កម្ពុជា ជួយទីម័រ ក្នុងការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដើម្បីពង្រឹងសេវាសាធារណៈ
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
កម្ពុជា ជួយទីម័រ ក្នុងការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដើម្បីពង្រឹងសេវាសាធារណៈ
រូបភាព៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងជួយក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ ក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl។ ការណ៍នេះ គឺដើម្បីបង្កើន​ប្រសិទ្ធភាព នៃ​ការផ្តល់​ និងគ្រប់គ្រងសេវាសាធារណៈរបស់ប្រទេសទីម័រ​​ តាមរយៈការធ្វើការបដិវត្តន៍កម្មឌីជីថល។

TTN-Free-Banner-In-Article-PC

លោក​ កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំមន្រ្តីជំនាញចូលរួមសន្និបាតអន្តរជាតិ ស្តីពី ការទាញយកផលប្រយោជន៍ពីបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងសេវាសាធារណៈ៖ ការជំរុញតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល “Hamessing Digital Transformation to Strengthen Public Services: Advancing Transparency, Efficiency, and Effectiveness”  នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ពីថ្ងៃទី១៨-២២ ខែមីនា ឆ្នាំ២០២៥។  ក្នុងសន្និបាតនោះ គណៈប្រតិភូកម្ពុជា បានធ្វើបទបង្ហាញអំពីដំណើរបរិវត្តកម្មឌីជីថល នៅកម្ពុជា និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh នៅចំពោះមុខវាគ្មិនមកពីបណ្តាប្រទេស មួយចំនួន។  រួមមាន អូស្ត្រាលី ឥណ្ឌូណេស៊ី វៀតណាម និងដៃគូតំបន់ជាច្រើនទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍។

ក្នុងឱកាសនោះ  អ្នកជំនាញបច្ចេកទេសនៃក្រសួងប្រៃសណីយ៍, ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ និងភាគីពាក់ព័ន្ធ បានពិភាក្សានិងសិក្សាលម្អិតអំពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl។ បន្ទាប់ពីពិភាក្សាលម្អិតនិងវាយតម្លៃអំពីតម្រូវការនៃការងាររបស់សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេរួចមក ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ សម្រេចដាក់ឱ្យប្រើថ្នាល verify.gov.tl ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរ និងវិញ្ញាបនបត្របញ្ជាក់ការ ចុះបញ្ជីយានជំនិះដែលចេញដោយក្រសួងដឹកជញ្ជូននិងសារគមនាគមន៍។ 

ជាមួយគ្នានេះ ក្រសួងដឹកជញ្ជូននិង សារគមនាគមន៍ ក៏កំពុងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សិក្សាបន្ថែមអំពីការដាក់ឱ្យប្រើថ្នាល verify.gov.tl ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ ដែលចេញដោយក្រសួងអប់រំ និង សញ្ញាបត្រឧត្តមសិក្សា ដែលចេញដោយក្រសួងអប់រំកម្រិតឧត្តមសិក្សា និងវិទ្យាសាស្ត្រនៃសាធារណរដ្ឋប្រជាធិតេយ្យ ទីម័រឡេស្តេ។ 

ការដាក់ឱ្យប្រើថ្នាលនេះ នឹងត្រូវយកលំនាំតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh  បានរៀបចំដោយមន្ត្រីជំនាញរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។​

ថ្នាល verify.gov.kh ត្រូវបានជ្រើសរើសជាគំរូមួយ ក្នុងចំណោមថ្នាលឌីជីថលនៅទូទាំងពិភពលោក។ ថ្នាលនេះ ត្រូវបានស្ថាប័នអន្តរជាតិមួយចំនួន រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធនាគារពិភពលោក (World Bank) មូលនិធិ Co-Develop និងសម្ព័ន្ធភាពផលិតផលសាធារណៈ ឌីជីថល (Digital Public Goods Alliance) និងយុទ្ធនាការ 50-In-5 មើលឃើញថាជាហេដ្ឋារចនា សម្ព័ន្ធសាធារណៈឌីជីថលថ្មីរបស់ពិភពលោក។ ស្ថាប័នទាំងនោះ លើកទឹកចិត្តឱ្យប្រទេសផ្សេងៗពិចារណា ប្រើប្រាស់ថ្នាលរបស់កម្ពុជា  ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងតម្លាភាព នៃការផ្តល់សេវាសាធារណៈដល់ធុរកិច្ច និងប្រជាពលរដ្ឋ។ ការណ៍នេះធ្វើឱ្យថ្នាលរបស់កម្ពុជានេះ រឹតតែទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសមួយចំនួនបន្ថែមទៀត ខណៈក្រសួងប្រៃសណីយ៍ នឹងសហការជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីជួយដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov ជាបន្តបន្ទាប់។ 

verify.gov.kh គឺជាថ្នាលរបស់រដ្ឋាភិបាល ដែលអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ​ ជាពិសេសផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារតាមថ្នាល Verify.gov.kh​ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ជូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន(Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកឯកសារនីមួយៗ។ ទន្ទឹមនេះ ការប្រើប្រាស់ឯកសារដែលមានដាក់QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ 

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រសួងប្រៃសណីយ៍បា និងក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។ បច្ចុប្បន្ន ក្រសួងទាំងពីរ កំពុង សហការគ្នា ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov នៅសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ៕ 

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

គង់ អារុណពុទ្ធីរិទ្ធ