សម្ដេច ហ៊ុន ម៉ាណែត ឱ្យអាជ្ញាធរជួយសម្រួលដល់ការកសាងវិហារឥស្លាម និងសាលារៀន
  • ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៣៩ នាទី ល្ងាច
សម្ដេច ហ៊ុន ម៉ាណែត ឱ្យអាជ្ញាធរជួយសម្រួលដល់ការកសាងវិហារឥស្លាម និងសាលារៀន
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥។ រូបពី STPM

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរ ជួយសម្រួលដល់ការកសាងព្រះវិហារឥស្លាម និងសាលារៀនសម្រាប់សាសនិកឥស្លាម។
TTN-Free-Banner-In-Article-PC


នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន សម្ដេច ហ៊ុន ម៉ាណែត ចង្អុលបង្ហាញ ឱ្យថ្នាក់ដឹកនាំឥស្លាម និងសាសនិកឥស្លាម បន្តសហការប្រកបដោយសាមគ្គីភាព និងមានទំនាក់ទំនងល្អ ជាមួយសាសនាដទៃ ទាំងក្នុងថ្នាក់ជាតិ អន្តរជាតិ។ នាយករដ្ឋមន្ត្រី ណែនាំឱ្យថ្នាក់ដឹកនាំឥស្លាមបន្តដឹកនាំនិងរៀបចំសាសនា ក្នុងសហគមន៍ឥស្លាម តាមរយៈការសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងធម្មការ និងសាសនា រួមជាមួយសម្ថកិច្ចគ្រប់ជាន់ថ្នាក់។ 

សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖ «អាជ្ញាធរ មានសមត្ថកិច្ច ត្រូវជួយសម្រួល ដល់ការកសាងសាលារៀន វិហារឥស្លាម ម៉ាស្ជិទ និងសូរ៉ាវ ជូនបងប្អូនខ្មែរឥស្លាម…»។ 

ថ្នាក់ដឹកនាំឥស្លាម ត្រូវបង្កើតសកម្មភាពសង្គម តាមរយៈការកិច្ចការមនុស្សធម៌ សុខុមាលភាព ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍សាសនាឥស្លាម និងរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ ត្រូវបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ អន្តរជាតិ ដើម្បីកៀរគរប្រមូលថវិកា និងបច្ចេកទេស សម្រាប់គាំទ្រ ដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរ-ឥស្លាម។ 

កម្ពុជា មានប្រជាជន ជាង១៧លាននាក់ ដែលក្នុងនោះអ្នកកាន់សាសនាឥស្លាមមានប្រមាណ១លាននាក់។ ក្នុងគោលនយោបាយផ្តល់ភាពសុខុដុមនីយកម្មសាសនា រដ្ឋាភិបាលបានផ្តល់សិទ្ធិ និងគោលការណ៍រដ្ឋបាលមួយចំនួនដល់ សហគមន៍មូស្លីម តួយ៉ាងដូចជាការផ្តល់នូវ សិទ្ធិសេរីភាពក្នុងការគោរពប្រណិប័តន៍ជំនឿសាសនា សិទ្ធិក្នុងការស្លៀកពាក់ សិស្សស្រីអាចស្លៀកសំលៀកបំពាក់ប្រពៃណីនៅក្នុងគ្រឹះស្ថានអប់រំ។ ចំណែកបុរស និងស្រ្តី ក៏អាចពាក់កន្សែងក្រមា មួក ឬកាតិប សម្រាប់ថតរូបធ្វើឯកសារសាធារណៈ និងសញ្ញាបត្រនានាបានផងដែរ៕ 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី