នាយករដ្ឋមន្រ្តីថៃ រួចផុតការបោះឆ្នោតដកសេចក្តីទុកចិត្តនៅសភា
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
នាយករដ្ឋមន្រ្តីថៃ រួចផុតការបោះឆ្នោតដកសេចក្តីទុកចិត្តនៅសភា
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ​ ។ រូបភាព ៖ x/@ThaiEnquirer

នាយករដ្ឋមន្រ្តីថៃ​ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានឈ្នះការគាំទ្រពីសមាជិកសភា ៣១៩នាក់ ក្នុងចំណោម ៤៨៨នាក់ លើការប្រឆាំងសំណើដកសេចក្តីទុកចិត្តពីរដ្ឋសភាលើប្រសិទ្ធភាពការងាររដ្ឋាភិបាល ក្នុងថ្ងៃទី២៦ ខែមីនា។ បក្សប្រឆាំងមិនមានសំឡេងគ្រប់គ្រាន់ ដើម្បីដកលោកស្រីចេញពីតំណែងនោះទេ។

TTN-Free-Banner-In-Article-PC

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន បានរួចផុតពីការបោះឆ្នោតដកចិត្តនៅថ្ងៃទី២៤ ខែមីនា បន្ទាប់ពីក្រុមប្រឆាំងរបស់ប្រទេសនេះ បានចោទប្រកាន់លោកស្រីថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអនុញ្ញាតឱ្យឪពុកមានឥទ្ធិពលលើការគ្រប់គ្រងការងាររបស់ខ្លួន។

បើតាមសារព័ត៌មាន Thairath នាយករដ្ឋមន្ត្រីថៃបានឈ្នះការគាំទ្រពីសមាជិកសភាចំនួន ៣១៩នាក់ ក្នុងចំណោមសមាជិកសភា ៤៨៨នាក់ដែលមានវត្តមាន។ ក្នុងនោះ មានសមាជិកសភាតែ ១៦២រូបប៉ុណ្ណោះ ដែលបោះឆ្នោតមិនគាំទ្រលោកស្រី ផែថងថាន ចំណែកសមាជិកសភា ៧រូបទៀតបានបោះឆ្នោតអនុបវាទ។

បក្សប្រជាជនដែលជាបក្សប្រឆាំងដ៏ធំនៅថៃ​បានរិះគន់លោកស្រី​ ផែថងថាន ថា កំពុង​ទទួល​ការបញ្ជា​ដឹកនាំ​ពី​ឪពុក​របស់ខ្លួនគឺលោក ​ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ថៃពីឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៦។

លោកស្រី ផែថងថា ក៏​ជា​ក្មួយ​ស្រី​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែល​ធ្លាប់​ជា​នាយក​រដ្ឋមន្ត្រី​ថៃ​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៤ មុន​ពេល​លោកស្រី​ត្រូវ​បាន​គេ​ទម្លាក់​ចេញ​ក្នុង​រដ្ឋប្រហារ។

នៅក្នុងការជជែកដេញដោលកាលពីថ្ងៃទី២៥ ខែមីនា សមាជិកសភាបក្សប្រឆាំងត្រូវចោទសួរពីចំណេះដឹងរបស់នាយករដ្ឋមន្ត្រី ហើយបានចោទប្រកាន់លោកស្រីក្នុងការគេចវេសសំណួរពីអ្នកសារព័ត៌មាន។

បន្ថែមពីនេះ បក្សប្រឆាំងក៏បន្តវាយប្រហារជុំវិញភាពទន់ខ្សោយ​នៃ​សេដ្ឋកិច្ច ​និង​សន្តិសុខ​ជាតិ​ក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ព្រម​ទាំង​ការ​គេច​ពន្ធលើទ្រព្យសម្បត្តិ។

ការស្ទង់មតិរបស់វិទ្យាស្ថានជាតិអភិវឌ្ឍន៍របស់ថៃកាលពីខែកុម្ភៈបានបង្ហាញថា អ្នកឆ្លើយសំណួរត្រឹមតែ ៤៥,១២ភាគរយប៉ុណ្ណោះ ដែលពេញចិត្តនឹងការកាន់តំណែងរយៈពេល ៦ខែដំបូងរបស់លោកស្រី ផែថងថាន ។ ចំណែកទំនុកចិត្តពីសាធារណៈចំពោះសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលចម្រុះក្រោមអាណត្តិរបស់លោកស្រីក្នុងការដោះស្រាយបញ្ហាជាតិ គឺកាន់តែមានកម្រិតទាបគឺត្រឹមតែ ៣៨,៥៥ភាគរយប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន CNBC ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង