- ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:៥៩ នាទី ព្រឹក

សៀមរាប៖ កម្ពុជាមានប្រជាជន ជាង១៧លាននាក់ ដែលក្នុងនោះអ្នកកាន់សាសនាឥស្លាមមានប្រមាណ១លាននាក់។ ក្នុង គោលនយោបាយផ្តល់ភាពសុខុដុមនីយកម្មសាសនា រដ្ឋាភិបាលបានផ្តល់សិទ្ធិ និងគោលការណ៍រដ្ឋបាលមួយចំនួនដល់ សហគមន៍មូស្លីម តួយ៉ាងដូចជាការផ្តល់នូវ សិទ្ធិសេរីភាពក្នុងការគោរពប្រណិប័តន៍ជំនឿសាសនា សិទ្ធិក្នុងការស្លៀកពាក់ សិស្សស្រីអាចស្លៀកសំលៀកបំពាក់ប្រពៃណីនៅក្នុងគ្រឹះស្ថានអប់រំ ចំណែកបុរស និងស្រ្តី ក៏អាចពាក់កន្សែងក្រមា មួក ឬកាតិប សម្រាប់ថតរូបធ្វើឯកសារសាធារណៈ និងសញ្ញាបត្រនានាបានផងដែរ។
តាមរយៈសារាចរមួយចុះកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៨ សហគមន៍អ៊ីស្លាមបានអបអរសាទរ និងរីករាយបំផុត ដែលរដ្ឋាភិបាលអនុញ្ញាតឱ្យសិស្សស្រីមានសិទ្ធិពាក់កន្សែងក្រមា និងប្រើប្រាស់សំលៀកបំពាក់ឥស្លាមចូលក្នុងថ្នាក់រៀន។ ចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនាពេលនោះ សារាចរនេះ បង្ហាញពីការផ្តល់សិទ្ធិសេរីភាពស្មើៗគ្នាចំពោះពលរដ្ឋខ្មែរគ្រប់រូប។
«ដើម្បីបង្កលក្ខណៈសម្បត្តិឱ្យសិស្ស និស្សិតជាខ្មែរឥស្លាម ពិសេសសិស្សនិស្សិតជានារីភេទនៃបងប្អូនខ្មែរឥស្លាម រាជរដ្ឋាភិបាល កម្ពុជាសូមធ្វើការណែនាំដល់គ្រឹះស្ថានសិក្សារដ្ឋ និងគ្រឹះស្ថានសិក្សាឯកជនទាំងអស់ ឱ្យផ្តល់សិទ្ធិ និងសេរីភាពដល់សិស្សានុ សិស្សខ្មែរឥស្លាមគ្រប់រូបដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ក្នុងការជ្រើសរើសសម្លៀកបំពាក់មកសិក្សា ឬ ចូលរួមក្នុងពិធីផ្សេងៗ ទៅតាមបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាក៏បាន ឬតាមប្រពៃណីខ្មែរឥស្លាមក៏បាន»។ នេះជាខ្លឹមសារស្នូលក្នុងសារាចរ។
ឈានដល់ឆ្នាំ២០១៥ រដ្ឋាភិបាលបានសម្រេចជាផ្លូវការ ដោយតម្រូវឱ្យក្រសួងមហាផ្ទៃ អនុញ្ញាតបុរសពាក់កាតឹប និងស្រ្តីឥស្លាមទទូរក្បាល ឬពាក់កន្សែងក្រមាធ្វើលិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ ឬថតរូប សម្រាប់ឯកសាររដ្ឋបាលផ្សេងៗ។ គោលការណ៍ណែនាំ រួមជាមួយចំណាររបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ គឺធ្វើតាមសំណើររបស់ គណៈដឹកនាំជាន់ខ្ពស់នៃ សាសនាឥស្លាមកម្ពុជា និងអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា។
ទោះបីមានគោលការណ៍សម្រេច និងអនុញ្ញាតលើសិទ្ធិនៃការស្លៀកពាក់ទាំងនេះយ៉ាងណាក្តី ប៉ុន្តែពេលខ្លះគេនៅតែឮពីករណីរឹតត្បិត និងពេលខ្លះបានបង្ខំមិនឱ្យស្រ្តីមូស្លីមពាក់កន្សែងក្រមានៅក្នុងគ្រឹះស្ថានអប់រំ ធ្វើអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬអំឡុងពេលបំពេញការងារជាដើម។ តួយ៉ាងករណីសិស្សវិទ្យាល័យ ហ៊ុន សែន ឈើត្រុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវគ្រូបង្រៀនណែនាំ និងប្រើពាក្យសំដីមិនសមរម្យ ទៅលើការពាក់កន្សែងក្រមារបស់ពួកគេនៅក្នុងថ្នាក់រៀន។
រឿងនេះត្រូវបានលើកមកផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុកមួយកាលពីដើមខែមីនា ហើយមានការបញ្ចេញមតិយោបល់ មិនពេញចិត្តជាច្រើនផងដែរ។ មួយថ្ងៃបន្ទាប់ពីមានការរិះគន់ច្រើន ទំព័រហ្វេសប៊ុកនោះ បានលុបវីដេអូចោល ពោលគឺបន្ទាប់ពីប្រធានមន្ទីរអប់រំខេត្ត ណែនាំដល់គណៈគ្រប់គ្រងសាលារៀន ចំណែកនាយិកាសាលាក៏ទទួលស្គាល់កំហុស របស់គ្រូបង្រៀនខាងលើ។
ក្នុងវីដេអូនោះ នាយិកាសាលាបានបញ្ជាក់ថា គ្រូបង្រៀនដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ ពិតជាប្រើពាក្យសំដីមិនល្អដល់សិស្សស្រីមូស្លីមមែន តែគ្មានបំណងរើសអើងអ្វីឡើយ។ ក្នុងនាមជាអ្នកគ្រប់គ្រងសាលា អ្នកស្រីនាយិកាបញ្ជាក់ថា ខាងសាលាមិនបានហាមឃាត់ការពាក់ក្រមាទេ និងបន្តអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួង និងប្រសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាលជានិច្ច។
ជុំវិញករណីនេះដែរ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ក្រសួង និងគណៈគ្រប់គ្រងសាលារៀនបានចូលរួមដោះស្រាយករណីនៅវិទ្យាល័យ ហ៊ុន សែនឈើត្រុំ ខេត្តពោធិ៍សាត់ និងបានបញ្ចប់រឿងហើយ។ លោកស្រីបន្ថែមថា ក្រសួងនឹងបន្តគាំទ្រ ពង្រឹងក្នុងការអនុវត្តអ្វីដែលបានដាក់ចេញ និងដោះស្រាយ បញ្ហានានាដើម្បីគាំទ្រនឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក។
ទាក់ទងនឹងការថតរូបធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនវិញ កន្លងមកក៏ធ្លាប់កើតមានករណី ដែលមន្រ្តីបដិសេដមិនឱ្យស្រ្តីមូស្លីមពាក់កន្សែងក្រមាផងដែរ។ បើឱ្យពាក់ក៏តម្រូវឱ្យទាញទៅក្រោយ ដើម្បីឱ្យឃើញត្រចៀក។ តែចំណុចនេះ បានធ្វើឱ្យលេចសក់ក្បាល ដែលខុសពីច្បាស់សាសនា ដែលតម្រូវឱ្យស្រ្តីបិទបាំងរាងកាយឱ្យជិតនៅទីសាធារណៈ លើកលែងតែមុខ និងម្រាមដៃតែប៉ុណ្ណោះ។
ករណីនេះ ធ្លាប់កើតឡើងនៅមូលដ្ឋានមួយចំនួនទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន។ លោក ស្លៃម៉ាន ហូសេន ពលរដ្ឋរស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានអះអាងថា គ្រួសាររបស់លោកធ្លាប់ទៅធ្វើអត្តសញ្ញាណ បណ្ណ ហើយមន្រ្តីតម្រូវឱ្យដោះក្រមា និងការបោះសំដីមិនសមរម្យខ្លះ ធ្វើឱ្យប៉ះពាល់អារម្មណ៍ផងដែរ ដូចជា «បើមិនចង់ដោះទេ ទៅធ្វើកន្លែងអ្នកឯងទៅ» ជាដើម។
ចំណែកអ្នកស្រី រ៉ គ្រីម៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម ក៏ធ្លាប់ជួបករណីនេះដែរ។ អ្នកស្រីលើកឡើងដូច្នេះថា៖ « ឆ្នាំមុនទៅធ្វើអត្តសញ្ញាណបណ្ណថ្មី គេឱ្យដោះក្រមា ចេះខ្ញុំប្រកែកនិយាយគ្នាឡើងយូរ ទើបគេព្រមឱ្យពាក់»។
នៅឆ្នាំ២០១៩ មន្រ្តីធ្វើលិខិតឆ្លងដែននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានបដិសេដមិនឱ្យខ្ញុំផ្ទាល់មានលទ្ធផលពាក់ក្រមាត្រឹមត្រូវ ពេលធ្វើលិខិតឆ្លងដែនថ្មីផងដែរ។ ពួកគេមិនស្ដាប់ហេតុផលដែលខ្ញុំខំពន្យល់នោះទេ ថែមទាំងអះអាងពីគោលការណ៍ថតរូបឱ្យឃើញទម្រង់មុខច្បាស់ៗទៅវិញ។ ចុងបញ្ចប់ ដោយសារតែប្រកែកមិនឈ្នះ ខ្ញុំបានត្រឹមទាញក្រមាទៅក្រោយបន្តិច ទោះបីឃើញសក់ក្បាលបន្តិច តែជាជាងមិនពាក់ក្រមាសោះ។
យ៉ាងណាក៏ដោយ នេះជាករណីតិចតួចប៉ុណ្ណោះ ដែលកើតឡើងដោយសារមន្រ្តីមួយចំនួន មិនទាន់យល់ច្បាស់ពីសារាចរ និងសេចក្តីសម្រេចអនុញ្ញាតរបស់រាជរដ្ឋាភិបាល។
រដ្ឋាភិបាលក្នុងនីតិកាលទី៧ បានបញ្ជាក់ពីគោលជំហច្រើនដង ពីការផ្តល់សិទ្ធិសេរីភាព ក្នុងការប្រណិប័តន៍ ជំនឿសាសនាឥស្លាម និងលក្ខខណ្ឌពិសេសចាប់ពីឆ្នាំ២០០៨មក។ សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» នាថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញជំហរឹងមាំ ច្បាស់លាស់ ក្នុងការផ្តល់ភាពសុខុដុមនីយកម្ម និង អ្វីដែលរាជរដ្ឋាភិបាលផ្តល់ជូនសហគមន៍ឥស្លាមនាពេលកន្លងមករាប់ទាំងការរៀបចំពិធីពិសារអាហារស្រាយបួសប្រចាំឆ្នាំចាប់ពី២០១៤មក។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំឥស្លាមទាំងជាតិ និងអន្តរជាតិរាប់រយនាក់ សម្ដេច ហ៊ុន ម៉ាណែត លើកឡើងពីការ បើកទូលាយដល់សិស្សនិស្សិតខ្មែរឥស្លាមអាចប្រើប្រាស់ឯកសណ្ឋានសាលាក៏បាន ឬប្រើប្រាស់សំលៀកបំពាក់តាមសាសនាក៏បាននៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។ បន្ថែមពីនេះ ស្រ្តីមូស្លីមអាចទទូរក្បាល ហើយបុរសអាចពាក់មួក ឬកាតិប ថតរូបសម្រាប់ប្រើប្រាស់ក្នុងឯកសាររដ្ឋបាល ដូចជាលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណ។ សម្ដេចធិបតីបន្ថែមថា៖« យើងក៏មានកន្លែងថ្វាយបង្គំតាមព្រលានយន្តហោះ មន្ទីរពេទ្យរដ្ឋ រោងចក្រ សណ្ឋាគារ និងផ្សារធំៗមួយចំនួន ជាពិសេសនៅវិមានសន្តិភាព និងទីស្តីការគណៈរដ្ឋមន្រ្តីក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ»។
ហ៊ីជាប ឬការបិទបាំងរាងកាយរបស់ស្រ្តីមូស្លីម គឺជាកាតព្វកិច្ចសំខាន់សម្រាប់ស្រ្តីអ្នកកាន់ សាសនាឥស្លាម។ កន្លងមក ការស្លៀកពាក់នេះតែងជាចំណុចវាយប្រហារ និងចំអន់លេងពីសាធារណជន ដែលក្រៅពីសាសនាឥស្លាម។ ក៏មានមតិខ្លះលើកឡើងថា ហ៊ីជាប គឺជាការបំបិទសិទ្ធិសេរីភាពរបស់ស្រ្តីទៅវិញ។
ជុំវិញការលើកឡើងនេះ លោក វ៉ាន់ ស្លៃម៉ាន គ្រូបង្រៀនផ្នែកសាសនាមួយរូបនៅខេត្តសៀមរាប បានពន្យល់ថា តាមពិតទៅឥស្លាមមានបំណងលើកតម្លៃ និងការពារស្រ្តី ទើបតម្រូវឱ្យពាក់ហ៊ីជាប។ លោកបន្ថែមថា ហ៊ីជាប ក៏ជាផ្នែកមួយនៃការការពារសម្រស់ និងបង្ហាញពីភាពថ្លៃថ្នូរ ពិសេសបង្ហាញពីអត្តសញ្ញាណស្រ្តីមូស្លីម។
សរុបមក ហ៊ីជាប ឬកន្សែងក្រមា មិនមែនជាបញ្ហា ឬឧបសគ្គរាំងស្ទះដល់ការបំពេញភារកិច្ចរបស់ស្រ្តីមូស្លីមនោះទេ។ សមត្ថភាព និងចំណេះដឹងទៅវិញទេ ដែលធាតុផ្សំសំខាន់ និងគួរបើកផ្លូវទទួលយកពួកគេ ឱ្យមានចំណែកក្នុងការងារជួយអភិវឌ្ឍន៍សង្គមជាតិ៕