- ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ចង់ឱ្យប្រជាជនឥណ្ឌូណេស៊ីទាំងអស់មានគណនីធនាគារ ស្របពេលរដ្ឋាភិបាលស្វែងរកការបើកដំណើរការប្រព័ន្ធសេវារដ្ឋាភិបាលរួមបញ្ចូលគ្នាមួយដែលហៅថា «GovTec» នៅពាក់កណ្តាលខែសីហាខាងមុខ ដើម្បីផ្តល់ជំនួយសង្គម។
ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិឥណ្ឌូណេស៊ី (DEN) លោក Luhut Pandjaitan នៅថ្ងៃទី២០ ខែមីនា បានលើកឡើងថា ការកាន់កាប់គណនីធនាគាររបស់ប្រជាជននឹងដើរតួយ៉ាងសំខាន់នៅក្នុង GovTech ដោយបើកផ្លូវសម្រាប់ការផ្តល់ជំនួយសង្គមតាមគោលដៅ។ ដូច្នេះហើយ នៅខែមករា ឆ្នាំ២០២៦ ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមសាកល្បងកម្មវិធី GovTech ជាមួយនឹងការផ្តល់ជំនួយសង្គមដោយផ្ទាល់ ដើម្បីសម្រេចបានតាមគោលដៅ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានអះអាងថា លោកគ្រោងនឹងដាក់ដំណើរការកម្មវិធី GovTech នៅថ្ងៃបុណ្យឯករាជ្យគឺចំថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ អត្ថប្រយោជន៍ផ្សេងទៀតរបស់ប្រព័ន្ធ GovTech រួមមាន ការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពដោយការរួមបញ្ចូលកម្មវិធីនានាគ្រប់ភ្នាក់ងាររដ្ឋាភិបាលជាច្រើន ក៏ដូចជាកាត់បន្ថយហានិភ័យនៃអំពើពុករលួយ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងសន្សំបានរហូតដល់ ១០០ទ្រីលានរូពី (៦ពាន់លានដុល្លារ) សម្រាប់ថវិការដ្ឋ ហើយតួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងរយៈពេលវែង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post ។
កម្មវិធី GovTech នឹងអនុញ្ញាតឱ្យរដ្ឋត្រួតពិនិត្យការបង់ពន្ធរបស់បុគ្គល និងក្រុមហ៊ុននីមួយៗ។ បច្ចេកវិទ្យានេះ ក៏បានត្រួសត្រាយផ្លូវសម្រាប់វិធានការទប់ស្កាត់អ្នកជាប់ពន្ធដែលមិនអនុលោមតាមច្បាប់ពីការប្រើប្រាស់សេវាសាធារណៈមួយចំនួន ដូចជាការស្នើសុំលិខិតឆ្លងដែន ឬប័ណ្ណបើកបរជាដើម។
បន្ថែមពីនេះ GovTech នឹងរួមបញ្ចូលវេទិកាឌីជីថលជាច្រើន រួមទាំងប្រព័ន្ធពន្ធរួមបញ្ចូល Coretax ប្រព័ន្ធគ្រប់គ្រងព័ត៌មានរ៉ែ និងធ្យូងថ្ម (Simbara) រួមជាមួយនឹងសេវាកម្មសាធារណៈទាក់ទងនឹងឯកសាររដ្ឋប្បវេណីដូចជា អត្តសញ្ញាណប័ណ្ណជាតិ, ប័ណ្ណបើកបរ និងលិខិតឆ្លងដែន ព្រមទាំងសេវាកម្មសម្រាប់អាជីវកម្មរួមទាំងប្រព័ន្ធផ្តល់អាជ្ញាប័ណ្ណផង។
ប្រព័ន្ធ GovTech ត្រូវបានលើកឡើងដោយអតីតប្រធានាធិបតី ចូកូ វីដូដូ កាលពីខែឧសភាឆ្នាំ២០២៤ ជាមួយនឹងគំនិតផ្តួចផ្តើមដំបូងហៅថា «INA Digital» ដែលមានគោលបំណងរួមបញ្ចូលប្រព័ន្ធ និងទិន្នន័យនៃកម្មវិធីប្រហែល ២៧០០០កម្មវិធី ដែលដំណើរការដោយក្រសួង និងរដ្ឋាភិបាលក្នុងតំបន់៕