- ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី យប់

ដោយ៖ម៉ម ពិសី/ RFI ខេមរភាសា
អង្គការសហប្រជាជាតិទទួលបន្ទុកជំងឺស៊ីដា ឬជំងឺអេដស៍ បានថ្លែងការបារម្ភ ថាជំងឺអេដស៍អាចនឹងរីករាលដាលឆ្លងច្រើនឡើងវិញ នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចឈប់ជួយជាថវិកា ក្នុងការប្រយុទ្ធប្រឆាំង។ អង្គការសហប្រជាជាតិ សូមអំពាវនាវឲ្យរដ្ឋបាលលោកត្រាំ ពិចារណាផ្តល់កញ្ចប់ថវិកាឡើងវិញ ដើម្បីជួយដល់កម្មវិធីតាមដាន ពិនិត្យឈាម និងបង្ការការពារការឆ្លងមេរោគជម្ងឺអេដស៍ នៅតាមប្រទេសក្រីក្រ។
នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងហ្សឺណែវ ថ្ងៃទី២៤មីនា លោកស្រី Winnie Byanyima នាយកកម្មវិធីជំងឺស៊ីដានៃអង្គការសហប្រជាជាតិ បានបញ្ជាក់ឲ្យដឹងថា ដោយសារតែសហរដ្ឋអាមេរិកបានសម្រេចផ្តាច់ជំនួយថវិកា បច្ចុប្បន្ននេះប្រទេសអាហ្វ្រិកយ៉ាងហោច២៧ប្រទេស កំពុងតែជួបបញ្ហាគ្មានបុគ្គលិកធ្វើការ នៅក្នុងកម្មវិធីប្រយុទ្ធប្រឆាំងការឆ្លងជំងឺអេដស៍។ អង្គការ មណ្ឌលសុខភាព ឬក្លីនិករាប់ពាន់ បានបង្ខំចិត្តបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់ភ្លាមៗ ដោយសារតែលែងមានថវិកា។ បញ្ហាកង្វះថវិកាចំណាយ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់គម្រោងការងារ ទាក់ទិននឹងការតាមដានរកមេរោគ ការបង្ការការឆ្លង និងការថែទាំសុខភាពអ្នកផ្ទុកមេរោគអេដស៍ជាដើម។
លោកស្រីបានបន្ថែមថា ដោយសារតែប្រព័ន្ធតាមដាន បានដួលរលំ ដូច្នេះក្នុងពេលអនាគត គឺមេរោគជំងឺអេដស៍អាចនឹងឆ្លងរាលដាលខ្លាំង មិនថាតែតាមប្រទេសក្រីក្រនៅអាហ្វ្រិកនោះទេ គឺនៅតាមប្រទេសចំណូលមធ្យមក៏ប្រឈមដែរ ដូចជានៅអឺរ៉ុបខាងកើត និងអាមេរិកឡាទីនជាដើម។ តាមការរំពឹងទុក គឺអាចនឹងមានករណីឆ្លងមេរោគអេដស៍ថ្មីបន្ថែម ចំនួន២០០០ករណីជារៀងរាល់ថ្ងៃ។ លោកស្រីបានថ្លែងការបារម្ភថា នឹងអាចមានមនុស្សស្លាប់ច្រើននាក់ ដោយសារជំងឺអេដស៍ ដូចកាលពីជំនាន់ឆ្នាំ១៩៩០ប្លាយ។ លោកស្រីអគ្គនាយកម្មវិធីជំងឺស៊ីដានៃអង្គការសហប្រជាជាតិ បានអំពាវនាវដោយចំពោះ ទៅកាន់លោកដូណាល់ ត្រាំ ឲ្យពិចារណាផ្តល់ថវិកាឡើងវិញ ព្រោះថាយុទ្ធនាការបង្ការជំងឺអេដស៍នៅទូទាំងពិភពលោក ថ្វីបើចំណាយប្រាក់មែន តែវាផ្តល់អត្ថប្រយោជន៍ច្រើនខ្លាំងណាស់ មកលើមនុស្សជាតិ។
សូមរំលឹកថា រដ្ឋបាលលោកដូណាល់ ត្រាំ បានសម្រេចផ្អាកការផ្តល់ចំនួយថវិកា រយៈពេលច្រើនខែ នៃកម្មវិធីជំនួយក្រៅប្រទេសសហរដ្ឋអាមេរិក។ បញ្ហានេះ បានបង្កឲ្យមានការភ័យជ្រួលច្របល់ជាខ្លាំង ដល់បណ្តាអង្គការសមាគមនាៗ ដែលធ្វើការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍។ ៥០%នៃថវិការចំណាយរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកជំងឺស៊ីដា គឺបានមកពីសហរដ្ឋអាមេរិក។ គិតត្រឹមពេលនេះ មិនទាន់មានប្រទេសណាមួយចេញមុខ ផ្តល់ប្រាក់នេះជំនួសសហរដ្ឋអាមេរិកទេ។
លោកស្រី Winnie Byanyima លើកឡើងថា លោកស្រីយល់ ថាវាជារឿងសមហេតុផល ដែលសហរដ្ឋអាមេរិកចង់កាត់បន្ថយការចំណាយរបស់ខ្លួន ក៏ប៉ុន្តែគួរតែធ្វើដោយសន្សឹមៗ ក្នុងរយៈពេលយូរ មិនគួរសម្រេចផ្តាច់ថវិកាភ្លាមៗយ៉ាងលឿនរហ័សបែបនេះទេ។ ការផ្តាច់ដោយទាន់ហន់បែបនេះ វាបានចោទជាបញ្ហាធំ មកលើសកម្មភាពការងារ របស់អង្គការសហប្រជាជាតិនិងអង្គការក្រៅរដ្ឋាភិបាល។ បញ្ហានេះ បានប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ ជាពិសេសនៅតាមប្រទេសក្រីក្រនៅអាហ្វ្រិក នៅអាស៊ី និងអាមេរិកឡាទីន។
ផ្អែកតាមមន្ត្រីអង្គការសហប្រជាជាតិរូបនេះ ប្រសិនបើស្ថានការណ៍នេះនៅតែបន្ត ក្នុងរវាង៤ឆ្នាំទៅមុខ អាចនឹងមានមនុស្សស្លាប់ ចំនួន៦លាន៣សែននាក់បន្ថែមទៀត ដោយសារតែជំងឺអេដស៍។ ពោលគឺ ១០ដង លើសឆ្នាំ២០២៣ ដែលមានអ្នកស្លាប់ប្រមាណ៦សែននាក់។ លោកស្រី Winnie Byanyima ព្រួយថា ការប្រឹងប្រែងរយៈពេល២៥ឆ្នាំកន្លងមកនេះ នឹងត្រូវរលាយសាបសូន្យគួរឲ្យសោកស្តាយបំផុត៕