អាជ្ញាសាលាព្រមានចាត់វិធានការច្បាប់ បើលោក ឌួង ឆាយ បន្តធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចតុលាការ
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:៥១ នាទី រសៀល
អាជ្ញាសាលាព្រមានចាត់វិធានការច្បាប់ បើលោក ឌួង ឆាយ បន្តធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចតុលាការ
លោក ខាំ សុមករា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ

លោក ខាំ សុមករា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមីនា នេះ បានចេញលិខិតជូនដំណឹងអំពីចំណាត់ការសំណុំរឿងអនុវត្តដោយបង្ខំ លើលោក ឌួង ឆាយ ឈ្មោះដើម ឌួង ឧត្តមឆវិន តាមរយៈការប្រគល់កូនស្រីដោយស្ម័គ្រចិត្តឱ្យទៅអតីតភរិយារបស់ខ្លួន។
TTN-Free-Banner-In-Article-PC


ក្នុងសេចក្តីជូនដំណឹង អាជ្ញាសាលា បានរំលឹកថា ដីកាសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានចូលជាស្ថាពរ និងមានអានុភាពអនុវត្តតាមផ្លូវច្បាប់ ប៉ុន្តែការចុះអនុវត្ត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ មិនបានសម្រេចឡើយ។

បើតាម លោក ខាំ សុមករា អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការគឺជាបទល្មើសព្រហ្មទណ្ឌ «បទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ» ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ទៅ ៦ខែ និងពិន័យជាប្រាក់ពី១សែនទៅ១លានរៀល។

អាជ្ញាសាលា បានបង្គ្រាប់ លោក ឌួង ឆាយ អនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ឱ្យទៅអតីតភរិយាខ្លួន គឺអ្នកស្រី ដេត ម៉ាលីណា ឱ្យបានឆាប់រហ័សក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី២ ខែមេសា ជាកំហិត។

«ក្នុងករណីដែលលោកពុំព្រមអនុវត្តដោយស្ម័គ្រចិត្ត និងមិនអនុវត្តតាមអំណាចនៃដីកាសម្រេចខាងលើនោះទេ អាជ្ញាសាលា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត»។ លោក ខាំ សុមករា បានដាក់កំហិតយ៉ាងដូច្នេះ ដោយបញ្ជាលោក ឌួង ឆាយ អនុវត្តឱ្យខាងតែបាន៕ 

 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ