- ថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:៥៩ នាទី ព្រឹក

ភ្នំពេញ៖ បច្ចុប្បន្ន មនុស្សចាស់ក្នុងចំណោមប្រជាជនកម្ពុជា ដែលមានអាយុលើសពី៦៥ឆ្នាំ គឺមាន៦ភាគរយ។ បើតាមលោក ឈាង រ៉ា រដ្ឋមន្តី្រក្រសួងសុខាភិបាល អត្រានេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងលើស១៤ភាគរយ នៅឆ្នាំ២០៣២ ដែលធ្វើឱ្យកម្ពុជា ស្ថិតក្នុងប្រភេទអន្តរជាតិ ហៅថា «សង្គមមនុស្សចាស់»។
ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា រដ្ឋមន្តី្រក្រសួងសុខាភិបាល បានបញ្ជាក់ថា អត្រាមនុស្សចាស់នៅកម្ពុជា អាចឈានដល់២៧ភាគរយ ក្នុងឆ្នាំ២០៥០ ដែលកម្ពុជានឹងស្ថិតក្នុងប្រភេទ«សង្គមនុស្សចាសជរា»។ ការណ៍នេះ គឺដោយសារតែវឌ្ឍនភាពសង្គម និងសុខភាព អាយុសង្ឃឹមរស់បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល២០ឆ្នាំកន្លងមក ឈានដល់អាយុ៧៦ឆ្នាំ មកទល់សព្វថ្ងៃនេះ។
ទន្ទឹមនឹងនេះ អត្រាមានកូន (ចំនួនកូនជាមធ្យមនៃស្រ្តីអាយុចន្លោះពី១៥-៥០ឆ្នាំ) បានថយចុះពី៥,៧ ក្នុងឆ្នាំ១៩៩០ មកនៅត្រឹម៤ ក្នុងឆ្នាំ២០០០។ បន្តធ្លាក់នៅត្រឹម២,៧ក្នុងឆ្នាំ២០១០ និងត្រឹម២,៤ ក្នុងឆ្នាំ២០២១។ បើតាមលោក ឈាង រ៉ា អត្រាកំណើតសរុបបានថយចុះ (ចំនួនកំណើតក្នុងមួយឆ្នាំសម្រាប់ប្រជាជន ១ ០០០នាក់) ចំនួន៤៥នាក់ក្នុងចំណោម១ ០០០នាក់ ក្នុងឆ្នាំ១៩៩០។ ចំនួននេះ បន្តធ្លាក់នៅត្រឹម២៧នាក់ក្នុងឆ្នាំ២០០០, នៅត្រឹម២៣នាក់ក្នុងឆ្នាំ២០១០ រហូតធា្លក់នៅត្រឹម១៩,៣នាក់ក្នុងឆ្នាំ២០២១។
ពោល អត្រាកំណើនប្រជាជនប្រចាំឆ្នាំបានថយចុះ ៣,៨០ភាគរយ ក្នុងឆ្នាំ១៩៩០, ២ភាគរយ ក្នុងឆ្នាំ២០០០។ ១,៧០ភាគរយ ក្នុងឆ្នាំ២០១០ និងរក្សានៅក្នុងអត្រា១,៧ភាគរយដដែល នៅឆ្នាំ២០២១។
យ៉ាងណាមិញ លោករដ្ឋមន្ត្រីសុខាភិបាលបានលើកឡើងថា ពេលនេះ តុល្យភាពប្រជាសាស្ត្រនៅតែអំណោយផល ពីព្រោះមនុស្សវ័យចំណាស់ប្រជាជនកម្ពុជា គឺមិនវិវត្តឆាប់ពេកនោះទេ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីដទៃទៀត។ ក៏ប៉ុន្តែ លោកបានព្រមានយ៉ាងដូច្នេះ ៖ «ស្ថានភាពនឹងលំបាក ពីព្រោះអត្រាកំណើតមានត្រឹមតែកម្រិតនៃអត្រាប្រជាជនផ្លាស់ថ្មី នៅឆ្នាំ២០៥០ ប្រសិនបើអត្រាកំណើតមិនប្រែប្រួលទេ។»។
បើតាមលោក ឈាង រ៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត កម្ពុជា នឹងប្រឈមមុខនូវបញ្ហាសុខសង្គមពីរ។ បញ្ហាទីមមួយនោះ គឺការចំណាយលើការព្យាបាលនឹងកើនឡើង ព្រោះមនុស្សចាស់កាន់តែច្រើននឹងមានកើតជំងឺចម្រុះច្រើនមុខ និងជំងឺរ៉ាំរ៉ៃ ដែលការថែទាំមានរយៈពេលវែង និងចំណាយច្រើន។ បញ្ហាមួយវិញទៀត គឺមូលដ្ឋានធនធានសម្រាប់ការផ្តល់ហិរញ្ញប្បទាន កើនឡើងតិចតួច ដោយសារមានអត្រាយុវជនសកម្មតិចជាងមុន ក្នុងការរួមចំណែកលើការផ្តល់ហិរញ្ញប្បទានដល់ការចំណាយលើសុខភាព តាមរយៈការបង់ពន្ធ និងវិភាគទានសន្តិសុខសង្គម៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕
