ខ្យង«ឧទយាទិត្យ» ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក ត្រូវបានរកឃើញក្នុងខេត្តបាត់ដំបង
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៥៩ នាទី រសៀល
ខ្យង«ឧទយាទិត្យ» ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក ត្រូវបានរកឃើញក្នុងខេត្តបាត់ដំបង

ខ្យងឧទយាទិត្យ (Clostophis udayaditinus) គឺជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក ដែលត្រូវរកឃើញនៅភ្នំបាណន់ ខេត្តបាត់ដំបង​។  ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការរកឃើញវត្តមានខ្យងគោកនេះ គឺមានសារសំខាន់សម្រាប់ការអភិរក្ស ព្រោះវាជាកំណត់ត្រាដំបូងនៃពួកខ្យង Clostophis នៅកម្ពុជា ដែលបង្ហាញពីលក្ខណ: ពិសេសនៃលក្ខខណ្ឌភូមិសាស្រ្ត និងប្រព័ន្ធអេកូឡូស៊ីនៃតំបន់ថ្មកំបោរកម្ពុជា។

TTN-Free-Banner-In-Article-PC

ការរកឃើញវត្តមានខ្យងគោកនេះ ធ្វើឡើងក្រោមកិច្ចស្រាវជ្រាវ រវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Chulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaen និងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming កាលពីឆ្នាំ ២០២៤។  តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ របស់កម្ពុជា ត្រូវគេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥។ ក្នុងនោះ ក៏មិនទាន់មានពួក “Clostophis” នេះដែរ។

« ដូចនេះ ការសិក្សារបស់យើងក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់កម្ពុជាផងដែរ»។  នេះជាការអះអាងរបស់ក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា​ ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ) ហើយខ្យងឧទយាទិត្យ Clostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរកឃើញនៅក្នុងឆ្នាំ២០២៤នៅកម្ពុជា។ 

តំបន់ទេសភាពភ្នំថ្មកំបោរនៅកម្ពុជាសម្បូរទៅដោយប្រភេទសត្វដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic) ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែមីនា បានបញ្ជាក់ថា ៖ «  ការរកឃើញនេះមានសារសំខាន់។ ពីព្រោះ វាជាកំណត់ត្រាដំបូងនៃពួកខ្យង Clostophis នៅកម្ពុជា បានបង្ហាញពីលក្ខណ: ពិសេសនៃលក្ខខណ្ឌភូមិសាស្រ្ត និងប្រពន្ធអេកូឡូស៊ីនៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារសំខាន់សម្រាប់ការអភិរក្ស»។ 

បើតាមក្រសួងបរិស្ថាន​ ខ្យងគោកត្រូវបានគេដាក់ឈ្មោះ«ឧទយាទិត្យ»បែបនេះឡើង គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេ បានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់៕ 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ