អង្ករពិភពលោកធ្លាក់ថ្លៃខ្លាំង៖ អ្នកខ្លះព្រួយបារម្ភ តែប្រជាជនខ្លះសប្បាយចិត្ត
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
អង្ករពិភពលោកធ្លាក់ថ្លៃខ្លាំង៖ អ្នកខ្លះព្រួយបារម្ភ តែប្រជាជនខ្លះសប្បាយចិត្ត

ក្រោយពីឥណ្ឌាប្រកាសបើកការនាំចេញអង្ករឡើងវិញកាលពីចុងខែកញ្ញា ឆ្នាំមុន ប្រទេសមួយចំនួនដែលនាំចូលអង្ករមានការត្រេកអរ ដោយសារថ្លៃអង្ករនឹងជំរុញឲ្យមានការធ្លាក់ចុះ។ ទន្ទឹមនេះ អ្នកនាំចេញ និងកសិករដាំស្រូវហាក់មិនសូវសប្បាយចិត្ត ដ្បិតពួកគេរងការខាតបង់ពីការប្រកួតប្រជែងទីផ្សារ។

TTN-Free-Banner-In-Article-PC

អាកាសធាតុអំណោយផលកាលពីឆ្នាំមុន បានរួមចំណែកដល់ការបង្កើនស្តុកអង្ករពិភពលោក ២ឆ្នាំជាប់ៗគ្នា។ ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករលំដាប់កំពូលរបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងប្រមូលផលស្រូវបានល្អ ខណៈប្រទេសនេះបានលុបចោលការរឹតបន្តឹងលើការនាំចេញអង្ករ។ ការផ្គត់ផ្គង់អង្ករដ៏ច្រើនសន្ធឹកសន្ធាប់ បានជំរុញឱ្យតម្លៃអង្ករសរបស់ថៃ ដែលជាទីផ្សារអង្ករអាស៊ីធ្លាក់ថ្លៃដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ ២០២២ និងថយចុះ ៣០ភាគរយទាបជាងតម្លៃដែលបានកំណត់កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ 

យ៉ាងណាមិញ វាត្រូវការពេលវេលាបន្ថែមសម្រាប់កសិករដាំស្រូវ និងអ្នកនាំចេញអង្ករ  ដើម្បីទាញតម្លៃអង្ករឡើងវិញ ប៉ុន្តែវាក៏ជាដំណឹងល្អដែរសម្រាប់អ្នកប្រើប្រាស់ដែលកំពុងជួបបញ្ហាជាមួយថ្លៃរស់នៅខ្ពស់។​

អ្នកប្រើប្រាស់សប្បាយចិត្តជាមួយអង្ករធ្លាក់ថ្លៃ 

«ខ្ញុំលែងបារម្ភអំពីការចិញ្ចឹមកូនរបស់ខ្ញុំទៀតហើយ»។ លោកស្រី Yassine Toure ដែលមានសមាជិកគ្រួសារច្រើនហូបអង្ករអស់ ២៥គីឡូក្រាមក្នុងមួយសប្តាហ៍ នៅទីក្រុងដាកា ប្រទេសសេណេហ្កាល់បានលើកឡើងបែបនេះ។ 

លោកស្រីបន្តថា អង្ករដែលជាអាហារសំខាន់សម្រាប់ប្រជាជនជាងពាក់កណ្តាលនៃពិភពលោក ធ្លាប់មានតម្លៃថ្លៃខ្ពស់ ហើយពេលខ្លះយើងចាត់ទុកវាថាជាអាហារប្រណីតផង។ ស្ត្រី​វ័យ ៣២ឆ្នាំ​រូប​នេះ​បាន​ប្រាប់ Bloomberg ថា​៖ «​ឥឡូវ​នេះ ​យើង​អាច​ដក​ដង្ហើម​បាន​ធូរ​ស្រាល​ហើយ​»។

តម្លៃ​អង្ករ​ពិភពលោក​បាន​ចាប់​ផ្តើម​ឡើង​ថ្លៃ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ដោយសារ​បាតុភូតអាកាសធាតុ​ El Nino បង្កឲ្យក្តៅ និង​ស្ងួត​ បាន​បំផ្លាញ​ទិន្នផល​ដំណាំ​​ដែលអាស្រ័យ​នឹង​ទឹក។ ការធ្លាក់ចុះនៃផលិតកម្មស្រូវ បានជំរុញឱ្យឥណ្ឌាប្រកាសពីការហាមឃាត់ការនាំចេញ ដើម្បីផ្គត់ផ្គង់ការផ្គត់ផ្គង់ក្នុងស្រុកកាលពីពាក់កណ្តាលឆ្នាំ ២០២៣។ ការណ៍នេះ បានបណ្តាលឲ្យមានកង្វះខាតអង្ករពិភពលោកកាន់តែធ្ងន់ធ្ងរ។

យ៉ាងណាមិញ ភ្លៀងធ្លាក់ច្រើនកាលពីឆ្នាំមុន បានជួយជំរុញផលិតកម្មស្រូវនៅអាស៊ី ហើយបាតុភូត El Nino ត្រូវបានគេព្យាករថាមិនសូវមានការវិត្តិខ្លាំង អំឡុងរដូវខ្យល់មូសុងរបស់ឥណ្ឌាពីខែមិថុនាដល់ខែកញ្ញាឆ្នាំ ២០២៥ ។ ការព្យាករនេះ ជំរុញឱ្យមានការរំពឹងទុកថា តម្លៃអង្ករពិភពលោកនឹងបន្តធ្លាក់ចុះ។  

លោក Peter Timmer សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Harvard ដែលបានសិក្សាផ្នែកសន្តិសុខស្បៀងអស់ជាច្រើនទសវត្សរ៍បានអង្កេតឃើញថា ៖« ក្នុងនាមជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក ឥណ្ឌាចង់ទទួលបានទីផ្សារឡើងវិញដែលខ្លួនត្រូវបោះបង់ចោលក្នុងអំឡុងពេលនៃការគ្រប់គ្រងការនាំចេញអង្ករ»។

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) នៅខែមីនានេះ បានបង្កើនការព្យាកររបស់ខ្លួនសម្រាប់ផលិតកម្មស្រូវសកលនៅឆ្នាំ ២០២៤-២០២៥ បន្ថែម ៣,៦លានតោន នាំឲ្យទន្និផលអង្ករសរុបសកលមានដល់ ៥៤៣លានតោន។ កំណើននេះ ភាគច្រើនឆ្លុះបញ្ចាំងពីទស្សនវិស័យសម្រាប់ដំណាំស្រូវធំជាងគេបំផុតទីពីររបស់ពិភពលោកគឺ ឥណ្ឌា។ 

បើតាម FAO ការ​ដាំ​ស្រូវ​ប្រាំងបន្ថែម​ច្រើនពីកម្ពុជា និងមីយ៉ាន់ម៉ា ក៏​បាន​ជំរុញ​ការ​រំពឹង​ទុក​នូវ​ទិន្នផល​អង្ករ​សកលឲ្យកើនឡើងផងដែរ ។ ជាលទ្ធផល ស្តុកអង្ករពិភពលោកនៅដំណាច់ឆ្នាំ អាចកើនឡើងដល់ ២០៦លានតោន ពីប្រមាណ ២០០លានតោនក្នុងឆ្នាំ ២០២៣-២០២៤។

អ្នកដាំស្រូវ និងនាំចេញអង្ករមានការព្រួយបារម្ភ

ទន្ទឹមនឹងដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ ការស្តុកស្រូវច្រើន និងការធ្លាក់ថ្លៃដំណាំស្រូវពេលប្រមូលផល កំពុងបង្កជាបញ្ហាប្រឈមសម្រាប់កសិករស្រូវ និងប្រាក់ចំណេញរបស់ពួកគេ។ លោកស្រី Shirley Mustafa សេដ្ឋវិទូនៅ FAO បានលើកឡើងថា ប្រសិនបើតម្លៃស្រូវធ្លាក់ចុះខ្លាំង កសិករអាចដាំស្រូវតិចជាងមុនក្នុងរដូវខាងមុខ ដោយប្រថុយនឹងកង្វះការផ្គត់ផ្គង់។

តម្លៃអង្ករសបាក់ ៥ភាគរយរបស់ថៃធ្លាក់ចុះទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២២។ឯកតា៖ គិតជាដុល្លារក្នុងមួយតោន។ ប្រភព ៖ សមាគមអ្នកនាំចេញអង្ករថៃ /Bloomberg។

កាល​ពី​ខែ​មុន កសិករ​ថៃ​បាន​តវ៉ាជុំវិញតម្លៃស្រូវធ្លាក់ថ្លៃទាប និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​គាំទ្រ ​បន្ទាប់​ពី​គម្រោង​ឧបត្ថម្ភធន​ចំនួន ៥៦លាន​ដុល្លារ​មិន​បាន​បំពេញ​តាម​ការ​ទាមទារ​របស់​ពួកគេ។

ជាមួយគ្នានេះ កាលខែមករាដើមឆ្នាំនេះ ទីភ្នាក់ងារលទ្ធកម្មស្បៀងរបស់ឥណ្ឌូណេស៊ី បានបង្កើនការទិញអង្ករពីកសិករក្នុងស្រុកក្នុងតម្លៃធានាមួយជាក់លាក់។ និន្នាការនេះ ក៏បានឃើញក្នុងចំណោមប្រទេសផលិតស្រូវជាច្រើន រួមទាំងឥណ្ឌាផង ដែលមានយន្តការការពារអ្នកដាំដុះស្រូវពីការប្រែប្រួលតម្លៃ។

លោក BV Krishna Rao ប្រធានសមាគមអ្នកនាំចេញអង្កររបស់ឥណ្ឌាបានប្រាប់ Bloomberg ថា ៖« តម្លៃអង្ករទាបគឺមិនល្អសម្រាប់ប្រទេសផលិតអង្ករណាមួយដូចជាឥណ្ឌាទេ ពីព្រោះតម្លៃទាបកាត់បន្ថយផលចំណេញទាំងអ្នកនាំចេញ និងកសិករ»។

កសិករ​ថៃ​ម្នាក់ឈ្មោះ Sutharat Kaysorn បានត្អូញត្អែរពីភាពលំបាករបស់អ្នក​ផលិត​ស្រូវដែលកំពុងប្រឈម។ លោកស្រី​ថាខ្លួនបាន​បាត់បង់​លទ្ធភាព​ក្នុង​ការ​សង​បំណុល​ទាន់​ពេល​វេលា ហើយ​នឹង​មិន​អាច​ខ្ចី​កម្ចី​បន្ថែម​ទៀត ​សម្រាប់ធ្វើ​ដំណាំ​ស្រូវ​បន្តទៀតទេ។ 

លោកស្រី Kaysorn ដែលមានផ្ទៃដីស្រែប្រហែល ១០០ហិកតាក្នុងខេត្ត Sing Buri ភាគខាងជើងនៃរាជធានីបាងកកបានត្អូញត្អែរថា ៖« តម្លៃស្រូវបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់ចំណាយលើការផលិតដូចជាជី និងប្រាក់ឈ្នួលរបស់កម្មករនោះទេ»។

បើតាមលោកស្រី Mustafa អ្នកជំនាញ FAO តម្លៃលក់រាយអង្ករនៅក្នុងប្រទេសជាច្រើនត្រូវបានកំណត់ដោយកត្តាជាច្រើនដូចជា អត្រាប្តូរប្រាក់ក្នុងស្រុក ថ្លៃដឹកជញ្ជូន និងថ្លៃដើមផលិត ក៏ដូចជាឥណទានសម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការនាំចូលអង្ករពីបរទេស។

នៅបណ្តាប្រទេសដូចជា ហ្វីលីពីន អង្ករដើរតួនាទីយ៉ាងសំខាន់ដែលរាប់បញ្ចូលក្នុងកញ្ចប់សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI)។ ការណ៍នេះ បានជំរុញឲ្យអ្នកធ្វើគោលនយោបាយផ្តោតយ៉ាងសកម្មទៅថ្លៃអង្ករ ដោយសារវាជះឥទ្ធិពលលើអតិផរណារួម។ កាល​ពី​ខែ​មុន រដ្ឋាភិបាល​ហ្វីលីពីន​ត្រូវ​បង្ខំ​ចិត្ត​ ធ្វើ​អន្តរាគមន៍​ដើម្បី​ទម្លាក់​តម្លៃ​អង្ករ​​ជា​បន្តបន្ទាប់ ដោយ​ប្រកាស​អាសន្នលើ​សន្តិសុខ​ស្បៀង និង​បាន​បញ្ចេញ​ស្តុក​អង្ករ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង