- ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

ជំនួបរវាងមន្រ្តីអាម៉េរិក និងរុស្ស៊ី បានប្រើពេលរហូតដល់ទៅ១២ម៉ោង ក្នុងថ្ងៃទី២៤ ខែមីនា ដើម្បីជជែកពីបទឈប់បាញ់នៅសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិជាថ្មី។ សេចក្តីថ្លែងការណ៍រួមនៃជំនួបមួយនេះ អាចចេញនៅថ្ងៃទី២៥ ខែមីនា។
បន្ទាប់ពីកិច្ចចរចាជាមួយមន្រ្តីអ៊ុយក្រែន មន្រ្តីអាម៉េរិក បានបន្តជួបជាមួយមន្រ្តីរុស្ស៊ីលើលើទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃទី២៤ ខែមីនា។ ក្នុងជំនួបនេះ មន្រ្តីអាម៉េរិក និងរុស្ស៊ី បានចរចារហូតដល់ ១២ម៉ោង ដោយប្រធានបទកិច្ចចរចាបទឈប់បាញ់លើសមុទ្រខ្មៅជារឿងសំខាន់។
«ប្រធានបទនៃគំនិតផ្តួចផ្តើមសមុទ្រខ្មៅ និងប្រធានបទផ្សេងៗពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះ ជាប្រធានបទដ៏សំខាន់»។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៤ ខែមីនា ដោយបន្ថែមថា ប្រធានបទមួយនេះ ជាអ្វីដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានឯកភាព។
ប្រសិនបើបទឈប់បាញ់លើសមុទ្រខ្មៅអាចសម្រេចទៅបាន អ៊ុយក្រែនអាចនឹងគ្រាប់ធញ្ញជាតិជាថ្មីដូចគំនិតផ្តួចផ្តើមសមុទ្រខ្មៅនៅក្នុងឆ្នាំ២០២២ ដែលសម្របសម្រួលដោយតួកគី និងអង្គការការសហប្រជាជាតិ។
កាលនោះ គំនិតផ្តួចផ្តើមមួយនេះ ត្រូវបានអនុវត្តបានមួយរយៈពេលប៉ុណ្ណោះ ប៉ុន្តែក្រោយមក ត្រូវបានរុស្ស៊ីហែកចោល ក្រោមហេតុផលប្រទេសលោកខាងលិច មិនបន្ធូរបន្ថយទណ្ឌកម្មលើផលិតផលកសិកម្ម និងជីរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រៅពីប្រធានបទសមុទ្រខ្មៅ មន្រ្តីអាម៉េរិក និងរុស្ស៊ី ក៏បានជជែកលើប្រធានបទផ្សេងទៀតផងដែរដូចជា ហេដ្ឋារចនាសម្ព័ន្ធថាមពល, រោងចក្រថាមពលនុយក្លេអ៊ែរ, ការដោះដូរអ្នកទោស, សមាជិកអង្គការណាតូ, សន្តិសុខអ៊ុយក្រែនក្រោយសង្រ្គាម, ទណ្ឌកម្មប្រទេសលោកខាងលិច និងការបោះឆ្នោត, ធនធានរ៉ែអ៊ុយក្រែន និងការគ្រប់គ្រងដែនដីអ៊ុយក្រែនរបស់រុស្ស៊ីជាដើម។
មុនពេលបញ្ចេញសេចក្តីថ្លែងការណ៍រួមលើជំនួបរយៈពេល ១២ម៉ោង លោក Steve Witkoff ប្រេសិតអាម៉េរិកលើតំបន់មជ្ឈិមប៉ូព៌ា និងធ្លាប់បំពេញទស្សនកិច្ចនៅក្រុងមូស្គូ បានបង្ហាញសុទិដ្ឋិនិយមថា រាល់កិច្ចព្រមព្រៀងដែលមាននៅទឹកដីអារ៉ាប៊ីសាអូឌីត គឺជាផ្នែកមួយនៃវិធានការឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ពេញលេញ។
យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រេមឡាំង បានទទួលស្គាល់ថា កិច្ចចរចានៅទឹកដីអារ៉ាប៊ីសាអូឌីតនេះ គ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ហើយវានៅមានចំណុចពិបាកៗ និងការខ្វែងគំនិតគ្នាជាច្រើនទៀត នៅពេលខាងមុខ។
កន្លងមក អ៊ុយក្រែន និងអាម៉េរិក បានឯកភាពលើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ លើដែនអាកាស និងដែនដី ប៉ុន្តែសំណើបែបនេះ ត្រូវបានលោក ពូទីន បដិសេធ។ ក្រោយការជំទាស់របស់លោក ពូទីន អាម៉េរិក និងភាគីសង្រ្គាម បានផ្តោតលើការចរចានៅសមុទ្រខ្មៅ និងហេដ្ឋារចនាសម្ព័ន្ធថាមពលវិញ។
សូមបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន និងរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ សមុទ្រខ្មៅ បានក្លាយជាតំបន់ដែលសម្បូរមីនលើទឹកយ៉ាងខ្លាំង ដែលវាប៉ះពាល់ដល់ការធ្វើនាវាចរណ៍ និងតំបន់តាមឆ្នេរ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
