- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មិនចង់ឮពលរដ្ឋកំពង់ស្ពឺ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងខេត្តដទៃនោះទេ។ ប៉ុន្តែអ្វីដែលលោកចង់ឮនោះ គឺកេរ្តិ៍ឈ្មោះល្អ និងជីវភាពធូរធារបស់អ្នកកំពង់ស្ពឺ។ លោកអភិបាលខេត្តកំពង់ស្ពឺ បានសូមអង្វរពលរដ្ឋកំពង់ស្ពឺគោរពច្បាប់ចរាចរណ៍ និងស្រឡាញ់អាយុជីវិត។
នាពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅស្រុកសាមគ្គីមុនីជ័យ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបង្ហាញការព្រួយបារម្ភពីបញ្ហាចរាចរណ៍ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមផ្លូវ។ អភិបាលខេត្តរូបនេះ បានមើលឃើញពីការធ្វើដំណើររបស់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសកម្មករ កម្មការិនីនៅម៉ោង៦-៧ព្រឹក ដែលមានសភាពមមាញឹក។
ក្នុងពិធីខាងលើ លោកអភិបាលខេត្ត បានលើកឡើងថា៖ «បើនិយាយពីនៅម៉ោង៦-៧ព្រឹក គឺពេញផ្លូវតែម្ដង។ យើងគិតថា ៥ម៉ឺនម៉ូតូចុះ ឬ១០ម៉ឺននាក់ជិះម៉ូតូ ទាំងដែលគាត់ទៅ និងចេញពីរោងចក្រ។ ដូច្នេះស្នើសុំចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»។
លោក ជាម ច័ន្ទសោភ័ណ ចង់ឱ្យពលរដ្ឋកំពង់ស្ពឺរក្សាអាយុជីវិត និងមិនចង់ឮថាពលរដ្ឋកំពង់ស្ពឺស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងខេត្តដទៃនោះទេ។ ជាក់ស្ដែង នៅតាមបណ្ដាផ្លូវជាតិលេខ៤ តែងកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកើតលើកម្មករ កម្មការិនី ដែលធ្វើដំណើរទៅបំពេញការងារ។
សូមបញ្ជាក់ថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ៤៩១លើក ដោយបានសម្លាប់ជីវិតមនុស្សចំនួន ២៣៨នាក់ និងរងរបួសធ្ងន់ស្រាល ២៨៩នាក់៕