ឥណ្ឌូណេស៊ី ជឿជាក់យកបាន៣ពិន្ទុពីបារ៉ែន ដើម្បីរក្សាក្តីសង្ឃឹមទៅ World Cup 2026
  • ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:២៩ នាទី ល្ងាច
ឥណ្ឌូណេស៊ី ជឿជាក់យកបាន៣ពិន្ទុពីបារ៉ែន ដើម្បីរក្សាក្តីសង្ឃឹមទៅ World Cup 2026

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ត្រៀមទទួលក្រុមបារ៉ែន ក្នុងការប្រកួតទី៨ ពូល C ក្នុងជុំទី៣ នៃការប្រកួតជម្រុះតំបន់អាស៊ី FIFA World Cup 2026។ ក្រុមលោក Patrick Kluivert នៅតែមានកម្លាំងចិត្តខ្ពស់ក្នុងការដណ្តើមយក៣ពិន្ទុ បើទោះរងបរាជ័យធ្ងន់ធ្ងរក្រោមថ្វីជើងអូស្ត្រាលីហើយក៏ដោយ។

TTN-Free-Banner-In-Article-PC

មុនបន្តជួបបារ៉ែននៅកីឡដ្ឋាន Gelora Bung Karno នៅទីក្រុងហ្សាការតា ថ្ងៃទី២៥ ខែមីនា វេលាម៉ោង ៧ និង ៤៥នាទី [ម៉ោងនៅកម្ពុជា] ឥណ្ឌូណេស៊ី បានចាញ់អូស្ត្រាលីដល់ទៅ ៥-១ ដែលជាបរាជ័យលើសលុបបំផុតក្នុងចំណោមការប្រកួត៧លើកក្នុងពូលរបស់ពួកគេ ក្រោមការដឹកនាំដំបូងរបស់លោក Kluivert។ 

យ៉ាងណាក៏ដោយ ដោយសារការប្រកួតនៅចំពោះមុខអ្នកគាំទ្រក្នុងផ្ទះរបស់ខ្លួន សមាជិកកីឡាកររបស់ឥណ្ឌូណេស៊ី ជាពិសេសប្រធានក្រុម Jay Idzes បានបង្ហាញភាពជឿជាក់ក្នុងការដណ្តើមយក៣ពិន្ទុពីបារ៉ែន ដើម្បីរក្សាក្តីសង្ឃឹមទៅការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលរៀបចំនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក។ កាលពីជើងទី១ បារ៉ែន និងឥណ្ឌូណេស៊ី ស្មើគ្នា ២-២។

ជំនួបនេះ ក៏ជាការតេស្តសមត្ថភាពដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់លោក លោក Kluivert បន្ទាប់ពីជំនួបដំបូងបរាជ័យធ្ងន់ធ្ងរ។

ឥណ្ឌូណេស៊ី ស្ថិតនៅចំណាត់ថ្នាក់ទី៤ក្នុងពូល C ដោយរកបាន៦ពិន្ទុ ស្មើបារ៉ែន នៅលេខ៥​ និងចិន បាតតារាង។ អូស្ត្រាលី នៅលេខ២ មាន១០ពិន្ទុ និងអារ៉ាប៊ីសាអូឌីតមាន៩ពិន្ទុ ឈរលេខ៣។

សម្រាប់ជំនួបសន្សំពិន្ទុលើកទី៨ ក្នុងពូល C នេះ អូស្ត្រាលី ត្រូវបន្តជួបចិន ស្របពេល អារ៉ាប៊ីសាអូឌីត តទល់ជប៉ុន ដែលបានកៅអីស្វ័យប្រវត្តិទៅ World Cup 2026។ ក្រុមដែលបញ្ចប់ចំណាត់ថ្នាក់លេខ១ និងលេខ២ បានកៅអីស្វ័យប្រវត្តិ ខណៈលេខ៣ និងលេខ៤ បានកៅអីវគ្គជម្រុះជុំទី៤ និងលេខ៥ និងបាតតារាង ហាលអាវ។ ក្រុមទាំង៦ មានការប្រកួត ១០លើករៀងខ្លួន៕


អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​