- ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាចង់នាំយកជ័យជម្នះជាចាំបាច់សម្រាប់តបស្នងទៅអ្នកគាំទ្រឡើងវិញ ក្នុងជំនួបមិត្តភាពអន្តជាតិទល់អារូបា។ រីឯ លោក Marvic Bermudez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា ចាត់ទុកការប្រកួតប៉ះក្រុមគោព្រៃជារសជាតិថ្មីនៅលើទឹកដីអាស៊ីអាគ្នេយ៍។
គោព្រៃកម្ពុជា បច្ចុប្បន្នមានកម្រិតពិភពលោកលេខ ១៨០ នឹងត្រូវតទល់អារូបា កម្រិតទី ១៩៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២៥ មីនា វេលាម៉ោង ៧យប់។ ជំនួបមិត្តភាពអន្តរជាតិទល់នឹងក្រុមមកពីតំបន់ការ៉ាអ៊ីប ទ្វីបអាម៉េរិកខាងជើង ធ្វើឡើងបន្ទាប់កម្ពុជា រងបរាជ័យទល់នឹងក្រុមជើងខ្លាំងក្នុងតំបន់អាស៊ាន វៀតណាម លទ្ធផល ២-១ រួចមក។
លោក Koji Gyotoku នៅក្នុងសន្និសីទកាសែតមុនការប្រកួតចូលមកដល់ លោកបានលើកឡើង ថាក្រុមកម្ពុជាពិតជាត្រូវការឈ្នះចាំបាច់ ដើម្បីផ្តល់លទ្ធផលដ៏ល្អមួយទៅកាន់អ្នកគាំទ្រ ក្រោយពីក្រុមបានរងបរាជ័យនៅក្នុងជំនួបទល់នឹងជម្រើសជាតិវៀតណាម។ គ្រូបង្វឹកសញ្ជាតិជប៉ុន បានបន្ថែមថា កម្ពុជាចង់បង្ហាញទម្រង់លេងដ៏ល្អបំផុតមួយសម្រាប់អ្នកគាំទ្រ ក្នុងជំនួបជាមួយនឹងអារូបា បើទោះការហ្វឹកហាត់មិនគ្រប់គ្រាន់ ព្រមទាំងពេលខ្លីក្នុងការត្រៀមខ្លួនដ៏ដោយ។
ដោយឡែកគ្រូបង្វឹកអារូបា លោក Marvic Bermudez បង្ហាញក្តីរីករាយចំពោះការប្រកួតទល់នឹងកម្ពុជា ជាក្រុមស្ថិតនៅតំបន់អាស៊ាន ក្នុងទ្វីបអាស៊ី ដែលនឹងក្លាយជាការប្រកួតផ្តល់បទពិសោធន៍ថ្មីសម្រាប់ក្រុមរបស់លោក។ គ្រូបង្វឹកដដែល រំពឹងថា ការប្រកួតទល់នឹងក្រុមគោព្រៃ ជាការប្រកួតដ៏ទាក់ទាញ ព្រោះកម្រិតពិភពលោករបស់ក្រុមទាំង ២ មិនខុសគ្នាឆ្ងាយ។ លោក Bermudez ក៏សរសើរពីបរិយាកាសនៅប្រទេសកម្ពុជា ការទទួលផ្នែកបដិសណ្ឋារកិច្ច និងហេដ្ឋារចនាសម្ព័ន្ធកីឡា ក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ។
មុនពេលប៉ះកម្ពុជា ក្រុមជម្រើសជាតិអារូបា ក៏បានប្រកួតមិត្តភាពទល់នឹងក្រុមវិសាខា ស្ថិតក្នុងលីគកំពូលកម្ពុជា ដោយក្រុមបានរងបរាជ័យ នៅក្នុងលទ្ធផល ៣-១ កាលពីថ្ងៃទី២២ មីនា។
ចំពោះការលើកឡើងរបស់កីឡាករ Nickenson Paul របស់អារូបា រូបគេចាត់ទុកការប្រកួតទល់នឹងក្រុមកម្ពុជាក្រុមស្ថិតក្នុងទ្វីបដទៃ ជាការប្រកួតប្រជែងថ្មី និងជាជំនួបដ៏តានតឹងមួយ។ កីឡាករដដែល បានសរសើរកម្រិតការប្រកួតប្រជែងរបស់កីឡាករកម្ពុជា ដែលសម្បូរដោយកីឡាករល្អៗ និងជាកីឡាករអាជីព ខុសពីក្រុមខ្លួនភាគច្រើនកីឡាករមានការងារដទៃក្រៅពីអាជីពបាល់ទាត់តែមួយមុខ។
ដោយឡែកកីឡាករ កាន់ម៉ូ ខ្សែការពារកម្ពុជា ថាក្រុមអារូបានឹងបញ្ចេញអស់ពីសមត្ថភាព ព្រមទាំងបង្ហាញប្រព័ន្ធលេងមួយដ៏ល្អ ក្រោយពួកគេប្រកួតមិត្តភាពចាញ់វិសាខា។ កាន់ម៉ូ បញ្ជាក់ថាក្រុមកម្ពុជានឹងផ្តោតខ្លាំងទៅលើប្រព័ន្ធលេង ដែលបានរៀបចំទុក ដើម្បីនាំយកលទ្ធផលដល់អ្នកគាំទ្រកម្ពុជា។
ខ្សែការពារវិសាខា បន្ថែមថាការប្រកួតទល់នឹងក្រុមមកពីទ្វីបដទៃ ក៏នឹងផ្តល់ប្រយោជន៍ខ្ពស់ និងបទពិសោធន៍ថ្មីថែមទៀតដល់ជម្រើសជាតិកម្ពុជា ឱ្យបានស្គាល់និងភ្លក់រស់ជាតិពីប្រព័ន្ធលេងថ្មីពីក្រុមមកពីទ្វីបអាម៉េរិកខាងជើង៕