ខ្លាក្រាប ស្វាប្រចាប់ ទា្វ៨ ក្រពើហារ ស្រងែពែន នឹងដាក់បញ្ជូលក្នុងយុទ្ធគុនចម្រុះខ្មែរបុរាណលើកទី២
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
ខ្លាក្រាប ស្វាប្រចាប់ ទា្វ៨ ក្រពើហារ ស្រងែពែន នឹងដាក់បញ្ជូលក្នុងយុទ្ធគុនចម្រុះខ្មែរបុរាណលើកទី២
ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណា លើកទី១ រូបពីក្រសួងព័ត៌មាន

ព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ​ លើកទី២ នឹងត្រូវរៀបចំឡើងនាចុងខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានការដាក់បញ្ជូលនូវប្រភេទយុទ្ធគុនចំនួន៥ប្រភេទទៀត នៅក្នុងវិញ្ញាសាសម្តែង។ បើតាម លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ច វិញ្ញាសាទាំង៥នោះ ​រួមមាន  ក្បាច់ក្រពើហារ ខ្លាក្រាប ស្វាប្រចាប់ ទ្វា៨ និងស្រងែពែន។

TTN-Free-Banner-In-Article-PC

«សព្វថ្ងៃនេះ យើងមាន៥-៦យុទ្ធគុនហើយ។ ប៉ុន្ដែនៅក្នុងពេលនេះ យើងបន្ថែម៥យុទ្ធគុនទៀត ដែលមានក្នុងយុទ្ធគុនខ្មែរបុរាណរបស់យើង។ យើង មានក្រពើហារ ខ្លាក្រាប ស្វាប្រចាប់ ទ្វា៨ និងស្រងែពេន»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ដែលក្បាច់គុនទាំងនេះ នឹងត្រូវផ្សព្វផ្សាយដោយក្លិបយុទ្ធគុនខ្មែរ ក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធយុទ្ធក្រមខម សហព័ន្ធកីឡាគុនល្បុក្កតោ និងសហព័ន្ធចំបាប់កម្ពុជា ប្រឹងប្រែងហ្វឹកហាត់ ដើម្បីជាការត្រៀមលក្ខណៈចូលរួមប្រកួត។ 

បើតាមលោក វ៉ាត់ ចំរើន គណៈកម្មការចំពោះកិច្ចនឹងរៀបចំពិធីការប្រកួតប្រជែងស្វែងរកអ្នកមានទេពកោសល្យល្អ នៅក្នុងយុទ្ធគុនទាំង៥ខាងលើ។ ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ច ក៏រៀបចំវិញ្ញាសាសម្ដែងក្បាច់គុនមួយចំនួនទៀតដូចនៅក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ ផងដែរ។

រូបពីក្រសួងព័ត៌មាន

សម្រាប់ឆ្នាំបន្ទាប់ គណៈកម្មការចំពោះកិច្ច នឹងបន្ថែមវិញ្ញាសាសម្ដែងយុទ្ធគុន ដែលបានរកឃើញ និងស្រាវជ្រាវជាបន្ដបន្ទាប់ទៀត ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនដូនតាខ្មែរ។ លោក វ៉ាត់ ចំរើន បាននិយាយយ៉ាងដូច្នេះ ៖« ឆ្នាំក្រោយ យើង នឹងបន្ថែមទៀត នូវអ្វីដែលយើងរកឃើញ រហូតរកឃើញនូវអ្វីដែលយើងមិនបានដឹងសោះ និងអ្វីដែលយើងរកឃើញអាថ៌កំបាំងរបស់យើង យកមកធ្វើអភិរក្ស និងដើម្បីអភិវឌ្ឍន៍ក្នុងក្បាច់គុនរបស់យើង លុះត្រាតែយើងធ្វើចេញជាសកម្មភាពឲ្យបានជាក់លាក់ ដើម្បីឲ្យកូនខ្មែរបានមើលឃើញផ្ទាល់នឹងភ្នែក និងចងចាំបានល្អ ពីយុទ្ធគុនដ៏មានតម្លៃ និងមានទម្រង់ខុសៗគ្នាទាំងអស់នេះ រក្សានូវទម្រង់ ដែលខុសគ្នាទាំងអស់នេះ ជាសម្បត្តិរបស់ដូនតាយើង ដែលសម្បូរបែប។»។

ព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី២ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងត្រូវធ្វើចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

រូបពីក្រសួងព័ត៌មាន


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា