- ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

ភ្នំពេញ៖ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល អះអាងនឹងបន្ត រឹតបន្តឹងច្បាប់ចរាចរណ៍ចំពោះសិស្សាសាលា ដែលមិនគោរពច្បាប់ ពិសេសបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព។
ក្រុមមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចាប់ផ្ដើមពិន័យសិស្សដែលមិនពាក់មួកសុវត្ថិភាព១៥នាក់ នៅខាងមុខវិទ្យាល័យ ហ៊ុន សែន សេរីភាព។ ការបង្ក្រាបនេះ ធ្វើឡើងកាលថ្ងៃទី៣១មីនា ហើយនឹងបន្តនៅតាមសាលាផ្សេងទៀត នៅក្រុងតាខ្មៅ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ តាមទូរស័ព្ទ លោក យី វណ្ណដា បានឱ្យដឹងថា មុនឈានដល់ការផាកពិន័យសិស្សតាមសាលា មន្ត្រីនគរបាលបានចុះណែនាំដល់សិស្ស ឱ្យពាក់មួកសុវត្ថិភាព ដាក់កញ្ចក់ និងរៀបចំម៉ូតូឱ្យត្រូវតាមច្បាប់ ប្រមាណ៣ដងរួចមកហើយ។ ចំពោះការ ពិន័យនេះ អធិការបានបញ្ជាក់បែបនេះ៖ «យើងផាកនៅខាងមុខសាលាច្រកចេញតែម្ដង ទើបស្រួលចាប់ ព្រោះបើផាកតាមដងផ្លូវអាចមានគ្រោះថ្នាក់»។
យ៉ាងណាក្ដី ការឹតបន្ដឹងច្បាប់ចរាចរណ៍នេះ ត្រូវបានមហាជនមួយចំនួនរិះគន់ ហើយលោកអធិការក្រុងតាខ្មៅ ក៏ដឹងដែរ។ ប៉ុន្តែ លោក យី វណ្ណដា ពន្យល់ពីការអនុវត្តច្បាប់ គឺអនុវត្តគ្រប់សាលា ដោយស្មើភាពគ្នា និងតម្លាភាព។
ជាមួយគ្នាដែរ លោក យី វណ្ណដា អំពាវនាវឱ្យពលរដ្ឋទាំងអស់នៅក្រុងតាខ្មៅ គោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន រួមទាំងអ្នកដទៃ។ អធិការសង្កាត់ធ្ងន់បែបនេះ៖ «បំណងរបស់ខ្ញុំ សូមឱ្យមានសណ្ដាប់ធ្នាប់លើដងផ្លូវ និងការពារសុវត្ថិភាពជូនពួកគាត់ផង»។
ពាក់ព័ន្ធនឹងការពង្រឹងច្បាប់ចរាចរណ៍នេះ លោកអធិការអះអាងថា បានសុំគោលការណ៍ពីថ្នាក់លើ ហើយនឹងបន្តអនុវត្តតាមសាលារៀនផ្សេងទៀត ក្នុងក្រុងតាខ្មៅ ដើម្បីឱ្យពលរដ្ឋ សិស្សានុសិស្ស ប្ដូរឥរិយាបទ គោរពតាមច្បាប់ចរាចរណ៍៕
សូមស្ដាប់កិច្ចសម្ភាស កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ៖
អ្នកសរសេរអត្ថបទ
