឺរ៉ូបផង និងអូតង់ផង កំពុងតែរារែក ហើយដើរអូសជើងនៅឡើយ។
ចូលជារដ្ឋសមាជិករបស់អង្គការសម្ព័ន្ធយោធាអូតង់ នៅឆ្នាំ១៩៨២ អេស្ប៉ាញបានចូលរួមវិភាគទានថវិកាតិចតួចបំផុត ជាពិសេសនៅក្រោយវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨។ រហូតដល់ឆ្នាំ២០១៤ អេស្ប៉ាញបង់រួមវិភាគទានត្រឹមតែ ០,៩% តែប៉ុណ្ណោះនៃចំណូលក្នុងស្រុកសរុប។ ទើបតែក្នុងកិច្ចប្រជុំកំពូលអូតង់ ឆ្នាំ២០២២ នៅក្រុងម៉ាឌ្រីដ ទើបអេស្ប៉ាញជាម្ចាស់ផ្ទះ សុខចិត្តដំឡើងថវិកាយោធាបានខ្លះបន្ថែម។
ទោះបីជាម្តេចក្តី ក្នុងក្រសែភ្នែកថ្នាក់ដឹកនាំក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត អេស្ប៉ាញចូលរួមបង់ចំណាយវិស័យការពារយោធានេះ មានចំនួនតិចតួចខ្លាំងនៅឡើយ។ តាំងពីពេលដំបូងៗនៃការឡើងកាន់អំណាចអាណត្តិទី២មកម្ល៉េះ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រលយពាក្យថា អេស្ប៉ាញអន់ខ្សោយណាស់។
ក្នុងសប្តាហ៍នេះទៀត ទស្សនាវដ្តីអង់គ្លេស The Economist ក៏បានលាតត្រដាងដោយក្នុងរិះគន់ផងនិងដាស់តឿនផង ថា អេស្ប៉ាញហាក់ដូចជាស្ពឹកស្រពន់ក្នុងការដំឡើងថវិកាវិស័យយោធា និងថវិកាវិភាគទានឲ្យអង្គការសម្ព័ន្ធយោធាអូតង់។
ក្រោមការដឹកនាំរបស់សម្ព័ន្ធបក្សសង្គមនិយម អេស្ប៉ាញរបស់លោក Pedro Sánchez បានចូលរួមវិភាគទានថវិកាឲ្យអូតង់ ត្រឹមតែ១,២៨% ប៉ុណ្ណោះ នៃចំណូលក្នុងស្រុកសរុប។ តែបើតាមភាពត្រឹមត្រូវ អេស្ប៉ាញត្រូវបង់វិភាគទាន យ៉ាងតិច ២%។ ប្រសិនបើប្រៀបធៀប ទោះបីជាអេស្ប៉ាញបង់ដល់២%ក៏ដោយ ក៏នៅតិចតួចជាងប្រទេសស្លូវេនី លុចសំបួរ បែលហ្ស៊ិក និងប៉ូឡូញ ដែលបង់វិភាគទានឲ្យអូតង់ យ៉ាងហោច ៤,១២% ឯណោះនៃចំណូលក្នុងស្រុកសរុបរបស់ប្រទេសទាំងនោះ។
ភាពយឺតយ៉ាវស្ពឹកស្រពន់របស់អេស្ប៉ាញ មានជាប់ពាក់ព័ន្ធខ្លាំងនឹងនយោបាយក្នុងស្រុក និងផ្នត់គំនិតប្រជាជនអេស្ប៉ាញតែម្តង។ ក្នុងផ្នែកនយោបាយ សម្ព័ន្ធបក្សឆ្វេងនិយម Sumar និង Podemos ជាក្រុមគណបក្សប្រឆាំង បានសម្តែងក្តីជំនាស់នឹងនយោបាយដំឡើងកញ្ចប់ថវិកាការពារជាតិនិងការពារអឺរ៉ុប។ ក្រុមបក្សឆ្វេងនិយមអេស្ប៉ាញ ប្រឆាំងដាច់ខាតការប្រកួតប្រជែងសព្វាវុធ ហើយបញ្ជាក់ថា ប្រាក់១កាក់១សេនដែលចំណាយទៅលើវិស័យចម្រើនសព្វាវុធ ជាការកាត់បន្ថយប្រាក់១កាក់១សេន ពីវិស័យអប់រំ និងកសាងរចនាសម្ព័ន្ធសង្គម។
ទន្ទឹមនឹងគ្នានេះ ប្រជាជនអេស្ប៉ាញជាទូទៅក៏មិនចង់ឲ្យបង្កើនលុយលើវិស័យចម្បាំងរាំង ជល់ នោះទេ។ វិទ្យាស្ថានជាតិស្ទង់មតិ នៃមជ្ឈមណ្ឌលស្រាវជ្រាវសង្គមសាស្ត្រអេស្ប៉ាញ បានផ្សាយរបាយការណ៍ស្ទង់មតិកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញដោយដឹងថា ពលរដ្ឋអេ ស្ប៉ាញ តែ១៤,២%ប៉ុណ្ណោះនៃចំណោមអ្នកស្ទង់មតិ បានយល់ព្រមឲ្យដំឡើងថវិកាយោធា ផ្ទុយទៅវិញ ពួកគេចង់ឲ្យដំឡើងកញ្ចប់លុយវិស័យអប់រំ និងសុខាភិបាល ឲ្យបានច្រើន ជាងយោធា៕