- ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី យប់

ភ្នំពេញ៖ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណ បានដាក់ឱ្យដំណើរការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន នៅផ្សារអ៊ីអនម៉ល៣ ឬអ៊ីអនមានជ័យ។ ការផ្តល់សេវានេះ ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ដោយឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ រួមទាំងថ្ងៃឈប់សម្រាកផ្លូវការ។
ស្នាក់ការធ្វើលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ នៅផ្សារទំនើបអ៊ីអន៣នេះ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការក្រោមវត្តមាន លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែមេសា។ នេះជាស្នាក់ការទី៧ហើយ បន្ទាប់ពីក្រសួងបានដាក់ឱ្យដំណើរការស្នាក់ការនេះ ជាបន្តបន្ទាប់។ រួមមាន៖ នាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២សែនសុខ ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្រាប់សេវាធ្វើលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណនៅអ៊ីអន៣ គឺធ្វើឡើងពីថ្ងៃពុធ រហូតដល់អាទិត្យ។ មានន័យថា មន្រ្តីនឹងឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ដោយលើកថ្ងៃទៅផ្តល់សេវាជូនពលរដ្ឋនៅ ចុងសប្ដាហ៍វិញ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមបណ្ដានានាដែលនៅជិតភ្នំពេញដូចជា ខេត្តកណ្ដាល កំពង់ស្ពឺ កំពត និងកែប អាចមកស្នើសុំសេវានេះបាន។
ជាថ្មីម្ដងទៀតឯកឧត្តមក៏បានបង្ហាញពីការប្ដេជ្ញា និងបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការពង្រីកសាខាទៅតាមខេត្តដែលមានតម្រូវការខ្ពស់ និងទៅតាមការស្រង់មតិសំណូមពរ របស់ប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាឱ្យសេវានៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានទៅកៀក និងផ្តល់ភាពងាយស្រួលជូនពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា ស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងផ្តល់សេវាលិខិតឆ្លងដែនស្ថិតនៅជាន់ទី៣ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ។ ចំពោះពេលវេលានៃផ្តល់សេវា ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ០៤:០០ល្ងាច។
សម្រាប់ប្រជាពលរដ្ឋ ដែលមានអាយុ ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុត សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ គឺអាចមកធ្វើបែបបទស្នើសុំអត្តសញ្ញាណប័ណ្ណ នៅតាមទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ , នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ , ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខណ្ឌច្បារអំពៅ ,ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអនម៉ល២ ខណ្ឌសែនសុខ៕
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។
