- ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:១៩ នាទី ល្ងាច

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិអះអាងថា បានឃាត់ខ្លួនជនជាតិថៃ៦៣នាក់ ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះ សមត្ថកិច្ច បានរកឃើញមេក្លោងចំនួន៧នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ២៥មីនា។
គណៈបញ្ជាការដឹកនាំស្រាវស្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានចុះបង្ក្រាបទីតាំង២កន្លែង ដែលលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ នៅក្រុងប៉ោយប៉ែត។ ករណីនេះ សមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី២២មីនា បន្ទាប់ពីបានស៊ើបអង្កេតស្រាវជ្រាវ និងឃ្លាំមើលទីតាំងខាងលើអស់រយៈពេលមួយរយៈ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ជនជាតិថៃ៦៣នាក់ ក្នុងនោះ មានកុមារ២នាក់។ ចំណែក សម្ភាររកឃើញ កុំព្យូរទ័រចំនួន៣៣គ្រឿង និងទូរស័ព្ទ៦៥គ្រឿង សម្រាប់ប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់។ ក្រៅពីនេះ មានអត្តសញ្ញាណប័ណ្ណថៃចំនួន ៦៥ច្បាប់ និងលិខិតឆ្លងដែនចំនួន២ច្បាប់។
សមត្ថកិច្ចកម្ពុជា បានអះអាងយ៉ាងដូច្នេះ៖ «តាមរយៈទិន្នន័យដែលប្រមូលបាន និងវត្ថុតាង សមត្ថកិច្ចកំណត់ថា ក្រុមនេះ កំពុងត្រៀមរៀបចំ ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាសកម្មភាពឆបោកទៅប្រទេសដទៃទៀត»។
ក្នុងចំណោមជនជាតិថៃ៦៣នាក់ខាងលើ សមត្ថកិច្ចរកឃើញថា មាន១០នាក់ ស្ម័គ្រចិត្តប្រព្រឹត្តបទល្មើសតាមអនឡាញដោយខុសច្បាប់។ រីឯ ៤៦នាក់ទៀត រស់នៅក្នុងស្ថានភាពបិទសេរីភាព មិនឱ្យចេញទៅណា។
សមត្ថកិច្ច ក៏កំណត់បានមេក្លោងចំនួន៧នាក់ដែរ ក្នុងចំណោម៦៣នាក់ខាងលើ។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលថៃ ដើម្បីសម្របសម្រួលរៀបចំបណ្ដេញពីកម្ពុជា ចំនួន៥៦នាក់។ ចំណែក ៧នាក់ ដែលជាមេក្លោងនោះ ប៉ូលិសកម្ពុជា នឹងបន្តនីតិវិធី ដោះស្រាយ និងស្រាវជ្រាវ បន្ថែម នៅខេត្តបន្ទាយមានជ័យ៕