ចិន ច្រានចោលព័ត៌មានលោក ឌូទើតេ សុំសិទ្ធជ្រកកោន មុនពេលចាប់ខ្លួន
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
ចិន ច្រានចោលព័ត៌មានលោក ឌូទើតេ សុំសិទ្ធជ្រកកោន មុនពេលចាប់ខ្លួន
លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន ។ រូបភាព ៖ fmprc

ចិន នៅថ្ងៃទី១៤ ខែមីនា បានបដិសេធព័ត៌មានថា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្កោ ឌូទើតេ បានស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេស ក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចាប់ខ្លួន។ បើតាមក្រសួងការបរទេសចិន ខ្លួនមិនធ្លាប់ទទួលសំណើបែបនេះឡើយ។

TTN-Free-Banner-In-Article-PC

ការ​លើក​ឡើង​ខាង​លើ​ ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Guo Jiakun ថ្លែងក្នុង​សន្និសីទ​កាសែត​ជាប្រចាំ​នា​រសៀល​ថ្ងៃទី២៤ ខែមីនា។ លោក Guo បញ្ជាក់ថា ដំណើររបស់លោក ឌូទើតេ ទៅកាន់ទីក្រុងហុងកុងនៅពេលកន្លងមក គឺជាវិស្សមកាលផ្ទាល់ខ្លួន។ 

«ភាគីចិនមិនដែលបានទទួលពាក្យស្នើសុំសិទ្ធិជ្រកកោនដែលផ្ញើទៅរដ្ឋាភិបាលចិនពីអតីតប្រធានាធិបតី រ៉ូឌ្រីហ្កោ ឌូទើតេ ឬក្រុមគ្រួសាររបស់លោកនោះទេ»។ លោក Guo Jiakun សង្កត់ធ្ងន់បែបនេះ។ 

បើតាមអ្នកនាំពាក្យរូបនេះ ការិយាល័យក្រសួងការបរទេសចិនហុងកុងបានឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក ឌូទើតេ ហើយហ្វីលីពីនក៏បានចេញសេចក្តីថ្លែងការណ៍មួយព្រមានប្រព័ន្ធផ្សព្វផ្សាយឱ្យមានការប្រុងប្រយ័ត្ន ចំពោះព័ត៌មានដែលអះអាងមកពីប្រភពដែលអាចគ្មានមូលដ្ឋាន ឬមានចេតនាទុច្ចរិត។ 

កាលពីថ្ងៃទី១១ ខែមីនា អតីតប្រធានាធិបតី ឌូទើតេ ត្រូវបានចាប់ខ្លួននៅពេលលោកទៅដល់អាកាសយានដ្ឋានអន្តរជាតិម៉ានីល បន្ទាប់ពីត្រឡប់ពីហុងកុងវិញ។ បើតាមការរិយាល័យប្រធានាធិបតីហ្វីលីពីន ប៉ូលិសរបស់ប្រទេសនេះបានអនុវត្តដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងលោក ឌូទើតេ ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោកពេលកំពុងកាន់តំណែង។ 

ថ្លែងពីទីក្រុងហុងកុងកាលពីថ្ងៃទី១០ ខែមីនា លោក ឌូទើតេ បានប្រកាសពីការត្រៀមខ្លួនក្នុងការអនុវត្តតាម ប្រសិនបើ ICC ចេញដីកាចាប់ខ្លួន។ លោក​ក៏​បានអះអាងការពារខ្លួន​ម្តង​ហើយ​ម្តង​ទៀត ​ចំពោះ​ការ​បង្រ្កាប​គ្រឿងញៀន​ដោយ​បដិសេធ​ថា ​មិនបាន​បញ្ជា​ឱ្យ​ប៉ូលិស​សម្លាប់​ជនសង្ស័យ​គ្រឿង​ញៀន​ទេ លុះ​ត្រា​តែក្នុងករណី​ការពារ​ខ្លួន។ លោក ឌូទើតេ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលមួយក្នុងទីក្រុងឡាអេ ដោយរង់ចាំសវនាការដើម្បីបញ្ជាក់ការចោទប្រកាន់នៅថ្ងៃទី ២៣ ខែកញ្ញា៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង