លោក Kluivert ចាត់ទុកការឈ្នះបារ៉ែន ជាការចាប់ផ្តើមនៃប្រព័ន្ធលេងល្អរបស់ឥណ្ឌូណេស៊ី
  • ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:២៩ នាទី ល្ងាច
លោក Kluivert ចាត់ទុកការឈ្នះបារ៉ែន ជាការចាប់ផ្តើមនៃប្រព័ន្ធលេងល្អរបស់ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី បន្តក្តីសង្ឃឹម ប្រជែងកៅអីស្វ័យប្រវត្តិទៅការប្រកួត World Cup ឆ្នាំ ២០២៦ ក្រោយយកឈ្នះបារ៉ែន លទ្ធផល ១-០ នៅវគ្គជម្រុះ ជុំទី៣ទ្វីបអាស៊ី នៅចំពោះមុខអ្នកគាំទ្រប្រមាណ ៧០ ០០០នាក់ ក្នុងទីក្រុងហ្សាកាតា ថ្ងៃទី២៥ ខែមីនា។ លោក Patrick Kluivert គ្រូបង្វឹកឥណ្ឌូណេស៊ី អះអាងដោយភាពជឿជាក់ថា ជ័យជម្នះទើបតែជាការចាប់ផ្តើមនៃប្រព័ន្ធលេងល្អរបស់ក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ តែប៉ុណ្ណោះ។

TTN-Free-Banner-In-Article-PC

រយៈពេលតែ ៥ថ្ងៃ ក្រោយពេលគ្រូបង្វឹកអតីតខ្សែប្រយុទ្ធ Barcelona និងជម្រើសជាតិហូឡង់ បានឃើញកូនក្រុមប្រកួតចាញ់អូស្ត្រាលី លទ្ធផល ៥-១ យ៉ាងអាម៉ាស់ Kluivert បាននាំលទ្ធផលល្អសម្រាប់អ្នកគាំទ្រឥណ្ឌូណេស៊ីឡើងវិញ។ កូនក្រុម Ole Romeny កីឡាកររបស់ក្លិប Oxford United ស៊ុតបាល់ជ័យជម្នះតាំងតែនាទី២៤ ដណ្តើម ៣ពិន្ទុ ក្នុងជំនួបទី៨ ក្នុងពូល C។ 

អូស្ត្រាលីបច្ចុប្បន្នក៏កំពុងប្រជែងកៅអីស្វ័យប្រវត្តិដែលនៅសល់ ១កៅអី ពីពូល​ C នៅការប្រកួតជម្រុះជុំទី៣ ទ្វីបអាស៊ីនេះ ដោយរកបាន ១៣ពិន្ទុ ពីការប្រកួតចំនួន ៨លើក តាមពីក្រោយដោយអារ៉ាប៊ីសាអូឌីត នៅលេខ ៣ មាន ១០ពិន្ទុ ហើយឥណ្ឌូណេស៊ី នៅលេខ ៤ មាន ៩ពិន្ទុ។ ការប្រកួតក្រុមទាំងអស់នៅសល់ ២ប្រកួតក្នុងដៃ តែឥណ្ឌូណេស៊ីត្រូវប៉ះចិន និងជប៉ុន នៅការប្រកួតចុងក្រោយ។ ក្រៅពីជប៉ុន ដែលកក់កៅអីរួចស្រេច ឥណ្ឌូណេស៊ី និងអារ៉ាប៊ីសាអូឌីត ជាបេក្ខភាពប្រជែង តំណែងលេខ២ ជាមួយអូស្ត្រាលី។ បារ៉ែន និងចិន ដែលមាន៦ពិន្ទុ ដូចគ្នា សល់ឱកាសប្រជែងកៅអីលេខ៣ និងលេខ៤ ដើម្បីបន្តទៅវគ្គជម្រុះជុំទី៤។

បន្ទាប់ពីទទួលបានជ័យជម្នះ លោក Kluivert បានសរសើរអ្នកគាំទ្រ ដែលមកទស្សនាការប្រកួតពេញកីឡដ្ឋាន ដើម្បីលើកទឹកចិត្តដល់ក្រុមរហូតប្រជែងឈ្នះ ខណៈលោកអះអាងថាទើបតែជាការចាប់ផ្តើមភាពខ្លាំងរបស់ក្រុមតែប៉ុណ្ណោះ។

គ្រូបង្វឹកវ័យ ៤៨ឆ្នាំ និយាយក្នុងសន្និសីទកាសែតដូច្នេះថា៖«វាគឺជារឿងដ៏អស្ចារ្យ យើងដឹងរួចហើយថាបរិយាកាសនឹងកើតឡើងបែបនេះ មនុស្ស ៦៩ ០០០នាក់ អបអរដល់យើង។ ខ្ញុំចង់អរគុនទៅអ្នកគាំទ្រ ដែលមកលើកទឹកចិត្តដល់យើងនៅទីនេះ។ ដំបូងយើងរីករាយចំពោះលទ្ធផល យើងស័ក្តិសមទទួលបានការឈ្នះនេះ ពីឱកាសដែលយើងបង្កើតឡើង យើងស័ក្តិសមមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងនេះ។ […]។ នេះទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ យើងមានពេលច្រើនទៀតរហូតដល់ខែមិថុនា ដើម្បីកែប្រែកំហុសមួយចំនួនឱ្យទៅជាល្អឡើងវិញ។»៕


អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង