សហស្ថាបនិកសង្រ្កាន្តវិទ្យាល័យ ចង់ឱ្យយុវជនតាមវិទ្យាល័យ ផ្តុំជាសហគមន៍តែមួយដើម្បីលើកតម្កើងប្រពៃណីខ្មែរ
  • ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:០០ នាទី យប់
សហស្ថាបនិកសង្រ្កាន្តវិទ្យាល័យ ចង់ឱ្យយុវជនតាមវិទ្យាល័យ ផ្តុំជាសហគមន៍តែមួយដើម្បីលើកតម្កើងប្រពៃណីខ្មែរ

ក្រុមយុវជនស្ម័គ្រចិត្តនិស្ស័យ នឹងរៀបចំកម្មវិធី សង្ក្រាន្តវិទ្យាល័យ ក្រោមប្រធានបទ «សាទរវឌ្ឍនភាពទំពាំងកម្ពុជាថ្មី» នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។ សង្រា្កន្តវិទ្យាល័យនេះ រៀបចំនៅបរិវេណ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ។ លើសពីការចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរ សង្រ្កាន្តវិទ្យាល័យ បានផ្សារភ្ជាប់សាមគ្គីភាពនៃការធ្វើការជាក្រុមរបស់យុវជន។

TTN-Free-Banner-In-Article-PC

លោក សារិ ពុទ្ធិរិទ្ធ សហស្ថាបនិកនៃកម្មវិធីសង្រ្កាន្តវិទ្យាល័យ បានលើកឡើងថា កម្មវិធីសង្ក្រាន្តវិទ្យាល័យ រៀបចំឡើងដោយផ្តោតលើ សសរស្តម្ភចំនួនបួន គឺវប្បធម៌ ប្រពៃណី យុវជន និងការអភិវឌ្ឍ។ គោលបំណងសំខាន់ៗដូចជា ចូលរួមផ្សព្វផ្សាយ និងលើកតម្កើង វប្បធម៌សិល្បៈបុរាណ និងប្រពៃណី ដោយរួមបញ្ជូលទាំង ឧបករណ៍ភ្លេង របាំប្រជាប្រិយ និងរបាំប្រពៃណីរបស់ខ្មែរតាំងបុរាណកាលមក។  ព្រមទាំងមាន ការបង្ហាញពីទេពកោសល្យយុវជន ឱ្យមានភាពច្នៃប្រឌិត ផ្សារភ្ជាប់នូវស្មារតីសាមគ្គីភាព បញ្ជ្រាបការយល់ដឹងអំពីវប្បធម៌ ប្រពៃណីខ្មែរ ដ៏ល្អផូរផង់ដែលបានបន្សល់ពីកេរ្តិ៍ដំណែលដូនតាតាំងពីបុរាណកាលរៀងមក។

លោក សារិ ពុទ្ធិរិទ្ធ សហស្ថានិកសង្រ្កាន្តវិទ្យាល័យ

សហស្ថាបនិកសង្រ្កាន្តវិទ្យាល័យ បានបន្ថថា៖ «យុវជន នឹងមានឱកាសស្វែងយល់ពីការងារជាក្រុម បំណិតជីវិត តាមរយៈការផ្សារភ្ជាប់សាមគ្គីភាព និងលើកទឹកចិត្តយុវជនតាមពីបណ្តាវិទ្យាល័យនានា ឱ្យចូលរួមជាសហគមន៍តែមួយ។ ដោយមិនប្រកាសទស្សនៈ​ថា មកពីវិទ្យាល័យណាមួយឡើយ។ យើងចង់ឱ្យសិស្សានុសិស្ស នៅក្នុងកម្រិតមធ្យមសិក្សា មានការប្រមូលផ្តុំគ្នាជាធ្លុងមួយ ដើម្បីលើកតម្កើងវប្បធម៌ប្រពៃណីរបស់យើង។»

សូមជម្រាបថា ក្រុមយុវជនស្ម័គ្រចិត្តនិស្ស័យ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមជាមួយ ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ។ គិតមកដល់ឆ្នាំ២០២៤ «សង្ក្រាន្តវិទ្យាល័យ» បានរៀបចំចំនួន៦លើក គឺលើកទី១នៅឆ្នាំ២០១៦ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន។ លើកទី២ នៅឆ្នាំ២០១៧ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន និងលើកទី៣ នៅឆ្នាំ២០១៨ វិទ្យាល័យ ជាស៊ីមសាមគ្គី។  លើកទី៤ នៅឆ្នាំ២០១៩ វិទ្យាល័យ ឥន្ទ្រទេវី។ លើកទី៥ នៅឆ្នាំ២០២៣ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន លើកទី៦ នៅឆ្នាំ២០២៤ វិទ្យាល័យបឹងត្របែក៕


អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន