ករណីរញ្ជួយដីនៅថៃ៖ ក្រសួងការងារ ឱ្យពលរដ្ឋខ្មែរនៅថៃ ស្ដាប់ការណែនាំ របស់អាជ្ញាធរ
  • ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០១ នាទី រសៀល
ករណីរញ្ជួយដីនៅថៃ៖ ក្រសួងការងារ ឱ្យពលរដ្ឋខ្មែរនៅថៃ ស្ដាប់ការណែនាំ របស់អាជ្ញាធរ

ភ្នំពេញ៖ តាមរយៈករណីគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅទីក្រុងបាងកក ប្រទេសថៃ នៅរសៀលនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំឱ្យពលរដ្ឋខ្មែរ រស់នៅថៃ អនុវត្តតាមការណែនាំ របស់អាជ្ញាធរថៃ និងស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។

TTN-Free-Banner-In-Article-PC

ករណីគ្រោះរញ្ជួយដីនេះ បណ្ដាលឱ្យកម្មករយ៉ាងហោចណាស់ ៤៣នាក់ បានជាប់នៅក្នុងអគារមួយកន្លែង ដែលបានបាក់ ដោយសាររញ្ជួយដី ក្នុងតំបន់ Chatuchak នៅទីក្រុងបាងកក។ ពេលនេះ អាជ្ញាធរថៃ កំពុងបញ្ជូនក្រុមសង្រ្គោះបន្ទាន់ទៅជួយមនុស្ស ដែលជាប់នៅក្នុងអគារកម្ពស់ ៣០ជាន់នោះ។ អគារដែលបាក់នោះ កំពុងតែសាងសង់។

យោងតាមរបាយការណ៍ក្រសួងការងារ មានពលរដ្ឋខ្មែរជាង ១,២លាននាក់ បានចំណាកស្រុកទៅធ្វើការងារនៅថៃ។ ពលករខ្មែរ នៅថៃភាគច្រើន បំពេញការងារ ក្នុងវិស័យឧស្សាហកម្ម សំណង់ កសិកម្ម និងសេវាកម្ម។

យ៉ាងណាក៏ដោយ គិតត្រឹមរសៀលម៉ោង៣ ថ្ងៃទី២៨មីនានេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ អះអាងថា មិនទាន់ទទួលព័ត៌មានថាមានពលករខ្មែរ រងគ្រោះពីករណីរញ្ជួយដីនៅថៃឡើយ។ លោក កត្តា អ៊ន បញ្ជាក់បន្ថែមថា បច្ចុប្បន្ន ស្ថានទូតកម្ពុជា កំពុងតាមដាន និងសហការជាមួយអាជ្ញាធររបស់ប្រទេសថៃ។

អ្នកនាំពាក្យក្រសួងការងាររូបនេះ ក៏បានអំពាវនាវទៅកាន់ពលរដ្ឋខ្មែរនៅថៃថា៖ «សូមប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ សូមរក្សាភាពស្ងប់ស្ងាត់ និងអនុវត្តតាមការណែនាំ និងរៀបចំរបស់អាជ្ញាធរថៃ និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ»។

ករណីគ្រោះរញ្ជួយដីនេះ ក៏បង្កឱ្យពលរដ្ឋនៅកម្ពុជាមានការបារម្ភដែរ ខណៈពេលនេះ អ្នកធ្វើការមួយចំនួន តាមអគារខ្ពស់ នៅក្រុងភ្នំពេញ បានចាកចេញពីអគារ ដើម្បីសុវត្ថិភាព៕



 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី