- ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:២០ នាទី រសៀល

តើខុសអី្វគ្រាន់តែកម្ពុជាធ្វើទំនើបកម្មសមត្ថភាពកងទ័ពរបស់ខ្លួន និងកសាងមូលដ្ឋានហ្វឹកហ្វឺនកងទ័ពរាម ជាមួយចិន? សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចោទជាសំណួរបែបនេះ ទៅកាន់មតិចំនួនដែលមិនពេញចិត្ត ចំពោះកម្ពុជាសហការជាមួយរដ្ឋាភិបាលចិន ក្នុងការអភិវឌ្ឍន៍មូលដ្ឋានទ័ពរាមនេះឡើង។
សម្តេច បានអះអាងថា គោលដៅចំបងនៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺដើម្បីពន្លឿនសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា មិនមែនឱ្យប្រទេសចិន ឬប្រទេសណាមួយ ដាក់មូលដ្ឋានកងទ័ពផ្តាច់នៅលើទឹកដីកម្ពុជាឡើយ។ បើតាមប្រសាសន៍សម្តេច ការធ្វើទំនើបកម្មកងទ័ពរាមនេះ នឹងធ្វើឱ្យកងទ័ពជើងទឹកកម្ពុជាកាន់តែមានសមត្ថភាព ក្នុងការប្រើប្រាស់សម្ភារ ឬឧបករណ៍ទំនើបៗនៅក្នុងវិស័យការពារជាតិនេះ។
« បើបងប្អូន ជាអ្នកស្នេហាជាតិពិតប្រាកដ គួរអបអរសាទរនូវសមិទ្ធិផលដែលយើងធ្វើទំនើបកម្មកងទ័ពជើងទឹកយើង។ នេះគឺជាការស្នេហាជាតិពិតប្រាកដ»។ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី៥ ខែមេសា។ សម្តេចបានបញ្ជាក់សាជាថ្មីយ៉ាងដូច្នេះ ៖ « រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជា ថ្ងៃមុន ថ្ងៃនេះ ថ្ងៃមុខ គឺគ្មានគោលបំណងរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនតាមរយៈការឱ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពផ្តាច់មុខលើទឹកដីកម្ពុជាឡើយ។ នេះជាការពិត»។
សម្រាប់សម្តេច ប្រសិនរដ្ឋាភិបាលមានចេតនាឱ្យប្រទេសណាមួយដាក់កងទ័ពនៅកម្ពុជា នោះគ្រាន់តែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺអត់ពិបាកឡើយ ដោយចាំបាច់ប្រឈមជាមួយប្រជាពលរដ្ឋលើការរំលោភរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួន។ សម្តេច ហ៊ុន ម៉ាណែត បានបន្តនិយាយយ៉ាងដូច្នេះ៖« រឿងពីណានិយាយអ្វី ជារឿងមួយ ដែលរដ្ឋាភិបាលកម្ពុជាយើងទទួលខុសគ្នាជាមួយប្រជាជនកម្ពុជា។ កាសែតបរទេស មានទាំងកាសែតប្រទេសចិន ទាំងកាសែតប្រទេសផ្សេងៗអត្ថធិប្បាយគ្រប់ជ្រុងទាំងអស់។ ជារួមកម្ពុជា នៅកណ្តាល ចោទប្រកាន់ជាមួយប្រទេសនេះ ចោទប្រកាន់កម្ពុជាជាមួយប្រទេសនោះ។ រឿងអ្នកឯង ថាអ្វី ថាទៅ ប៉ុន្តែសំខាន់យើងច្បាស់លាស់ជាមួយប្រជាពលរដ្ឋរបស់យើង។ គឺយើងការពារដាច់ខាតរដ្ឋធម្មនុញ្ញ មិនរំលោភបានហើយក៏គ្មានចេតនា ហើយក៏មិនចង់កែលម្អ ឬមួយធ្វើវិសោធនកម្មកែសម្រួល កែប្រែរដ្ឋធម្មនុញ្ញ ដែលហាមមិនឱ្យមានមូលដ្ឋានបរទេសនៅលើទឹកដីកម្ពុជានោះទេ»។
មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ប្រកាសឱ្យដាក់ប្រើប្រាស់ជាផ្លូវការ និង ប្រកាសស្វាគមន៍នូវភាគីប្រទេសជាមិត្តទាំងអស់ ដែលមកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានកងទ័ពនេះ ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ តទៅ។
តែយ៉ាងណាមិញ រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម គឺត្រូវតែជូនដំណឹងមកកម្ពុជាជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ។ ការណ៍នេះ គឺលើកលែងចំពោះករណីបន្ទាន់ ដែលត្រូវការសង្គ្រោះ។ នាវាយោធាទាំងអស់សុទ្ធតែអាចចូលមកបាន លើកលែងតែនាវាដែលលើសចំណុះដែលកំពង់ផែកម្ពុជា មិនអាចទ្រទ្រង់បាន។ ប្រមុខរដ្ឋាភិបាលអះអាងជាថ្មីថា មូលដ្ឋានកងទ័ពជើងទឹករាម គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខដោយកងទ័ពជើងទឹកកម្ពុជា៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕
