អង្គរសង្រ្កាន្តឆ្នាំនេះ នឹងបង្ហាញវត្តមានគោមផ្កាអង្គាបុស្ប
- ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:០៣ នាទី ព្រឹក

ភ្នំពេញ៖ នេះជាឆ្នាំទី១០ហើយ ដែលសិប្បកម្មគ្រួសារចង្កៀង ផ្គត់ផ្គង់វត្ថុសិល្បៈតាំងលម្អដល់សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ឆ្នាំនេះសិប្បកម្មគ្រួសារចង្កៀង ធ្វើគោមផ្កាអង្គាបុស្ប ផ្កាឈូក និងផ្ការំដួល រំលេចជាមួយភ្លើងយ៉ាងស្រស់ស្អាតតាំងបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
ស្ថិតក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ សិប្បកម្មគ្រួសារចង្កៀងជាសិប្បកម្មធ្វើគ្រឿងតាំងលម្អសិល្បៈពីដែក ដែលបានសហការជាមួយ ស.ស.យ.ក.ធ្វើគោមរូបផ្កាជាច្រើនប្រភេទ តាំងពីព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥។
កន្លងមកស្នាដៃសិល្បៈនៃសិប្បកម្មនេះ បានបង្ហាញវត្តមាននៅព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាច្រើនមានដូចជា គោមផ្កាចំប៉ា ផ្ការំចង់ ផ្កាត្រគៀត ផ្ការំដួល ផ្កាឈូក របាំត្រុដិ គោមអក្សរអង្គរសង្រ្កាន្ត
និងគោមផ្កាអង្គាបុស្បក្នុងឆ្នាំ២០២៥នេះ។

លោក សែត ចាន់ធឿន អ្នកគ្រប់គ្រងសិប្បកម្មគ្រួសារចង្កៀង សប្បាយចិត្តដែលអ្នករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់អារម្មណ៍លើស្នាដៃសិល្បៈនៃសិប្បកម្មខ្លួនហើយបន្តគាំទ្ររយៈពេល១០ឆ្នាំមកនេះ។ លោក ចាន់ធឿន លើកឡើងដូច្នេះថា៖ «ខ្ញុំសប្បាយចិត្តដែលខាងអង្គរសង្រ្កាន្តជ្រើសរើសខ្ញុំឱ្យធ្វើផ្កាអង្គាបុស្ប។ ហើយក៏អរគុណខាងស.ស.យ.ក.ដែលជ្រើសរើសសិប្បកម្មខ្ញុំ និងជឿទុកចិត្តចំពោះស្នាដៃរបស់ខ្ញុំ»។ លោករំពឹងថាក្រុមការងារអង្គរសង្រ្កាន្ត នឹងបន្តរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តជារៀងរាល់ឆ្នាំដើម្បីគេអាចមានឱកាសបង្ហាញស្នាដៃសិល្បៈ ពិសេសគោមរូបផ្កាតំណាងឱ្យកម្ពុជាដល់ភ្ញៀវទេសចរ។
លោក ចាន់ធឿន លើកឡើងថា សសយក ជ្រើសរើសធ្វើគោមរូបផ្កាអង្គារបុស្បដោយសារទេវតាឆ្នាំនេះសៀតផ្កាអង្គាបុស្ប។ ចំណែកឯ គោមផ្កាឈូក និងផ្ការំដួលបង្ហាញវត្តមានជាផ្កាតំណាងជាតិ។ ធ្វើគោមផ្កាអង្គាបុស្បលើកដំបូង លោក ចាន់ធឿនថាវាពិបាកជាងប្រភេទផ្កាដទៃ ហើយផ្កាមួយគុម្ពធ្វើរយៈពេល៤ថ្ងៃ។ លោក ចាន់ធឿន បញ្ជាក់ថាសិប្បកម្មខ្នាតតូចនេះ ផ្ដល់ឱកាសការងារដល់ពលរដ្ឋ១៥នាក់ និងផ្ដល់ជំនាញរបស់ពួកគេផងដែរ៕



លោក សែត ចាន់ធឿន អ្នកគ្រប់គ្រងសិប្បកម្មគ្រួសារចង្កៀង


អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: