រុស្ស៊ី បើកអង្គសវនាការ កាត់ក្តីអតីតអនុរដ្ឋមន្ត្រីការពារជាតិ ពីបទគៃបន្លំ និងលាងលុយកខ្វក់
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
រុស្ស៊ី បើកអង្គសវនាការ កាត់ក្តីអតីតអនុរដ្ឋមន្ត្រីការពារជាតិ ពីបទគៃបន្លំ និងលាងលុយកខ្វក់
កំពុងជាប់ដៃវាយសម្រុកពេញបន្ទុកនៅអ៊ុយក្រែន កងទ័ពរុស្ស៊ី ក៏កំពុងអំពុលទុក្ខ ដោយសំណុំរឿងពុករលួយជាច្រើនករណី។ ជាក់ស្តែង មានអ្នកមុខអ្នកការ ក្រសួងការពារជាតិ និង ឧត្តមសេនីយសរុបទៅ មិនតិចជាង ១០ នាក់ ឡើយ ដែលត្រូវគេចាប់ឃុំខ្លួន។

ដោយ៖ (RFI)ដោយ៖កែវ ឆាយា

ថ្ងៃចន្ទ ទី២៤ ខែមីនា តុលាការទីក្រុងម៉ូស្គូ បានបើកអង្គជំនុំជម្រះលើ រូបអតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Timour Ivanov ដែលជាប់ចោទពីបទ គៃបន្លំថវិកា និង លាងលុយកខ្វក់។ គួរបញ្ជាក់ថា លោក Timour Ivanov ត្រូវតុលាការរុស្ស៊ី ចាប់ឃុំខ្លួន តាំងពី ខែ មេសា ឆ្នាំ ២០២៤ មកម៉្លេះ។

TTN-Free-Banner-In-Article-PC


អតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Timour Ivanov ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារមួយឆ្នាំ មកហើយ ត្រូវតុលការក្រុងម៉ូស្គូ បើកសវនាការកាត់ក្តី ពីបទប្រព្រឹត្តអំពើពុករលួយ ដោយគៃបន្លំថវិកា និង​​ លាងលុយកង្វក់។ លោក Ivanov ជាប់ចោទថាបានគៃបន្លំប្រាក់រាប់ពាន់ លាន រូប្ល របស់ធនាគារ Interkommerz ដែលក្ស័យធនទៅក្នុងឆ្នាំ ២០១៦។ គាត់ក៏ត្រូវគេបន្ទោសថា បានគៃបន្លំប្រាក់ ២០០ លាន រូប្ល ស្មើនឹង ១លាន ៩សែន ៦ម៉ឺន អឺរ៉ូ ក្នុងប្រតិបត្តិការលក់ នាវាសាឡាង ច្រើនគ្រឿង សម្រាប់បើកឆ្លងកាត់ដៃសមុទ្រ Kertsh ដែលភ្ជាប់ ដែនដីរុស្ស៊ី ទៅនឹងទៀបកោះគ្រីមេរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានក្រសោបយក ក្នុងឆ្នាំ ២០១៤។ ចំណែកក្រុមមេធាវីការពារក្តីលោក Ivanov វិញ ចាត់ទុកការចោទប្រកាន់ទាំងនោះថា ”គ្មានអ្វីជាមូលដ្ឋានទាល់តែសោះ”។​ជនជាប់ចោទម្នាក់ទៀតក្នុងសំណុំរឿងនេះ  គឺ លោក Anton Filatov ជាអតីតនាយករោងចក្រយោធា រុស្ស៊ី Oboronloguistika ដែលជាកម្មសិទ្ធិរបស់ក្រសួងការពារជាតិ។

សំណុំរឿងពុករលួយទាំងនេះ ដែលជាប់ពាក់ព័ន្ធនឹងក្រសួងការពារជាតិ ជាដើ​មចម ដែលបណ្តាលឲ្យមានការសម្រេចដករូបរដ្ឋមន្ត្រីការពារជាតិ លោក Sergey Shoigu ចេញពីតំណែង ហើយជំនួសវិញដោយលោក Andrei Belooussov កាលពីកណ្តាលឆ្នាំ ២០២៤ កន្លងទៅ។

គួរបញ្ជាក់ថា លោក Timour Ivanov អាចជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ក្រោមបទគៃបន្លំ និង ដល់ ៥ ឆ្នាំ ពីបទលាងលុយ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com

Other