- ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:៥៩ នាទី រសៀល

«មិនចេញតាមហ្វេសប៊ុក មិនមែនមិនគិតគូរទេ!»។ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានអះអាងបែបនេះ ទៅកាន់មតិមួយចំនួនដែលចោទថា មេដឹកនាំកម្ពុជាមិនរកដំណោះស្រាយ ឬឆ្លើយតបភ្លាមៗចំពោះការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដូចទៅនឹងមេដឹកនាំប្រទេសជិតខាង ក៏ជាប្រទេសនានាក្នុងពិភពលោកដែលរងគ្រោះពីការដំឡើងពន្ធនេះ។
កាលពីព្រឹកថ្ងៃទី៣ ខែមេសា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធលើទំនិញនាំចូលពីកម្ពុជា រួមទាំងប្រទេសមួយនានាក្នុងតំបន់ និងពិភពលោកចំនួន១៨០ប្រទេស។ ក្នុងតំបន់ កម្ពុជា ជាប្រទេសរងគ្រោះពីការដំឡើងអត្រាពន្ធគយរបស់រដ្ឋាភិបាលអាម៉េរិកនេះច្រើនជាងគេ រហូតទៅដល់៤៩ភាគរយ ខណៈឡាវមាន៤៨ភាគរយ, វៀតណាម ៣៦ភាគរយ និងថៃ ៣៦ភាគរយ។
បន្ទាប់ទទួលបានដំណឹងនេះភ្លាមៗ គេសង្កេតឃើញមេដឹកនាំប្រទេសមួយចំនួន ជាពិសេសមេដឹកនាំប្រទេសថៃ និងវៀតណាម ចេញប្រតិកម្មភ្លាមៗ ចំពោះការដាក់ពន្ធនាំចូលរបស់អាម៉េរិក ដោយមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញទំនាក់ទំនងសង្គម។ ការណ៍នេះ ក៏មានការប្រៀបធៀបជាមួយនឹងកម្ពុជា ដោយចោទថាមេដឹកនាំកម្ពុជាមិនស្វះស្វែងរកដំណោះស្រាយភ្លាមៗ ជាមួយ លោក ដូណាល់ ត្រាំ លើការដំឡើងពន្ធនាំចូលនេះ។
« ពេលលទ្ធផលចេញភ្លាម! មេដឹកប្រទេសគេប្រជុំភ្លាម គេផ្សាយតាមហ្វេសប៊ុកទៅ។ [ប្រទេស]អ្នកខ្លះ! គេមិនផ្សាយតាមហ្វេសប៊ុក គេបញ្ជូនក្រុមការងារទៅវ៉ាស៊ីនតោនទៅ គេមិនបាច់ចាំផ្សាយ។ អ្នកខ្លះ! គេនៅរង់ចាំសិន គេមិនទាន់ចេញ គេចាំមើលហើយបានគេចេញជំហរ។ អ្នកខ្លះ! គេដូចខ្ញុំគឺផ្ញើលិខិត តែអ្នកខ្លះទូរសព្ទទៅអាម៉េរិក។ [...] គ្រាន់តែឃើញ នាយករដ្ឋមន្ត្រីប្រទេសផ្សេង កោះប្រជុំបន្ទាន់ ហើយយើងមិនមានអត់ផ្សព្វផ្សាយតាម[ហ្វេសប៊ុក] ! គេ ថាយើងដេកស្លូកអត់យកចិត្តទុក[រឿងអាម៉េរិកដំឡើងពន្ធគយ៤៩ភាភរយ]»។ សម្តេចនាយករដ្ឋមន្ត្រីបានប្រតិបត្តិកម្មខ្លាំងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នាព្រឹកថ្ងៃទី៧ ខែមេសា។
បើតាមសម្តេច ហ៊ុន ម៉ាណែត មេដឹកនីមួយៗដែលរងគ្រោះពីការដំឡើងពន្ធគយរបស់រដ្ឋាភិបាលអាម៉េរិក លោក ដូណាល់ ត្រាំ គឺសុទ្ធសឹងតែមានទំនួលខុសត្រូវ និងស្វះស្វែងរកដំណោះស្រាយនានាសម្រាប់ប្រយោជន៍សេដ្ឋកិច្ចប្រទេសរៀងៗខ្លួន គ្រាន់តែវិធីសាស្ត្រ ឬរបៀបធ្វើការងារខុសគ្នាប៉ុណ្ណោះ។ សម្រាប់កម្ពុជា គឺចំណាយពេល៣៧ម៉ោង ក្នុងការប្រជុំរកដំណោះស្រាយសមស្របណាមួយជាមួយភាគីពាក់ព័ន្ធ បានរដ្ឋាភិបាលសម្រេចផ្ញើលិខិតសុំចរចាជាមួយរដ្ឋាភិបាលអាម៉េរិក។ ក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីសុំពន្យារការអនុវត្តពន្ធនាំចូល និងបញ្ជាក់ពីជំហរសុំចរាចររបស់កម្ពុជា ខណៈលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្ញើលិខិតទៅកាន់ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក សុំបើកកិច្ចចរចារឿងការដំឡើងពន្ធគយនេះ។ ពោល គឺកម្ពុជា ប្តេជ្ញាលើកតម្កើនទំនិញនាំចូលពីអាម៉េរិក តាមរយៈការកាត់បន្ថយពន្ធគយភ្លាមៗលើទំនិញចំនួន១៩ប្រភេទ ពី ៣៥ភាគរយ មកត្រឹម ៥ភាគរយ។
« ប្រកាសនៅអាម៉េរិក៤ល្ងាច ថ្ងៃទី២[មេសា] វាស្មើនឹងម៉ោង៣ព្រឹកនៅភ្នំពេញ ថ្ងៃទី៣មេសា។ ម៉ោង៨ល្ងាចថ្ងៃទី៤មេសា ស្មើនឹង៤១ម៉ោង យើងចេញលិខិតនេះ។»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ «បើសាច់នៃការងារ គឺ៣៧ម៉ោង ព្រោះដល់ម៉ោង៧[យប់ថ្ងៃទី៤មេសា] ខ្ញុំបានប្រគលភារកិច្ចជូនទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន លោកជំទាវ ចម និម្មល ធ្វើការវាយតម្លៃ និងរៀបចំភ្លាម។ ពិតណាស់! ខ្ញុំមិនទៅផ្សាយតាមហ្វេសប៊ុក ថាខ្ញុំបានបញ្ជាទៅឱ្យទៅធ្វើហើយទេ! ចាំបាច់ ខ្ញុំផ្សាយធ្វើស្អី។ ទាល់តែខ្ញុំដាក់តាមហ្វេសប៊ុក ប្រាប់គេថា ខ្ញុំបានឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មការគោលនយោបាយគិតគូរជាបន្ទាន់ហើយ។ គឺអត់ទេ! បើនិយាយពីរឿងគិតគូរ យើងគិតគូររឿងនេះប្រហែលបានជាង២ខែមកហើយ»។
រដ្ឋាភិបាល មិនមែនគិតតែពីធ្វើការងារឆ្លើយតបរហូតនោះទេ។ មានន័យថា រដ្ឋាភិបាល គឺតែងតែធ្វើបុរេសកម្ម ដោយគិតគូរ និងព្យាករទុកជានិច្ច ដោយគណៈកម្មការរៀបចំគោលនយោបាយ ធ្វើសេណារីយ៉ូផ្សេងៗ ពីការវាយតម្លៃរបស់ពន្ធគយដែលរដ្ឋាភិបាលដាក់មកលើកម្ពុជា។
ថ្ងៃទី២ ខែមេសា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅបានប្រកាសដាក់ពន្ធលើទំនិញនាំចូលពីកម្ពុជារហូតដល់ ៤៩ភាគរយ ដើម្បីកាត់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្មរបស់ខ្លួនជាមួយកម្ពុជា ដែលមាន៩៧ភាគរយ។ កម្ពុជា ជាប្រទេសរងការដាក់ពន្ធខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាន។ ពីរថ្ងៃបន្ទាប់ កម្ពុជាបានប្រកាសចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តាមរយៈទម្លាក់ពន្ធលើទំនិញនាំចូលអាម៉េរិក ចំនួន១៩ប្រភេទ ស្មើនឹងមុខទំនិញចំនួន៨៥ភាគរយពីអត្រាពន្ធ៣៥ភាគរយ មកនៅត្រឹម៥ភាគរយ។
«ដើម្បីបង្ហាញពីភាពត្រឹមត្រូវ និងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជាប្តេជ្ញាលើកតម្កើងការនាំចូលផលិតផលអាម៉េរិកជាមួយការកាត់បន្ថយពន្ធគយភ្លាមៗលើផលិតផលចំនួន ១៩ប្រភេទ ពីអត្រាពន្ធគយចំនួន ៣៥ភាគរយ ដល់៥ភាគរយ»។ នេះបើតាមលិខិតរបស់សម្តេច ហ៊ុន ម៉ាណែត ស្នើសុំចរចាជាមួយលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី៤ ខែមេសា។
បើតាមលិខិតនោះ កម្ពុជាស្នើសុំចរចាជាមួយរដ្ឋបាលអាម៉េរិក ក្នុងរយៈពេលឆាប់រហ័សតាមដែលអាចធ្វើបាន និងពន្យារពេលការដាក់ពន្ធ ៤៩ភាគរយលើទំនិញកម្ពុជា។ ភាគីកម្ពុជា នៅតែបន្តប្តេជ្ញារក្សាកិច្ចចរចាប្រកបដោយការស្ថាបនាជាមួយរដ្ឋាភិបាលអាម៉េរិក។
ជាមួយគ្នានោះដែរ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់លិខិតទៅកាន់ឯកអគ្គរដ្ឋទូត លោក Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលកម្ពុជាស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិក បង្កើតយន្តការចរចា និងពន្យារពេលនៃកាល បរិច្ឆេទកំណត់នៃការអនុវត្តពន្ធ ។ ការណ៍ស្នើសុំរបស់កម្ពុជា គឺដើម្បីអនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាពពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការវាយតម្លៃដ៏ហ្មត់ចត់ លើអភិក្រមជំនួស ដែលរក្សាបាននូវទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងការអភិវឌ្ឍប្រកបដោយចីរភាព របស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ៖ «កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាព ជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក សំដៅឈានទៅសម្រេចបានលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕
