លោក ឌុច សារ៉េត ចង់ឱ្យសហគមន៍ទេសចរណ៍ពង្រឹងសេវាកម្ម ដើម្បីបង្កើនទាក់ទាញ
  • ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
លោក ឌុច សារ៉េត ចង់ឱ្យសហគមន៍ទេសចរណ៍ពង្រឹងសេវាកម្ម ដើម្បីបង្កើនទាក់ទាញ

សៀមរាប៖ លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជា ខេត្តសៀមរាប បានលើកឡើងពីសហគមន៍ទេសចរណ៍ ថាជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍។ នោះក៏ព្រោះ សហគមន៍ទេសចរណ៍ មានសេវាកម្មទេសចរណ៍សម្បូរបែប ធនធានធម្មជាតិ ផលិតផលកែច្នៃប្រចាំតំបន់ ដែលជាអត្តសញ្ញាណ និងភាពទាក់ទាញក្នុងតំបន់នីមួយៗ។​​​​​

TTN-Free-Banner-In-Article-PC

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

«សហគមន៍ ដើរតួនាទីសំខាន់មែនទែនសម្រាប់វិស័យទេសចរណ៍ ដោយសារទេសចរគ្រប់បណ្ដាប្រទេសទាំងអស់បើសិនជាគ្មានសហគមន៍ ដែលជាអ្នកផ្ដល់សេវាកម្មនៅមូលដ្ឋានផ្ទាល់សម្រាប់បង្ហាញពីអ្វីដែលជាអត្តសញ្ញាណក្នុងតំបន់នីមួយៗ យើងមិនអាចនឹងមានលទ្ធផល ឬក៏សេវាកម្មគ្រប់គ្រាន់ក្នុងការផ្ដល់ជូនដល់វិស័យទេសចរណ៍ទេ»។ នេះជាការលើកឡើងរបស់លោក ឌុច សារ៉េត អនុប្រធានសហគមន៍ទេសចរណ៍កម្ពុជាខេត្តសៀមរាប។

សម្រាប់លោក ឌុច សារ៉េត មើលឃើញថា កម្ពុជាមានសក្ដានុពលទេសចរណ៍ខ្ពស់ ពិសេសខេត្តសៀមរាប មានលើសពីប្រាសាទ ប៉ុន្តែតំបន់នានា ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ដ៏សម្បូរបែបផ្សេងៗតាមសហគមន៍ ក៏បង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍ផងដែរ។ លោក ឌុច សារ៉េត ទទួលស្គាល់ថា រមណីយដ្ឋានអង្គរ ឬប្រាសាទអង្គរ ជាទិសដៅទី១សម្រាប់ភ្ញៀវទេសចរ ប៉ុន្តែសហគមន៍ក៏ជាផ្នែកមួយដ៏សំខាន់ ដែលមានវិសាលភាពបម្រើគ្រប់ផ្នែកនៃសេវាកម្ម មានទាំងម្ហូបអាហារ ផលិតផលក្នុងស្រុកប្រចាំតំបន់ធ្វើដោយដៃ​ សេវាកម្មស្នាក់នៅ បោះតង់ ជិះទូក និងទស្សនាធនធានធម្មជាតិជាដើម។

ទន្ទឹមនឹងនេះ លោក ឌុច សារ៉េត ចង់ឱ្យសហគមន៍សមត្ថភាព និងសេវាកម្មគ្រប់ផ្នែក ដើម្បីពង្រីកសក្ដានុពលទេសចរណ៍ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ។ លោក ឌុច សារ៉េត លើកឡើងដូច្នេះ៖«កាលណាប្រទេសមួយក្នុងតំបន់មួយបើសិនជាសហគមន៍យើងខ្សោយ ទេសចរណ៍យើងអត់ខ្លាំង។ អ៊ីចឹងយើងចាំបាច់ណាស់ត្រូវកសាងសហគមន៍មួយក្នុងមូលដ្ឋាននៃតំបន់នីមួយៗឱ្យគាត់យល់ដឹង។ ហេតុអ្វីចាំបាច់ឱ្យគាត់យល់ដឹង ព្រោះទេសចរត្រូវការសេវាកម្មមួយ ដែលធ្វើយ៉ាងណាឱ្យទេសចរសប្បាយរីករាយ»។ លោកបន្តថា សេវាកម្មទេសចរណ៍ទៀតសោតក៏ត្រូវមានស្តង់ដាណាមួយ ដែលអាចឱ្យភ្ញៀវទទួលយកបាន ដូចជាតម្លៃ និងសេវាកម្មមានច្រើនសម្បូរបែបក្នុងតំបន់នីមួយៗ ពិសេសគឺមានផលិតផលអត្តសញ្ញាណប្រចាំតំបន់៕


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ