- ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

សៀមរាប៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណងបន្តមកកាន់កម្ពុជាជាង ១៧,៦លានដុល្លារអាម៉េរិក សម្រាប់អភិវឌ្ឍន៍លើគម្រោងធំៗពីរនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រទេសកម្ពុជា។
ភាគីកម្ពុជា និងជប៉ុន បានសម្រេចចុះហត្ថលេខាលិខិតប្ដូរសារ ពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ធ្វើឡើងនៅកម្ពុជា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។ ជាជំនួបនោះធ្វើឡើងក្រោមវត្តមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងចំណោមហិរញ្ញប្បទានសរុប១៧,៦លានដុល្លារអាម៉េរិក ក្នុងនោះទឹកប្រាក់ ១៣,៣លានដុល្លារអាម៉េរិក សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក។ ចំណែកទឹកប្រាក់ ៤,៣២លានដុល្លារអាម៉េរិកទៀត សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេសកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានសរសេរបញ្ជាក់ជុំវិញហិរញ្ញប្បទានជប៉ុនមកកាន់កម្ពុជាដូច្នេះ៖ «ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើនេះបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម នៅកម្ពុជា»៕