តុលាការកូរ៉េខាងត្បូង ច្រានចោលការដកតំណែងនាយករដ្ឋមន្រ្តី Han Duck-soo
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៨ នាទី ព្រឹក
តុលាការកូរ៉េខាងត្បូង ច្រានចោលការដកតំណែងនាយករដ្ឋមន្រ្តី Han Duck-soo
លោក Han Duck-soo នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង។ រូបភាព ៖ AFP

តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង បានជំទាស់ការដកតំណែងនាយករដ្ឋមន្ត្រី លោក Han Duck-soo ដោយអនុញ្ញាតឱ្យលោកកាន់តំណែងជាប្រធានាធិបតីស្តីទី និងនាយករដ្ឋមន្រ្តីឡើងវិញ។

TTN-Free-Banner-In-Article-PC

ចៅក្រមតុលាការធម្មនុញ្ញកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែមីនា បានសម្រេចបោះឆ្នោតប្រឆាំងក្នុងសំឡេង ៥ទល់១ ដែលបដិសេធការដកតំណែងនាយករដ្ឋមន្ត្រី Han Duck-soo។ ចំណែកចៅក្រម ២នាក់ទៀត បានបោះឆ្នោតប្រឆាំងលើសំណើដកតំណែងទាំងស្រុងតែម្តង។ 

ក្នុងចំណោមចៅក្រមទាំងប្រាំ៨រូប មាន៥រូបបាននិយាយថា ការប៉ុនប៉ងចោទប្រកាន់លោក Han មានសុពលភាព ប៉ុន្តែមិនមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីដកលោកចេញពីតំណែងនោះទេ ព្រោះលោក Han មិនបានបំពានរដ្ឋធម្មនុញ្ញ ឬច្បាប់កូរ៉េខាងត្បូង ក្នុងករណីលោកប្រធានាធិបតី យូន សុកយ៉ល ប្រកាសច្បាប់អាជ្ញាសឹក និងមិនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបះបោរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការ។ 

ចៅក្រម២រូប បានបញ្ជាក់ថា ការចោទប្រកាន់លោក Han មិនត្រឹមត្រូវតាំងពីដើមមក ព្រោះមិនមានការយល់ព្រមពីសមាជិកសភា២ភាគ៣ឡើយ។ យ៉ាងណាមិញ មានចៅក្រមម្នាក់បានគាំទ្រការចោទប្រកាន់លោក Han។ 

យ៉ាងណាក៏ដោយ ការសម្រេចរបស់ចៅក្រមនាពេលនេះ អាចឲ្យលោក Han បានតំណែងនាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទីឡើងវិញបាន។ 

ភ្លាមៗក្រោយការសម្រេចរបស់តុលាការធម្មនុញ្ញ លោក Han បានថ្លែងអំណរគុណដល់សមាជិកគណៈរដ្ឋមន្ត្រីសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ខណៈលោកត្រូវបានព្យួរការងារ។ លោកបន្តថា៖ «ខ្ញុំមានអំណរគុណចំពោះការសម្រេចចិត្តដ៏ឆ្លាតវៃដែលបានធ្វើឡើងដោយតុលាការធម្មនុញ្ញ»។ 

 

«យើងនឹងធ្វើការរួមគ្នា ដើម្បីរៀបចំ និងអនុវត្តការឆ្លើយតបចំពោះការផ្លាស់ប្តូរសកលលោក និងដើម្បីធានាថាកូរ៉េខាងត្បូងបន្តអភិវឌ្ឍយ៉ាងល្អនៅក្នុងយុគសម័យនៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ»។ លោក Han បានសង្កត់ធ្ងន់បែបនេះ។ 

លោក Han អាយុ ៧៥ឆ្នាំ បានក្លាយជាប្រធានាធិបតីស្តីទីបន្ទាប់ពីលោក យូន ត្រូវបានព្យួរតំណែង ក្រោយប្រកាសប្រើច្បាប់អាជ្ញាសឹក។ មិនដល់២សប្តាហ៍ក្រោយមក លោក Han ត្រូវបានចោទប្រកាន់ និងព្យួរពីតំណែងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីខ្វែងគំនិតគ្នាជាមួយបក្សប្រឆាំងលើសំណុំរឿងលោក យូន។ សភាបានចោទប្រកាន់លោក Han ថាជា«តួអង្គសំខាន់»នៅក្នុងការដាក់ច្បាប់អាជ្ញាសឹក ហើយដោយសារតែលោកបដិសេធមិនតែងតាំងចៅក្រម៣នាក់បន្ថែមទៀតទៅកាន់តុលាការធម្មនុញ្ញ។ 

តុលាការធម្មនុញ្ញមានចៅក្រមតែ ៦រូបនៅពេលនោះ។ បន្ទាប់មក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok បានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី និងតែងតាំងចៅក្រម ២រូបទៀតនៅក្នុងតុលាការធម្មនុញ្ញ។ 

នៅក្នុងសវនាការកាលពីថ្ងៃទី១៩ ខែកុម្ភៈ លោក Han បានបដិសេធរាល់តួនាទីដែលត្រូវបានចោទប្រកាន់នៅក្នុងការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី យូន សុកយ៉ល។ 

តុលាការធម្មនុញ្ញនៅថ្ងៃទី២៤ ខែមីនា បានវិនិច្ឆ័យថា ការខកខានរបស់លោក Han ក្នុងការតែងតាំងចៅក្រមជាអាកប្បកិរិយាមិនសមហេតុផល ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យលោកត្រូវបានដកចេញពីតំណែងនោះទេ។ តុលាការក៏រកមិនឃើញភស្តុតាងនៃតួនាទីរបស់លោក Han នៅក្នុងកិច្ចប្រជុំទាក់ទងនឹងការរៀបចំការប្រកាសច្បាប់អាជ្ញាសឹកដែរ។ចំណែកសវនាការលើកចុងក្រោយ របស់លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង អាចធ្វើឡើងក្នុងពេលឆាប់ៗ ប៉ុន្តែតុលាការ មិនទាន់បញ្ជាក់ពេលវេលាជាក់លាក់ឡើង៕ 


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង