ស្ថានភាពគ្រូ និងអត្ថប្រយោជន៍សិស្ស ជាមូលដ្ឋានដែលត្រូវគិតគូរហ្មត់ចត់លើករណីផ្ទេរគ្រូបង្រៀន
  • ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៤ នាទី ព្រឹក
ស្ថានភាពគ្រូ និងអត្ថប្រយោជន៍សិស្ស ជាមូលដ្ឋានដែលត្រូវគិតគូរហ្មត់ចត់លើករណីផ្ទេរគ្រូបង្រៀន
លោក យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹងការផ្ទេរគ្រូបង្រៀន។ កិច្ចប្រជុំប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៦ ខែមីនា នៅទីស្តីការក្រសួង។ រូបថត មុខងារសាធារណៈ

ស្ថានភាពគ្រូ អត្ថប្រយោជន៍របស់សិស្សានុសិស្ស រួមទាំងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានលើកយកមកពិភាក្សាយ៉ាងល្អិតល្អន់ ក្នុងកិច្ចប្រជុំបច្ចេកទេសរវាងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា អំពីករណីផ្ទេរទីកន្លែងការងាររបស់មន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀន កាលពីរសៀលថ្ងៃទី២៦ ខែមីនា។
TTN-Free-Banner-In-Article-PC


កិច្ចប្រជុំបច្ចេកទេសស្តីការផ្ទេរមន្ត្រីជាគ្រូបង្រៀន ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ និងការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយក្រសួងមុខងារសាធារណៈ ដឹកនាំដោយលោក យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទី និងក្រសួងអប់រំ យុវជន និងកីឡា មានការចូលរួមពីលោករដ្ឋលេខាធិការ ណាត ប៊ុនរឿន និងលោកស្រីរដ្ឋលេខាធិការប្រចាំការ គឹម សេដ្ឋានី។

នាពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអប់រំ កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងមក សម្តេច ហ៊ុន ម៉ាណែត បានជំរុញឱ្យមានការកំណត់លក្ខខណ្ឌច្បាស់លាស់ និងតឹងរ៉ឺងជាងមុនលើករណីផ្ទេរគ្រូបង្រៀនពីតំបន់មួយទៅតំបន់មួយ ដោយសម្តេចអះអាងថា សម្តេចត្រូវមានការទទួលខុសត្រូវផងដែរជាមួយអាណាព្យាបាលសិស្ស។

ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចមិនមានប្រតិកម្មអ្វីឡើយចំពោះការផ្ទេរបុគ្គលិកសិក្សា បុគ្គលិកអប់រំ នាយក ឬនាយករង ប៉ុន្តែករណីគ្រូ សម្តេចសុំឱ្យមានលក្ខខណ្ឌតឹងរ៉ឹង។ សម្តេចថា សម្តេចមិនមានបំណងបិទជិតឡើយ តែលក្ខខណ្ឌតឹងរ៉ឹងនេះ គឺដើម្បីកាត់បន្ថាយករណីខ្វះគ្រូ ហើយការផ្ទេរគ្រូចេញម្នាក់ ក៏អាចបាត់បង់គុណភាពសម្រាប់សិស្សជាច្រើននាក់ផងដែរ។

បើតាមការផ្សាយរបស់ក្រសួងមុខងារសាធារណៈ កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធទាំងពីរ បានគិតគូរទៅលើបច្ចេកទេស និងយន្តការ ព្រមទាំងវិធីសាស្ត្រនានាសំដៅដល់ការដោះស្រាយករណីស្នើសុំផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀន។

ស្ថានភាពរបស់លោកគ្រូ អ្នកគ្រូ ដែលមានបំណងផ្ទេរកន្លែងបំពេញការងារ ក៏ដូចជាប្រយោជន៍របស់សិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមតំបន់នានាទូទាំងប្រទេស ដែលមានតម្រូវការចាំបាច់នូវក្នុងការទទួលបានការអប់រំ គឺជាចំណុចមូលដ្ឋាននៃការគិតគូរថ្លឹងថ្លែងរបស់ថ្នាក់ដឹកនាំក្រសួងទាំងពីរ។

របាយការណ៍អំពីមតិយោបល់ និងធាតុចូលដែលទទួលបានក្នុងកិច្ចប្រជុំបច្ចេកទេសនេះ នឹងត្រូវផ្តល់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ពិនិត្យសម្រេច ក្នុងគោលដៅដោះស្រាយស្ថានភាពនានារបស់គ្រូបង្រៀន ក៏ដូចជាការអនុវត្តតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលទាក់ទងនឹងការគ្រប់គ្រងមន្ត្រី និងការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែល្អប្រសើរ៕

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម