- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

សភាថៃ នៅថ្ងៃទី១៩ ខែមីនា បានបោះឆ្នោតគាំទ្រលើការបន្ធូរបន្ថយច្បាប់រឹតបន្តឹងគ្រឿងស្រវឹង រួមទាំងការលក់ និងការផ្សព្វផ្សាយ។ ការកែប្រែថ្មីនេះ ធ្វើឡើងដើម្បីជំរុញឱ្យមានសេរីភាវូបនីយកម្មទីផ្សារ ទាក់ទាញភ្ញៀវទេសចរ និងជួយដល់អាជីវកម្មស្របៀរតូចៗ។
សមាជិកសភាថៃ បានបោះឆ្នោតគាំទ្រលើសេចក្តីព្រាងច្បាប់ថ្មីមួយពីគ្រឿងស្រវឹង ដោយសមាជិកចំនួន ៣៦៥ នាក់បានបោះឆ្នោតគាំទ្រ, ៣នាក់បោះឆ្នោតអនុបវាត និងគ្មានអ្នកបដិសេដសេចក្ដីព្រាងច្បាប់ទេ។ សេចក្តីព្រាងច្បាប់នេះ ត្រូវឆ្លងកាត់សមាជិកព្រឹទ្ធសភាបន្តទៀត។
សេចក្ដីព្រាងច្បាប់ថ្មី ជាការកែប្រែច្បាប់របស់រដ្ឋាភិបាលយោធាចេញនៅក្នុងឆ្នាំ ១៩៧២ ដែលមិនអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងក្នុងចន្លោះម៉ោង ២ថ្ងៃដល់ ៥ល្ងាច និងមុនម៉ោង ១១ព្រឹក មកអនុញ្ញាតឱ្យលក់គ្រប់ពេល។ រដ្ឋាភិបាលក៏បន្ធូរបន្ថយច្បាប់ផ្សព្វផ្សាយគ្រឿងស្រវឹងដ៏តឹងរ៉ឹងផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
ច្បាប់ដើមបង្កើតឡើងដោយមិនអនុញ្ញាតឱ្យលក់ពេលថ្ងៃ ដើម្បីទប់ស្កាត់មន្រ្តីរាជការហូបគ្រឿងស្រវឹង ក្នុងម៉ោងការងារ។
ក្នុងពេលបច្ចុប្បន្ន ច្បាប់ឆ្នាំ១៩៧២ បានហាមឃាត់ការបង្ហាញឈ្មោះ ឬរូបភាពផលិតផលណាមានជាតិអាល់កុល ហើយផ្សព្វផ្សាយជាសាធារណៈ ដែលពិបាកសម្រាប់អាជីវកម្ម ឬក្រុមហ៊ុនស្រាបៀរតូចៗ។
តាមសមាជិកសភាគណបក្សភឿថៃ លោក Chanin Rungtanakiat ដែលជាអនុប្រធានគណៈកម្មាធិការសភាទទួលបន្ទុកដឹកនាំសេចក្តីព្រាងច្បាប់ខាងលើនេះ គោលបំណងនៃការកែប្រែ គឺដើម្បីបន្ធូរបន្ថយ «ការហាមឃាត់មិនសមហេតុផល» និងជំរុញសកម្មភាពសេដ្ឋកិច្ច។
ការសម្រេចចិត្តនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកទីផ្សារគ្រឿងស្រវឹងរបស់ថៃឲ្យបានទូលំទូលាយ ដែលពីដើមមកមានក្រុមហ៊ុនស្រាបៀរធំៗតែ ២ ប៉ុណ្ណោះ Thai Beverage Plc និង Boon Rawd Brewery Co។ នៅដើមឆ្នាំ ២០២៥ សមាជិកសភាក៏បានអនុម័តសេចក្ដីព្រាងច្បាប់មួយ ដែលគាំទ្រការផលិតស្រាដោយរោងចក្រចម្រាញ់តូចៗ និងក្រុមហ៊ុនផលិតស្រាតូចៗផងដែរ។
ថៃជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ និងកំពុងឈានទៅមុខច្រើនជំហានដើម្បីបង្កើនភាពទាក់ទាញ។ ជាប្រទេសតែមួយគត់ក្នុងអាស៊ីដែលអាចប្រើប្រាស់កញ្ឆាបានដោយស្របច្បាប់ ក៏ដូចជាគ្រោងបើកការលេងកាស៊ីណូស្របច្បាប់ផងដែរ។
កាលពីខែមុន នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពិនិត្យលើការរឹតត្បិតគ្រឿងស្រវឹងមួយចំនួនដែលអាចប៉ះពាល់ដល់វិស័យទេសចរណ៍ រួមមានហាមឃាត់ការលក់គ្រឿងស្រវឹងក្នុងថ្ងៃវិសាខបូជា និងការលក់តាមបណ្តាញអ៊ីនធឺណិត៕