រដ្ឋបាលខេត្តកំពង់ចាម ត្រៀមលៀសហាលចំនួន ៣តោន សម្រាប់អ្នកមកលេងសង្រ្កាន្ត
  • ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៣០ នាទី ព្រឹក
រដ្ឋបាលខេត្តកំពង់ចាម ត្រៀមលៀសហាលចំនួន ៣តោន សម្រាប់អ្នកមកលេងសង្រ្កាន្ត

ភ្នំពេញ៖ ​ព្រឹត្តិការណ៍​«​សង្រ្កាន្ត​កំពង់ចាម» និង​«សង្រ្កាន្ត​នៅ​តាម​ស្រុក» នឹងត្រូវរៀបចំឡើងក្នុងរយៈពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី​១៤-១៦ ខែមេសា។ ក្នុងព្រឹត្តិការណ៍ប្រពៃណីនេះ ក្រៅតែពីមានកម្មវិធីកម្សាន្តសប្បាយនានាហើយនោះ រដ្ឋបាលខេត្ត គឺបានត្រៀមលៀសហាលចំនួន៣តោន សម្រាប់អ្នកមកលេងសង្ក្រាន្ត ថែមទៀត។

TTN-Free-Banner-In-Article-PC

បើតាមលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម  លៀសហាល ជាផលិតផលអត្តសញ្ញាណមួយប្រចាំខេត្តកំពង់ចាម ដែលមានរសជាតិឆា្ងញ់។  ផលិតផលនេះ ត្រូវបានអាជីវករនានាដាក់លក់នៅតាមបណ្តាខេត្តនានា ដោយបានបញ្ជាក់ពីរសជាតិ និងឈ្មោះលៀសហាលកំពង់ចាម។ 

ការណ៍នេះហើយ បានជារដ្ឋបាលខេត្តកំពង់ចាម ​សម្រចរៀបចំលៀសហាល ចំនួន៣តោន សម្រាប់ទទួលអ្នកមកលេងសង្ក្រាន្តកំពង់ចាម។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) លោក​ សុភ័ក្រ្ត បានបញ្ជាក់ថា ៖ « សង្រ្កាន្តកំពង់ចាម នឹងរៀបចំលៀសហាល ក្នុងបរិមាណ ៣តោន ដែលមានប្រវែង១០០០ម៉ែត្រ ដើម្បីទទួលពលរដ្ឋមកលេងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ។ នេះជាគោលបំណងរបស់អភិបាលខេត្តយើង។ លៀសហាលនេះ នឹងរៀបចំឡើងនៅកោះពេជ្រ មាត់ទន្លេក្រុងកំពង់ចាម ដែលជាទីតាំងលក់ភូមិមួយ ផលិតផលមួយ មានជាង១០០ស្តង់ ដោយមានរយៈពេល ៧ថ្ងៃ»។ 

សូមជម្រាបថា ព្រឹត្តិការណ៍​«​សង្រ្កាន្ត​កំពង់ចាម» និង​«សង្រ្កាន្ត​នៅ​តាម​ស្រុក» នឹង​មាន​កម្មវិធី​សប្បាយជាច្រើន រួមទាំង​ពិធី​សាសនា និង​ការ​លេងល្បែង​ប្រជា​ប្រិយ ​ជាដើម។ 

បើតាម​រដ្ឋបាល​ខេត្ត​កំពង់ចាម «​សង្រ្កាន្ត​កំពង់ចាម» នឹង​រៀបចំ​នៅ​ក្រុងកំពង់ចាម ដោយមាន​កម្មវិធី​ទទួល​ទេវតា​, ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ, កា​រលេង​ល្បែង​ប្រជា​ប្រិយខ្មែរ, ការ​តាំង​ពិព័រណ៍ផលិត​ផល​, ពិធីស្រង់ព្រះនៅខាង​មុខសាលាខេត្ត រួមទាំង​ការ​ប្រគំ​តន្រ្តី​ខ្នាត​ធំជាដើម។ 

រដ្ឋបាលខេត្តបញ្ជាក់ថា ស្រុក​កំពង់សៀម នឹង​រៀបចំ​សង្រ្កាន្ត នៅ​ឆ្នេរ​ខ្សាច់​កោះប៉ែន, ប្រាសាទ​នគរ​បាជ័យ និង​ភ្នំហាន់ជ័យ​។ ស្រុក​ព្រៃឈរ នឹង​រៀបចំ​នៅ​រមណីយដ្ឋាន​ប្រាសាទទឹកឆា, ស្រុក​កងមាស នឹង​រៀបចំ​នៅវត្ត​កោះតាង៉ោ, ស្រុក​ជើង​ព្រៃ នឹង​រៀបចំ​នៅវត្ត​ស្ដើង​ជ័យ, ស្រុក​បាធាយ នឹង​រៀបចំ​វត្ត​បាធាយ។ 

រី​ឯ​ស្រុក​ចំការ​លើ នឹ​ង​រៀបចំ​នៅវត្ត​ភ្នំទ្រែតក្នុង​, ស្រុកកោះ​សូទិន នឹង​រៀបចំនៅ​វត្ត​មហា​លាភ និង​ស្រុកស្ទឹង​ត្រង់ នឹង​រៀបចំ​នៅវត្ត​ស្ទឹងត្រង់​។​ ចំពោះ​ស្រុក​ស្រី​សន្ធរ​ នឹង​រៀបចំ​នៅវត្ត​កោះកែវ និង​មាន​កម្មវិធី​ប្រណាំង​រទេះគោ-ក្របី នៅ​ឃុំ​បារាយណ៍​ ​ក្នុង​ថ្ងៃ​ឡើង​ស័ក៕ 


អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន