- ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:២០ នាទី ព្រឹក

ចាប់ផ្តើមពីថ្ងៃនេះ កម្ពុជា នឹងស្វាគមន៍នូវភាគីប្រទេសជាមិត្តទាំងអស់ដែលមកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានកងទ័ពជើងទឹករាម។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាគ្មានអ្វីលាក់លៀមទេ ហើយការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមនេះ ក៏មិនមែនសម្រាប់តែសម្រាប់នាវាកងទ័ពជើងទឹកចិនចូលចត ដែរ។ សម្តេច បានថ្លែងយ៉ាងដូច្នេះ ៖ « យើងអត់មានលាក់ទេ! ជាឱកាសពង្រឹងអធិបតេយ្យភាព មិត្តភាព សាមគ្គីភាពរវាងកម្ពុជាជាមួយប្រទេសទាំងអស់ រួមទាំងវិស័យការពារជាតិរបស់យើង ផ្អែកលើសាមគ្គី និងការគោរពអធិបតេយ្យភាពជាតិគ្នាទៅវិញទៅមក»។
បើតាមសម្តេចហ៊ុន ម៉ាណែត រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម គឺត្រូវតែជូនដំណឹងមកកម្ពុជាជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ។ ការណ៍នេះ គឺលើកលែងចំពោះករណីបន្ទាន់ ដែលត្រូវការសង្គ្រោះ។ នាវាយោធាទាំងអស់សុទ្ធតែអាចចូលមកបាន លើកលែងតែនាវាដែលលើសចំណុះដែលកំពង់ផែកម្ពុជា មិនអាចទ្រទ្រង់បាន។ ប្រមុខរដ្ឋាភិបាលអះអាងជាថ្មីថា មូលដ្ឋានកងទ័ពជើងទឹករាម គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខដោយកងទ័ពជើងទឹកកម្ពុជា៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕
