- ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី ព្រឹក

សៀមរាប៖ បាំងតែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍វប្បធម៌ «អង្គរសង្ក្រាន្ត» នឹង មកដល់។ អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ក្រោមប្រធានបទ «ញញឹមសាទរអង្គរសង្ក្រាន្ត»។ តើព្រឹត្តិការណ៍នៅឆ្នាំនេះ មានអ្វីពិសេស ខ្លះ?
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖
បន្ទាប់ពីអាក់ខានកាលពីឆ្នាំ២០២៣ ព្រឹត្តិការណ៍វប្បធម៌ «អង្គរសង្ក្រាន្ត» បានវិលបានវិញ នឹងធ្វើឡើងធំ ជាងឆ្នាំមុនៗទៅទៀត។ ឆ្នាំនេះនឹងមានកម្មវិធីធំៗចំនួន៣៨ ដែលរួមមានកម្មវិធីកម្សាន្ត ប្រពៃណី វប្បធម៌ និងពិព័រណ៍ជាដើម។ កម្មវិធីទាំងនោះ នឹងរៀបចំឡើងនៅ ៦ទីតាំងខុសៗគ្នា គឺនៅបរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ។
នៅបរិវេណមុខប្រាសាទអង្គរវត្ត បែងចែកជាតំបន់សំខាន់ៗដូចជាតំបន់ «ភូមិខ្ញុំ» ដែលស្ថិតនៅជ្រុងនិរតីនៃប្រាសាទអង្គរវត្ត។ នៅទីនេះត្រូវបានរៀបចំឡើង បង្ហាញពីសំណង់លំនៅដ្ឋានខ្មែរជាច្រើនប្រភេទ ហើយនៅទីនេះជាកន្លែងសម្ដែងទស្សនីយភាពសិល្បៈ, កម្មវិធីអុកចត្រង្គ, ផ្សារភូមិ, សាលាឆទាន, ផ្ទះភ្លេង, ផ្ទះនំ, សម្ដែងភូមិ, ផ្ទះសេដ្ឋី, ស្តង់អាហារ, កម្មវិធីរាំកម្សាន្ត និងល្បែងប្រជាប្រិយផងដែរ។
ទីតាំងមួយទៀត «ភូមិត្នោត» ដែលស្ថិតនៅឯត្រពាំងសេស ខាងកើតនៃច្រកចូលខាងលិចប្រាសាទអង្គរវត្ត។ នៅភូមិត្នោតនេះ នឹងមានការរៀបចំលក់ម្ហូបអាហារ បង្អែម ភេសជ្ជៈ សម្ភារៈប្រើប្រាស់គ្រប់ប្រភេទ ដែលផលិតពីត្នោត ព្រមទាំងផ្ទះខ្មែរសង់ពីត្នោត ទូកត្នោត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។
ក្រៅពីភូមិត្នោត នៅជុំវិញត្រពាំងសេសនេះ ក៏មានការរៀបចំនូវទីតាំងកម្សាន្តនានាទៀតផងដែរដូចជា ភូមិរចនា, កន្លែងលែងទឹក «តស់ៗលេងទឹក», ឆាកតន្ត្រី ជាដើម។
ចំណែកនៅក្នុងសួនបដិសណ្ឋារកិច្ច អង្គរប៉ាវីសវិញ នឹងជារៀបចំជាសួនកុមារ និងតន្ត្រីស្គរដៃ។ ហួសមកខាងត្បូង ជាប់នឹងស្ពានហាលប្រាសាទអង្គរវត្ត នឹងត្រូវរៀបចំជាកន្លែង បណ្ដែតគោម បួងសួងចម្រើនសេចក្ដីសុខ។
ដោយឡែកនៅក្នុងក្រុងសៀមរាបវិញ តាមបណ្ដោយស្ទឹងសៀមរាបវិញ នឹងមានកម្មវិធីផ្សារស្ទឹងសៀមរាប ដែលមានកម្មវិធីសប្បាយៗលើផ្ទៃទឹក និងតាមបណ្តោយផ្លូវសងខាងដងស្ទឹងសៀមរាបដូចជា ការជិះទូកលេងម្សាន្ត កម្មវិធីពិព័រណ៍ផលិតផល ផ្សារបណ្តែតទឹក ការសម្តែងសិល្បៈ និងការប្រគំតន្ត្រីបណ្តែតទឹកផងដែរ។
ដោយឡែកសួនច្បារនៃខាងកើតព្រះរាជដំណាក់ នឹងមានកម្មវិធីដូចជា តស់ៗលេងទឹក, សួនមុនីហទ័យ, កម្មវិធីស្រង់ព្រះ និងកន្លែងលែងល្បែងប្រជាប្រិយជាដើម។ ក្រៅពីនេះក៏មានការរៀបចំសកម្មភាពសប្បាយៗផ្សេងទៀតផងដែរនៅតំបន់ផាប់ស្ទ្រីត និងតំបន់ King’s Road។
ចំពោះទីតាំងចុងក្រោយគឺ អង្គរឃ្យុងយូ ផ្លូវ៦០ម៉ែត្រ នឹងរៀបចំការប្រកួតប្រណាំងរទេះគោ ក្របី ប្រណាំងសេះ និងកីឡាប្រពៃណីវាយត្រដំផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ «ពិធីទទួលទេវតាឆ្នាំថ្មី» នឹងត្រូវរៀបចំឡើងនៅខាងកើតប្រាសាទបាយ័ន៕
អ្នកសរសេរអត្ថបទ
