អាម៉េរិកទទួល​អដ្ឋិធាតុយុទ្ធជន​ដែលធ្លាក់យន្តហោះ និងបាត់ខ្លួននៅរតនគិរី កាលពី​៥៥​ឆ្នាំមុន
  • ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
អាម៉េរិកទទួល​អដ្ឋិធាតុយុទ្ធជន​ដែលធ្លាក់យន្តហោះ និងបាត់ខ្លួននៅរតនគិរី កាលពី​៥៥​ឆ្នាំមុន

​សហរដ្ឋអាម៉េរិក បាន​ទទួល​អដ្ឋិធាតុសមាជិក​កងទ័ពអាម៉េរិក ដែលបាន​រងគ្រោះក្នុងគ្រោះថ្នាក់​ធ្លាក់យន្តហោះ និង​បាត់ខ្លួននៅខេត្ត​រតនគិរី កាលពី​៥៥​ឆ្នាំមុន ក្នុងសម័យ​សង្គ្រាម​វៀតណាម។ ពិធី​ត្រូវបាន​រៀបចំកាលពីថ្ងៃទី​២៧ ខែមីនា នៅស្ថានទូតអាម៉េរិក ក្រោមវត្តមាន លោក សៀង ឡាប្រេស អនុប្រធាននៃគណៈកម្មាធិការកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន​ក្នុងសង្គ្រាម និង​លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតអាម៉េរិក​នៅភ្នំពេញ។

TTN-Free-Banner-In-Article-PC

តាម​សេចក្តីប្រកាសព័ត៌មាន​របស់ស្ថានទូតអាម៉េរិក អង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DPAA) សង្ឃឹមថា អដ្ឋិធាតុ ដែលត្រូវបានរកឃើញ នឹងនាំឱ្យគេអាចកំណត់អត្តសញ្ញាណ នៃសមាជិកកងទ័ពពីររូបដែលបានបាត់ខ្លួន និងផ្តល់ជាចម្លើយចុងក្រោយដល់គ្រួសាររបស់ពួកគេ។

បើគិតចាប់តាំងពីឆ្នាំ២០១៥ មក នេះគឺជាពិធីប្រគល់អដិ្ឋធាតុដំបូង នៅកម្ពុជា ហើយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើស្ថានភាពនៃការធ្លាក់យន្ត​ហោះ និងទីតាំងបាត់ខ្លួន​នៃសមាជិកកងទ័ពទាំងពីរនាក់​នោះ។ 

ស្ថានទូតអាម៉េរិកបញ្ជាក់ថា អដ្ឋិធាតុ ដែលបានរកឃើញ នឹងត្រូវបានដឹកយកទៅមន្ទីរពិសោធន៍របស់ DPAA នៅទីក្រុង Honolulu ដើម្បីគេធ្វើការវិភាគបន្ថែម នៅក្នុងមន្ទីរពិសោធន៍​ដ៏ទំនើបរបស់ DPAA។

ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីភាគីកម្ពុជា​ DPAA បានធ្វើសកម្មភាពរុករកសមាជិកនៃកងទ័ពសហរដ្ឋអាម៉េរិកចំនួន ៤៨ នាក់ដែលនៅស្ថិត​ក្នុងបញ្ជីបាត់ខ្លួននៅឡើយ នៅកម្ពុជា។ នៅលើពិភពលោក អង្គភាព DPAA ធ្វើការស៊ើបអង្កេត និងរុករកជាប្រចាំ ដោយផ្តល់ការគាំទ្រដល់ការខិតខំក្នុងការរុករកយុទ្ធជនអាមេរិកចំនួនជាង ៨២ ០០០នាក់ដែលនៅបាត់ខ្លួននៅឡើយ នៅក្នុងសង្គ្រាម ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕




 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម