ក្រុមអ្នកច្បាប់សម្តេច ហ៊ុន ម៉ាណែត ជាយន្តការសំដៅបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌
- ថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:១២ នាទី ព្រឹក

លោក ម៉ុក ច័ន្ទសុធា ប្រធានក្រុមអ្នកច្បាប់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.)
ការបង្កើតក្រុមអ្នកច្បាប់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) គឺក្នុងគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ និងជាយន្តការបំពេញបន្ថែមសំដៅបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។ នេះជាការបញ្ជាក់របស់លោក ម៉ុក ច័ន្ទសុធា ប្រធាននៃក្រុមការងារថ្មីនេះ នាពិធីប្រកាសសមាសភាពផ្លូវការ កាលពីថ្ងៃទី២៩ ខែមីនា។

ក្រុមអ្នកច្បាប់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) ត្រូវបានបង្កើតឡើង ជាចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ តាមសេចក្តីសម្រេចចុះកាលពីថ្ងៃទី២០ ខែមករា ក.ច.ស.ធ. ដែលដឹកនាំដោយលោក ម៉ុក ច័ន្ទសុធា មានអនុប្រធានពីររូប គឺលោក ចេង ប៉េងហាប់ និងលោក ហាក់ សុភារិទ្ធ រីឯលោក ជា សុធារ៉ា, លោក លី សុវណ្ណបញ្ញា, លោក ឆាយ សុធា, លោក ផាន់ លីវ៉ា, លោក សួស សារុន, លោក ហេង សុផារិទ្ធ និងលោក រស់ ឧត្តម ជាសមាជិក។
ក.ច.ស.ធ. អាចបង្កើតក្រុមការរចំណុះ និងមានទីប្រឹក្សាមួយចំនួន ដោយការតែងតាំង និងផ្លាស់ប្តូរសមាសភាព ត្រូវធ្វើឡើងតាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ជាមួយគ្នានេះ លោក ម៉ុក ច័ន្ទសុធា បានដាក់សំណើតែងតាំងសមាជិកថ្មីមួយចំនួនផងដែរ ហើយកាលពីថ្ងៃទី៦ ខែមីនា លោកបានចេញសេចក្តីសម្រេចតែងតាំងសមាសភាពក្រុមការងារចំណុះ ជាពិសេសក្រុមការងារនៅតាមបណ្តារាជធានី-ខេត្ត។
ក្នុងពិធីប្រកាសសមាសភាពផ្លូវការ លោក ម៉ុក ច័ន្ទសុធា លើកឡើងថា ក.ច.ស.ធ. មិនទៅជំនួសយន្តការដែលមានស្រាប់នោះឡើយ ដោយការបង្កើតឡើងក្នុងគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ និងជាយន្តការបំពេញបន្ថែមដើម្បីបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។
លោក បានសង្កត់ធ្ងន់ថា ការអនុវត្តការងារត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ចៀសវៀងការប្រព្រឹត្តអំពើខុសឆ្គង និងខុសច្បាប់ ព្រមទាំងសកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ ក.ច.ស.ធ.។
រដ្ឋាភិបាល ក៏មានក្រុមប្រឹក្សាអ្នកច្បាប់ ស្ថិតក្រោមទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ ដោយមានលោកឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ ជាប្រធាន, លោកទេសរដ្ឋមន្ត្រី គី តិច ជាអនុប្រធាន, លោក ស៊ា ម៉ៅ ជាអគ្គលេខាធិការ និងលោក អ៊ុត ស៊ីណាត ជាអគ្គលេខាធិការរង៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com