- ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:២៩ នាទី ព្រឹក

ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី២៤ ខែមីនា បានប្រកាសក្រឹត្យមួយថា ប្រទេសណាដែលទិញប្រេង ឬឧស្ម័នពីវ៉េណេស៊ុយអេឡានឹងត្រូវបង់ពន្ធ ២៥ភាគរយ នៅពេលលក់ទំនិញទៅអាម៉េរិក។
ពន្ធថ្មីនឹងចូលជាធរមានចាប់ពីថ្ងៃទី២ ខែមេសា ដោយអនុវត្តក្នុងពេលដំណាលគ្នាជាមួយនឹងពន្ធដែលមានស្រាប់។ លោក ដូណាល់ ត្រាំ បាននិយាយថា វ៉េណេស៊ុយអេឡាបាននាំ«មនុស្សរាប់ម៉ឺននាក់ដែលមានអំពើហិង្សាខ្លាំង»ចូលទៅអាម៉េរិក។
ដូច្នេះ ប្រទេសដែលទិញប្រេងពីវ៉េណេស៊ុយអេឡាតាមរយៈភាគីទីបីក៏ត្រូវបង់ពន្ធដែរ។ ពន្ធនេះនឹងផុតកំណត់មួយឆ្នាំ រាប់ចាប់ពីប្រទេសនោះបានទិញប្រេងចុងក្រោយ។
បច្ចុប្បន្ន ចិនជាអ្នកទិញប្រេងធំបំផុតរបស់វ៉េណេស៊ុយអេឡា។ កាលពីខែមុន ប្រទេសនេះបាននាំចូលប្រេងឆៅ និងឥន្ធនៈចំនួន ៥០៣ពាន់បារ៉ែលក្នុងមួយថ្ងៃពីប្រទេសនៅអាម៉េរិកខាងត្បូងមួយនេះ ទាំងដោយផ្ទាល់ និងប្រយោល។ តួលេខនេះមានប្រហែល ៥៥ភាគរយនៃការនាំចេញប្រេងសរុបរបស់វ៉េណេស៊ុយអេឡា។
ឥណ្ឌា អេស្ប៉ាញ អ៊ីតាលី និងគុយបា ក៏ទិញប្រេងពីប្រទេសនេះដែរ។
លោក David Goldwyn នាយកក្រុមហ៊ុនប្រឹក្សា Goldwyn Global Strategies បាននិយាយថា វិធានការខាងលើអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា ដោយបង្ខំឱ្យប្រទេសនេះកាត់បន្ថយតម្លៃយ៉ាងខ្លាំង។ ទោះជាយ៉ាងណា គោលនយោបាយនេះបានបង្កើនតម្រូវការប្រេងរបស់រុស្ស៊ី។ លោកបានបន្តថា៖ «ចិន និងឥណ្ឌានឹងមិនប្រថុយនឹងការបង់ពន្ធនាំចូលបន្ថែមទៀតនៅពេលដែលពួកគេអាចទិញប្រេងពីរុស្ស៊ីបាននោះទេ»។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានតវ៉ាគោលនយោបាយពន្ធថ្មីរបស់អាម៉េរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៤ ខែមីនា បានលើកឡើងថា «នេះជាគោលនយោបាយខុសច្បាប់ និងអស់សង្ឃឹមដែលបង្ហាញពីការបរាជ័យនៃទណ្ឌកម្មដែលអាម៉េរិកបានដាក់លើវ៉េណេស៊ុយអេឡា»។
យ៉ាងណាមិញ រដ្ឋបាល ត្រាំ ក៏បានពន្យារពេលកំណត់សម្រាប់ក្រុមហ៊ុនប្រេងអាម៉េរិក Chevron ដើម្បីដកខ្លួនចេញពីប្រទេសនៅអាម៉េរិកខាងត្បូងមួយនេះ។ នៅដើមខែមីនា ក្រសួងរតនាគារអាម៉េរិកបានទុកពេលឱ្យក្រុមហ៊ុន Chevron ៣០ថ្ងៃ ដើម្បីបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅទីនោះ។
លោក ត្រាំ បាននិយាយថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ មិនបានខិតខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់ការបោះឆ្នោត និងទទួលយកជនចំណាកស្រុកដែលអាម៉េរិកនិរទេសចេញនោះទេ។
ថ្ងៃផុតកំណត់ថ្មីសម្រាប់ក្រុមហ៊ុន Chevron គឺថ្ងៃទី២៧ ខែឧសភា។ ក្រសួងរតនាគារអាម៉េរិក បន្ទាប់មកបានបញ្ឈប់អាជ្ញាប័ណ្ណដែលខ្លួនបានផ្តល់ឱ្យក្រុមហ៊ុនក្នុងឆ្នាំ ២០២២។ អាជ្ញាប័ណ្ណនេះ អនុញ្ញាតឱ្យពួកគេធ្វើប្រតិបត្តិការនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និងនាំចេញប្រេងទៅកាន់អាម៉េរិក។
វ៉េណេស៊ុយអេឡា គឺជាអ្នកផ្គត់ផ្គង់ប្រេងបរទេសកំពូលមួយទៅកាន់អាម៉េរិកកាលពីឆ្នាំមុន ។ នេះបើយោងតាមសារព័ត៌មាន CNN ស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្មអាម៉េរិក។ ក្នងនោះ អាម៉េរិកបានទិញប្រេង និងឧស្ម័នចំនួន ៥,៦ពាន់លានដុល្លារពីទីនោះក្នុងឆ្នាំ ២០២៤។ វាបានកើតឡើងបន្ទាប់ពីរដ្ឋបាលប្រធានាធិបតីលោក ចូ បៃឌិន បានដកទណ្ឌកម្មមួយរយៈខ្លីលើប្រេងវ៉េណេស៊ុយអេឡាក្នុងឆ្នាំ ២០២៣។ ប៉ុន្តែក្រោយមក ពួកគេត្រូវបានបញ្ចូលទណ្ឌកម្មឡើងវិញក្នុងខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីរដ្ឋបាលលោក បៃឌិន បានចោទប្រកាន់មេដឹកនាំប្រទេសគឺលោក នីកូឡាស ម៉ាឌូរ៉ូ ថាមិនបានរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
នៅក្នុងឆ្នាំ២០១៩ នៅអាណត្តិទីមួយ លោក ត្រាំ បានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ដោយគិតចាប់ពីបង្កកទ្រព្យសម្បត្តិនៅអាម៉េរិក រហូតដល់ហាមឃាត់ទូទាត់ប្រាក់ជាមួយប្រទេសមួយនេះថែមទៀត។ ចំណាត់ការកាលនោះ គឺធ្វើឡើងដើម្បីជំរុញឱ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង។
តម្លៃប្រេងឆៅពិភពលោកបានហក់ឡើងជាង ១ភាគរយបន្ទាប់ពីព័ត៌មាននេះ។ ប្រេងឆៅ Brent បានបន្ថែមតម្លៃ ១,២ភាគរយដល់ ៧៣ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាម៉េរិក WTI ក៏បានកើនឡើង ១,២ភាគរយដល់ ៦៩,១ដុល្លារ។ នេះបើតាមសារព័ត៌មាន Reuters ៕