ប្រមុខការទូតទីម័រឡេស្តេ នឹងមកកម្ពុជា ពីថ្ងៃទី៣-៤ខែមេសា ដើម្បីពង្រឹងទំនាក់ទំនង​ទ្វេភាគី
  • ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៤៤ នាទី ព្រឹក
ប្រមុខការទូតទីម័រឡេស្តេ នឹងមកកម្ពុជា ពីថ្ងៃទី៣-៤ខែមេសា ដើម្បីពង្រឹងទំនាក់ទំនង​ទ្វេភាគី
លោក Bendito dos Santos Freitas ប្រមុខការទូតទីម័រឡេស្តេ (ឆ្វេង) និងប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន (ស្តាំ) នាអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា តបតាមការអញ្ជើញរបស់ ឯកឧត្តម រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

TTN-Free-Banner-In-Article-PC

លោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ ​ទីម័រឡេស្តេ នឹង​បំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ក្នុងអំឡុងទស្សនកិច្ចនេះ ប្រមុខការទូតទីម័រឡេស្តេ លោក Bendito dos Santos Freitas នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។ 

លោក Bendito dos Santos Freitas ក៏នឹងមានជំនួបពិភាក្សាទ្វេភាគី ជាមួយ​លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីរិះរកវិធីសាស្ត្រថ្មីៗសម្រាប់ពង្រឹង និងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍រួម។ នេះបើតាមក្រសួងការបរទេសកម្ពុជា ដែលបន្តបន្ថែមថា៖ «ទស្សនកិច្ចខាងមុខរបស់ឯកឧត្តម Bendito dos Santos Freitas នឹងបញ្ជាក់ពីការ ប្តេជ្ញាចិត្តនៃប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំងពីរ។»៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា