ក.ប.ទ ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៩ នាទី រសៀល
ក.ប.ទ ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បន្តផ្សព្វផ្សាយនិងប្រមូលធាតុពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ នៅថ្ងៃទី២៧ ខែមីនា ក.ប.ទ. នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងប្រមូលធាតុចូលលើកទី២ ក្រោមប្រធានបទ «កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត»  នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
TTN-Free-Banner-In-Article-PC


អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមការងារបញ្ញាសិប្បនិម្មិត នៃក្រសួងប្រៃសណីយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងប្រមូលធាតុលើកទី១ ស្ដីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» ក្រោមប្រធានបទ «វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។ ការណ៍នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» របស់ក្រសួងប្រៃសណីយ៍ ក្រោមវត្តមាន លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ដែលមានអ្នកចូលរួមប្រមាណ១៥០នាក់ មកពីបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ សហគមន៍អ្នកជំនាញ អ្នកបច្ចេកទេស និងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈនិងវិស័យឯកជន។

នៅក្នុងសិក្ខាសាលានេះ គឺមានការបង្ហាញពីការចូលរួមធ្វើបរិវត្តកម្មឌីជីថល និងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់ក្រសួងប្រៃសណីយ៍, ការស្រាវជ្រាវនិងការប្រើប្រាស់បច្ចេកវិទ្យាឈានមុខថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ជាមួយគ្នានេះ  ក៏មានការលើកឡើងពីសាវតារនិងវឌ្ឍនភាពការងារបញ្ញាសិប្បនិម្មិតនៅកម្ពុជា, ឯកសារគោលនយោបាយបញ្ញាសិប្បនិម្មិតថ្នាក់តំបន់, លទ្ធផលនៃការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា និងទស្សនាទាននិងចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ផងដែរ។ 



អត្ថបទទាក់ទង

ដើម្បីធាតុចូលឱ្យបានកាន់តែទូលំទូលាយក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពី«បញ្ញាសិប្បនិម្មិត», ក្រសួងប្រៃសណីយ៍ នឹងបន្តធ្វើសិក្ខាសាលាផ្សព្វផ្សាយនិងប្រមូលធាតុចូលលើកទី២ ក្រោមប្រធានបទ «កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត» នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នាថ្ងៃទី២៧ ខែមីនា។ ក្រសួងប្រៃសណីយ៍ លើកទឹកចិត្តដល់អ្នកជំនាញនិងអ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ព្រមទាំងនិស្សិតមកពីគ្រប់ស្ថាប័នចូលរួមសិក្ខាសាលានេះដោយផ្ទាល់ដោយចុះឈ្មោះតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/aiworkshoppublic  ចាប់ពីថ្ងៃតទៅ។



អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ