កម្ពុជា-លុចសំបួ បោះជំហានថ្មីឆ្ពោះទៅពង្រឹងទំនាក់ទំនងទ្វេភាគី
  • ថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
កម្ពុជា-លុចសំបួ បោះជំហានថ្មីឆ្ពោះទៅពង្រឹងទំនាក់ទំនងទ្វេភាគី
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(ស្តាំ) និង លោក Xavier Bettel ​រដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ លុចសំបួ (ឆ្វេង)។r រូបភាព៖ ក្រសួងការបរទេសកម្ពុជា

​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា  និង​លោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ លុចសំបួ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការទូទៅ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ​នៅថ្ងៃទី៣១ ខែមីនា។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកកិច្ចព្រមព្រៀងនេះថា ទុកជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅពង្រឹងទំនាក់ទំនងទ្វេភាគី។

TTN-Free-Banner-In-Article-PC

បើតាមក្រសួងការបរទេសកម្ពុជា ពិធីចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគី រវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ​ជាមួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ។ 

ក្នុងជំនួបនេះ​ ភាគីទាំងពីរ បានគូសបញ្ជាក់​ពីសារៈសំខាន់​នៃ​ការ​បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី​លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរ​រវាងប្រជាជន-ប្រជាជន។ ​ក្រសួងការបរទេសកម្ពុជា បន្តដូច្នេះ៖«ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។»។

 

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(ស្តាំ) និងព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ(ឆ្វេង)។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា

សូមជម្រាបដែរថា ក្រៅពីចុះកិច្ចព្រមព្រៀង ដែលជាជំហានថ្មីឆ្ពោះទៅ​ពង្រឹងទំនាក់ទំនង​ទ្វេភាគី រដ្ឋាភិបាលលុចសំបួ ក៏នឹងផ្តល់ថវិកាជំនួយ ចំនួន ២លានអឺរ៉ូផងដែរ សម្រាប់គាំទ្រ​គម្រោង​​បោសសម្អាតមីន​ដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ នៅកម្ពុជា។ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធី​អភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពជា (UNDP) នឹង​ចុះហត្ថ​លេខា​លើកិច្ចព្រមព្រៀងជំនួយនេះ ​នៅថ្ងៃទី១ ខែមេសា នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនកម្ពុជា ដែលបានចាត់ទុកការចូលរួមរបស់ លុចសំបួ ថានឹងបង្កើនទិន្នផល​នៃ​ការបោសសម្អាតមីន ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព តាម​រយៈមជ្ឈ​មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងបង្កើតសមត្ថភាពជាតិ ​ក្នុងការ​ឆ្លើយតប​នឹងការប្រមូលយុទ្ធភណ្ឌដែលនៅសេសសល់៕

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា