- ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:០៩ នាទី ល្ងាច

ភ្នំពេញ៖ ក្រសួងព័ត៌មាន បើកយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» រយៈ ពេល១២ខែ ក្នុងបំណងផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជន ពិសេសលើបណ្ដាញសង្គម ដើម្បីរួមគ្នា ទប់ស្កាត់ការរីករាលដាលព័ត៌មានក្លែងក្លាយ។
នៅថ្ងៃទី១ ខែមេសា ក្រសួងព័ត៌មាន បានប្រកាសបើកយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយ ក្នុងសង្គម។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កត់សម្គាល់ឃើញ ព័ត៌មានក្លែងក្លាយ មានការកើនឡើង ដោយនៅក្នុងឆ្នាំ២០២៣ មានព័ត៌មានក្លែងក្លាយ ៣ ២០៨ព័ត៌មាន ហើយនៅឆ្នាំ ៣ ៦៥១ ព័ត៌មាន។ ចំនួននេះបានកើនឡើង ប្រមាណ ១៤ ភាគរយ។ រដ្ឋមន្ត្រីអះអាងថា ព័ត៌មានក្លែងក្លាយទាំងនេះ ភាគច្រើន គឺព័ត៌មានបង្កអសន្តិសុខ វាយប្រកាសថ្នាក់ដឹកនាំរដ្ឋាភិបាល និងការលាបពណ៌ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ហេតុនេះ ដើម្បីកាត់បន្ថយព័ត៌មាន រដ្ឋមន្ត្រីបានរៀបចំយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ! » ឡើយ ហើយលោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា៖ «គោលដៅនៃយុទ្ធនាការនេះ គឺផ្ដោតលើការផ្លាស់ប្ដូរឥរិយាបទរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា»។
លោក នេត្រ ភក្ត្រា ចាត់ទុក ព័ត៌មានក្លែងក្លាយ ជាបញ្ហាប្រឈមធំមួយ ដែលនាំឱ្យពលរដ្ឋសម្រេចចិត្តខុស។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី ឃើញយុវជនជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត ខណៈសង្គមកម្ពុជាភាគច្រើន ជាយុវជន ហើយក៏ជាអ្នកប្រើប្រាស់បណ្ដាញសង្គមច្រើន។
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅសន្និសីទសារព័ត៌មានស្ដីពី ការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» កាលពីរសៀលថ្ងៃទី៣១មីនា ឆ្នាំ២០២៥។ រូបពី ក្រសួងព័ត៌មាន
តាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ក្រសួងព័ត៌មាន នឹងបញ្ជ្រាបការយល់ដឹងទៅកាន់ពលរដ្ឋ ឱ្យស្គាល់ព័ត៌មានក្លែងក្លាយ និងផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយ។ ក្រសួង ក៏មានបំណងលើកកម្ពស់ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងចំណោមពលរដ្ឋទូទៅ ពិសេសយុវវ័យ ដើម្បីឱ្យពួកគេចេះបែងចែកព័ត៌មានពិត ឬមិនពិត។
ទន្ទឹមនឹងនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖ «ដើម្បីឱ្យពួកគេ (ពលរដ្ឋ) ចែករំលែកព័ត៌មានបន្តដោយប្រុងប្រយ័ត្ន ហើយយើងនឹងផ្ដល់មូលដ្ឋានគ្រឹះដល់ពលរដ្ឋ ឱ្យយល់ពីព័ត៌មានក្លែងក្លាយ គេសម្គាល់យ៉ាងម្ដេច? ហើយព័ត៌មានពិត យើងសម្គាល់យ៉ាងដូចម្ដេច?»។
លោករដ្ឋមន្ត្រីព័ត៌មាន បានបង្ហាញពីទម្រង់ព័ត៌មានក្លែងក្លាយ មាន៣ប្រភេទ។ ទី១ ព័ត៌មានក្លែងបន្លំ (Disinformation) បង្កើតឡើង ហើយយកទៅផ្សព្វផ្សាយដោយចេតនា ឱ្យមហាជនមានការយល់ច្រឡំ ហើយបង្កផលប៉ះពាល់ដល់បុគ្គលណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។ ទី២ ព័ត៌មានបំភ្លៃ (Malinformation) ជាព័ត៌មានមិនពិត ដែលកែច្នៃពីព័ត៌មានពិត ហើយផ្សព្វផ្សាយក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។ ទី៣ គឺព័ត៌មានភាន់ច្រឡំ (Misinformation) ជាព័ត៌មានមិនពិត ដែលអ្នកចែករំលែកបន្តមិនដឹងពីប្រភពនៃព័ត៌មានច្បាស់ ដោយគ្មានបំណងធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ៕
អ្នកសរសេរអត្ថបទ
