ត្រៀមៗ! ក្រសួងមុខងារ នឹងរៀបចំការប្រឡងប្រជែងរើសមន្ត្រីរាជការស៊ីវិល ៤ ក្រសួងស្ថាប័ននាពេលខាងមុខ
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
ត្រៀមៗ! ក្រសួងមុខងារ នឹងរៀបចំការប្រឡងប្រជែងរើសមន្ត្រីរាជការស៊ីវិល ៤ ក្រសួងស្ថាប័ននាពេលខាងមុខ
រូបភាពពីក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ ការ​ប្រឡង​ប្រជែង​ជ្រើសរើស​មន្ត្រីកសិកម្មឃុំ, មន្ត្រីសុខាភិបាល, មន្ត្រីក្របខណ្ឌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី នឹង​រៀបចំ​នៅឆ្នាំ​២០២៥នេះ។ នេះបើតាម​ក្រសួង​មុខងារសាធារណៈ។​

TTN-Free-Banner-In-Article-PC

នៅ​ថ្ងៃទី២៥ ខែមីនា លោក​ យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារតាមក្រសួង ស្ថាប័នចំនួន៤ សម្រាប់ក្របខណ្ឌឆ្នាំ២០២៥។ 

បើតាម​ក្រសួង​មុខងារសាធារណៈ ការជ្រើសរើសមន្ត្រីនៃក្រសួង ស្ថាប័នទាំង៤ ដែលនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តី រួមមាន មន្ត្រីកសិកម្មឃុំ ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ត្រីសុខាភិបាល នៃក្រសួងសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ, មន្ត្រីក្របខណ្ឌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី។

តាមរយៈ​កិច្ច​ប្រជុំខាងលើ អង្គប្រជុំបានធ្វើបទបង្ហាញ និងពិភាក្សាចូលរួមមតិយោបល់លើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើស គិតចាប់ពីការរៀបចំផ្សព្វផ្សាយសេចក្តីជូនដំណឹង ការទទួលការដាក់ពាក្យចូលរួមប្រឡងប្រជែង ដំណើរការប្រឡងប្រជែងនិងកំណែវិញ្ញាសា រហូតដល់ការប្រកាសលទ្ធផលនិងបែងចែកទៅតាមអង្គភាពគោលដៅ ឱ្យស្របតាមគោលការណ៍ «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។ 

លើសពីនេះ ការ​ប្រឡងនេះ នឹង​អនុវត្ត​តាមគោលការណ៍​ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»។ សូម​បញ្ជាក់ថា ត្រឹមរយៈពេល១៥ខែ ក្រសួង​មុខងារសាធារណៈ បាន​រៀបចំ​ការ​ប្រឡង​ប្រជែងជ្រើសរើស​មន្រ្តី​រាជការ​ឱ្យ​ចូល​បម្រើ​ការ​នៅ​ក្រសួងស្ថាប័ន ចំនួន ៨ក្រសួងស្ថាប័នដែលរៀបចំចំនួន ​៤២​លើក និង​ជ្រើសរើសបាន​មន្រ្តី​រាជការ​ក្របខណ្ឌចំនួន ៤ ៤៤៧នាក់៕ 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ