ស្នេហ៍មិនឈ្នះសិ្នទ្ធ! សម្តេច ហ៊ុន ម៉ាណែត ថាផ្ចាញ់អ្នករិះគន់តាមរយៈការខំធ្វើជាក់ស្តែង
- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៣១ នាទី ព្រឹក

ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចមិនអាចទប់ស្កាត់ការរិះគន់នោះឡើយ ប៉ុន្តែសម្តេចតបតវិញតាមរយៈសកម្មភាពជាក់ស្តែង។ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ព្រឹកថ្ងៃទី២៦ ខែមីនា នេះ ប្រមុខរដ្ឋាភិបាល បានប្រៀបធៀបរវាងសំឡេងរំខាន និងសំឡេងពិតប្រាកដ។

សំឡេងរំខាន គឺសម្តេច ហ៊ុន ម៉ាណែត សំដៅទៅដល់ការរិះគន់ដែលមិនស្ថិតក្រោមន័យស្ថាបនា និងជាផែនការជេរជាប្រចាំរបស់មនុស្សមួយក្រុម។ «គេដាក់ផែនការ១ខែជេរ យើងដូចដូរផែនគេយ៉ាងម៉េច ដូរមិនកើតទេ»។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ តាមរយៈយុទ្ធសាស្ត្រស្នេហ៍មិនឈ្នះស្និទ្ធ ដោយផ្ចាញ់អ្នករិះគន់ តាមរយៈការខំប្រឹងធ្វើជាក់ស្តែង។
ចំពោះសំឡេងពិតប្រាកដ សម្តេចនិយាយដល់មតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ រួមទាំងការរិះគន់ស្ថាបនានានា។ សម្តេច ហ៊ុន ម៉ាណែត ទទួលស្គាល់ថា ការដឹកនាំប្រទេស គ្មានអ្នកណាល្អឥតខ្ចោះ និងមានអ្នកស្រឡាញ់គ្រប់គ្នានោះឡើយ ហើយទស្សនៈក៏មានផ្សេងៗគ្នា ដោយមិនត្រូវតូចចិត្ត ឬហាមប្រាមការរិះគន់នោះឡើយ។
នាឱកាសនោះដែរ សម្តេច ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរទាក់ទងនឹងការតបតរបស់សម្តេចពេលរៀននៅសាលា។ ជាមួយកូនរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនាពេលនោះ សម្តេចតែងលឺអ្នករិះគន់ថា «ជាកូននាយករដ្ឋមន្ត្រី មិនបាច់រៀនក៏ជាប់ដែរ»។
ត្រង់ចំណុចនេះ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានតបតវិញ តាមរយៈការខិតខំប្រឹងរៀន ដោយមានគ្រូ និងមិត្តរួមថ្នាក់ជាសាក្សី ហើយគ្រូប្រចាំថ្នាក់ក៏បានលើកឡើងអំពីគំរូភាពនេះ ប្រាប់ទៅសិស្សផ្សេងៗផងដែរ ដោយនិយាយថា «កូនអ្នកនាយករដ្ឋមន្ត្រីក៏ខំប្រឹងរៀនដែរ»៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com