- ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:០៩ នាទី រសៀល

ភ្នំពេញ៖ រដ្ឋាភិបាល ពិសេសក្រសួងស្ថាប័ន ពាក់ព័ន្ធត្រូវពង្រឹងការត្រួតពិនិត្យបញ្ហា សុវត្ថិភាពចំណីអាហារនាំចូល និងផលិតក្នុងស្រុក។ ជាពិសេស ត្រូវពិនិត្យគុណភាពលើ ត្រី សាច់ បន្លែ ផ្លែឈើ ចំណីអាហារខូចគុណភាព អាហារមានជាតិផ្អែម និងប្រៃខ្លាំង ឬ ប្រើប្រាស់សារធាតុគីមីហួសកម្រិត ដើម្បីធានាសុវត្ថិភាពសុខភាពពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្ទាល់។ នេះជាការអំពាវនាវរបស់ប្រធានរដ្ឋសភា សម្តេច ឃួន សុដារី ដែលបានលើកឡើងចំៗទៅកាន់ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ ឱ្យរួមគ្នាធ្វើកិច្ចការនេះ។
ការអំពាវនាវរបស់ប្រធានរដ្ឋសភា ត្រូវបានធ្វើឡើងបន្ទាប់ពីឃើញអត្រាស្លាប់ដោយសារជំងឺមិនឆ្លងនៅកម្ពជានេះ មានប្រមាណ ៦៤ភាគរយ ក្នុងនោះ មាន២៣ភាគរយ ស្លាប់មុនអាយុ៧០ឆ្នាំ។ ក្នុងន័យនេះ ប្រជាជន កម្ពុជា ១នាក់ ក្នុងចំណោម ៤នាក់ អាចស្លាប់មុនអាយុ៧០ឆ្នាំ ដោយជំងឺមិនឆ្លង រួមមានជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺរ៉ាំងរ៉ៃ។
របាយការណ៍អង្កេតកត្តាហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា ឆ្នាំ២០២៣ បានបង្ហាញថា ក្នុងចំណោមមនុស្សពេញវ័យអាយុចាប់ពី១៨ ដល់៦៩ ឆ្នាំ មាន១នាក់ក្នុងចំណោម៤នាក់ មានកូឡេស្តេរ៉ូលឡើងខ្ពស់ និង១នាក់ក្នុងចំណោម ៥នាក់ មានសម្ពាធឈាមខ្ពស់។ ក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី«បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន» នៅវិមានរដ្ឋសភា នាថ្ងៃទី៣១ ខែមីនា សម្តេច ឃួន សុដារី បានបញ្ជាក់ថា ៖« នេះគឺជាតួលេខមួយដ៏គួរឱ្យព្រួយបារម្ភជាខ្លាំង ដោយយើងទាំងអស់គ្នា ទាំងស្ថាប័នប្រតិបត្តិ នីតិប្បញ្ញត្តិ និងវិស័យឯកជន ត្រូវធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធ និងសកម្មថែមទៀត ដើម្បី កាត់បន្ថយហានិភ័យនៃជំងឺនេះ ឱ្យនៅកម្រិតអប្បបរមា។»។
ជីវភាពធូរធារ ភាពសម្បូរបែប និងភាពងាយស្រួល ក្នុងការស្វែងរកអាហារកែច្នៃ ដែលភាគច្រើនសម្បូរទៅដោយជាតិស្ករ អំបិល ខ្លាញ់មិនល្អខ្ពស់ បានក្លាយជាដើមចម ចំពោះការកើនឡើងនៃជំងឺមិនឆ្លងនៅកម្ពុជា។ ឥរិយាបថ នៃការរស់នៅដោយមិនបានគិតគូរពីសុខភាព ក៏បានតែបង្កជាគ្រោះថ្នាក់ថែមទៀត នៅពេលជំងឺទាំងនោះកើតឡើង ចំពោះក្រុមយុវជនសកម្ម ឬយុវជន ដែលជាកម្លាំងពលកម្មពោរពេញដោយការផលិតភាព និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ យុវជនដែលមានឥរិយាបថរស់នៅមិនមានសុខភាពល្អ មានហានិភ័យខ្ពស់ចំពោះការកើតជំងឺមិនឆ្លងទាំងវ័យក្មេង នឹងក្លាយជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដល់សាម៉ីខ្លួន ក្រុមគ្រួសារ និងប្រព័ន្ធសុខាភិបាល។
បញ្ហានេះ ត្រូវបានក្រសួងសុខាភិបាលទទួលស្គាល់ពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយជំងឺមិនឆ្លង ហើយបានសម្រេចដាក់បញ្ចូលជំងឺមិនឆ្លងនេះ ទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីសម្រេចឱ្យបានការថយចុះមួយភាគបី(១/៣) នៃអត្រាមរណភាពមុនអាយុ ដោយសារជំងឺមិនឆ្លងត្រឹមឆ្នាំ២០៣០។ ក្រសួងសុខាភិបាល ដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះចំនួន៩ ដែលត្រូវអនុវត្តដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពសកល ការបង្កើនសកម្មភាពអប់រំ ដើម្បីលើកកម្ពស់សុខភាពប្រជាជនឱ្យកាន់តែប្រសើរឡើង និងការប្រយុទ្ធនឹងជំងឺមិនឆ្លង។ ក្នុងនោះ កញ្ចប់ថវិកាសម្រាប់វិស័យសុខាភិបាលបានកើនឡើងខ្លាំងចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់បច្ចុប្បន្ន។
ក្នុងឆ្នាំ២០២៥ កញ្ចប់ថវិកាសម្រាប់វិស័យសុខាភិបាល កើនរហូតដល់ជាង៧០០លានដុល្លារ ដើម្បីជំរុញលើការគ្របដណ្តប់សុខភាពជាសកល និងដោះស្រាយភាពមានកម្រិត នៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពាសង្គម។ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល រដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់នានា ដែលមានគោលដៅការពារ លើកកម្ពស់សុខុមាលភាពប្រជាជន។ ជាក់ស្តែង កន្លងមក រដ្ឋសភា បានអនុម័តច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និងច្បាប់ ស្តីពីសុវត្ថិភាពចំណីអាហារជាដើម ដែលជាការបោះជំហានថ្មីមួយថែមទៀត ក្នុងការកាត់បន្ថយហានិភ័យ នៃការកើតជំងឺមិនឆ្លង ដោយប្រើប្រាស់វិធានការលើសពីវិស័យសុខាភិបាល។
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ថ្លែងក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នៅវិមានរដ្ឋសភា នាថ្ងៃទី៣១ ខែមីនា។ រូបថត៖ រដ្ឋសភា
ជាមួយគ្នានេះ ប្រធានរដ្ឋសភា បានជំរុញសមាជិករដ្ឋសភា និងព្រឹទ្ធសភា ឱ្យសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។ ការផ្សព្វផ្សាយនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹង ពីហានិភ័យ និងវិធីសាស្ត្រ នៃការបង្ការ ការពារជំងឺមិនឆ្លង នៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ។ សម្តេច ឃួន សុដារី មានប្រសាសន៍យ៉ាងដូច្នេះ ៖« ដើម្បីសម្រេចបាននូវភាពជោគជ័យ យើងចាំបាច់ត្រូវពង្រឹងកិច្ចសហការប្រតិបត្តិការពហុភាគី និងពង្រឹងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហាជំងឺមិនឆ្លងនេះ។ យើងត្រូវកសាងនូវ យុទ្ធសាស្រ្តជវភាពតួអង្គតែមួយ (whole-of-society approach) ដែលមានការចូលរួមពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទីកន្លែង ទាំងទីក្រុង និងទីជនបទ។»។
លើសពីនេះ ប្រធានរដ្ឋសភា បានអំពាវនាវដល់ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ ឱ្យពង្រឹងការត្រួតពិនិត្យបញ្ហាសុវត្ថិភាពចំណីអាហារនាំចូល និងផលិតក្នុងស្រុក។ ជាពិសេស ត្រូវពិនិត្យលើត្រី សាច់ បន្លែ ផ្លែឈើ ដែលខូចគុណភាព អាហារមានជាតិផ្អែម និងប្រៃខ្លាំង ឬ ប្រើប្រាស់សារធាតុគីមីហួសកម្រិត ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុខភាព សុវត្ថិភាពប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្ទាល់។
«សម្រាប់វិធានការបន្ទាន់ យើងក៏គួរពិចារណា រកវិធានការនានាដើម្បីធានាអំពីសុវត្ថិភាព និងទប់ស្កាត់ នូវចំណីអាហារ ឬភេសជ្ជៈណា ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជាគ្រឿងស្រវឹង និងភេសជ្ជៈមានកម្រិតជាតិផ្អែមខ្ពស់ជាដើម។»។ នេះជាការបញ្ជាក់របស់សម្តេច ឃួន សុដារី ដែលប្រាប់ដល់ក្រសួងសុខាភិបាល ឱ្យពិចារណាស្វែងរក និង លៃលកខ្ទង់ថវិកាសម្រាប់គ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមនៃជំងឺមិនឆ្លង ចាប់ពីឆ្នាំនេះតទៅ។ សម្រាប់ថវិកាជាតិ ឆ្នាំ២០២៥ និងកន្លងមក មិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយបញ្ហាជំងឺមិនឆ្លងនោះឡើយ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋាភិបាល ឱ្យក្រសួងពាណិជ្ជកម្ម ពង្រឹងសមត្ថភាពពិសោធន៍សារធាតុគីមីក្នុងផ្លែទុរេននាំចូលឱ្យបានឆាប់រហ័ស។ វិធានការរបស់កម្ពុជានៅពេលនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរគយចិន រកឃើញសារធាតុគីមី Basic Yellow 2 ឬ Auramine 0 និង Cadmium នៅក្នុងទុរេន ដែលនាំចូលពីថៃ និងវៀតណាម។ ការពង្រឹងសមត្ថភាពពិសោធន៍នេះ គឺដើម្បីជួយគាំទ្រដល់មន្រ្តីគយ និងរដ្ឋាករកម្ពុជា ដល់ការវិភាគ និងត្រួតពិនិត្យលើទុរេននាំចូលនៅតាមច្រកព្រំដែន។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្ម ក៏ត្រូវទទួលបន្ទុកជំរុញការដាំដុះទុរេនក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការផងដែរ៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕
