- ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី ព្រឹក

ភ្នំពេញ៖ កញ្ញា សឿត សុវណ្ណនី ជាយុវតីមួយរូបដែលតែងចូលរួមកម្មវិធីស្ម័គ្រចិត្ត ដោយពេលខ្លះធ្វើជាពិធីការិនី អ្នករៀបចំ និងស្ម័គ្រចិត្តតាមសហគមន៍ជាដើម។ ចូលរួមការងារស្ម័គ្រចិត្តជាច្រើនឆ្នាំ សុវណ្ណនី យល់ថាការងារទាំងនេះ បានបង្រៀនឱ្យកញ្ញាក្លាហានជាងមុន ជាពិសេសជឿជាក់លើខ្លួន និងពង្រឹងសមត្ថភាពបន្ថែម។
សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖
កញ្ញា សឿត សុវណ្ណនី បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញគំនូរសារគមនាគមន៍។ ជាអ្នកបន្ទាយមានជ័យ សុវណ្ណនី ស្រឡាញ់ការគូរគំនូរ និងសិល្បៈ ដោយបានជ្រើសយកជំនាញមួយនេះ ដែលទាក់ទងនឹងការរៀបរាប់ទីផ្សារ ប្រព័ន្ធឌីជីថល និងក្នុងការងារផ្សព្វផ្សាយតាមបណ្តាញសង្គម ផ្តោតសំខាន់លើសិល្បៈនៃរូបភាព។
យុវតីវ័យ២៦ឆ្នាំរូបនេះ បានរៀបរាប់ថា កញ្ញាបានចេញពីតំបន់មួយ ក្នុងខេត្តបន្ទាយមានជ័យ ដែលផ្នែកឌីជីថលនៅមានកម្រិតច្រើន។ ដូច្នេះអ្វីដែលកញ្ញា ធ្វើទៅបានគឺទៅរៀនពីជំនាញមួយនេះ ដើម្បីយកជួយបណ្តុះបន្ថែមទៀតនៅក្នុងសហគមន៍ និងជួយការងារសហគមន៍។ ការងារស្ម័គ្រចិត្ត ធ្វើឱ្យកញ្ញា ផ្សារភ្ជាប់ខ្លួន ទៅនឹងសហគមន៍ បង្កើនទំនាក់ទំនងល្អជាមួយក្រុមស្ម័គ្រចិត្តផ្សេងទៀត។
បន្ថែមលើជំនាញនៅសាលា ការងារជាពិធីការិនី ក៏ជាផ្នែកមួយបន្ថែមលើអាជីពការងារផងដែរ។ ផ្តើមពីការស្ម័គ្រចិត្ត ឡើងនិយាយជាសាធារណៈ ប្រើប្រាស់ទឹកដម បង្ហាញសមត្ថភាព វាជាឱកាសឱ្យ សុវណ្ណនី កាន់តែពង្រឹងសមត្ថភាពខ្លួនឯងមួយកម្រិតទៀត។
កញ្ញា សឿត សុវណ្ណនី បន្តថា៖ «កាលដែលក្លាយជាពិធីការិនី គឺអាស្រ័យលើយើងថា ស្រឡាញ់អ្វីនៅក្នុងជំនាញហ្នឹង។ នៅក្នុងជំនាញពិធីការិនី មានរឿងមួយដែលយើងត្រូវដឹងថា យើងចូលចិត្តអានអត់ ឧស្សាហ៍ស្តាប់សំឡេងខ្លួនឯងដែរ។ ជាភាពចៃដន្យក៏ថាបាន មានពេលមួយខ្ញុំឡើងនិយាយជាសាធារណៈពីលិខិតមួយ ដែលនិយាយពីទិវាសិទ្ធិកុមារ។ ពីមុន ខ្ញុំតែងមានក្តីស្រមៃ ថានឹងបានកាន់ក្រដាសហ្នឹងឡើងអានដូចគេ។ ពីដំបូងយើងភ័យ ហើយខ្លាចខ្លាំង ពេលឡើងឆាកដំបូង ប៉ុន្តែពេលដែលយើងតាំងចិត្តថា យើងចង់ធ្វើវា ខ្ញុំជឿថាអ្នកណាក៏អាចជំនះរូបភាពភ័យនេះបានដែរ។»
កញ្ញា បន្ថែមថា បើទោះបីជានារី កម្លាំងមិនខ្លាំងដូចបុរស ប៉ុន្តែកម្លាំងកាយចិត្តមិនមានអ្វីមកវាស់បានទេ។ នៅពេល យើងតាំងចិត្ត ពុះពារធ្វើអ្វីមួយ ឬក៏មានបំណងចង់កសាងអ្វីមួយ យើងត្រូវចាប់ផ្តើមធ្វើទាំងអស់គ្នា។ «អ្នកត្រូវចាំថា យើងអត់នៅកន្លែងនេះម្នាក់ឯងទេ យើងមានគ្នាច្រើន យើងមាននារីៗដទៃទៀតគាំទ្រគ្នា ដើម្បីជាកម្លាំងចិត្ត។»៕
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។
