- ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:១១ នាទី ព្រឹក

សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យបន្តជ្រោមជ្រែងរាជរដ្ឋាភិបាល ក្នុងសកម្មភាពបោសសម្អាតមីន ពិសេសដំណើររបស់កម្ពុជា ឆ្ពោះទៅគោលដៅ«កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០៣០»។ ការអំនាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងជំនួបរបស់ខ្លួន ជាមួយនឹង បណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា នៅថ្ងៃទី៨ ខែមេសានេះ នៅវិមានសន្តិភាព។
តាមរយៈទំព័រហ្វេសប៊ុក សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី អះអាងបន្តថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ បានដាក់គោលដៅជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីនទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល។
សម្តេច ហ៊ុន ម៉ាណែត បន្ថែមដូច្នេះ៖ «សកម្មភាពមីននៅកម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍ជាតិ និងអន្តរជាតិ និងប្រទេសជុំវិញពិភពលោក ដោយសកម្មភាពមីននៅកម្ពុជា បានជួយសង្គ្រោះដល់ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែលចូលរួមយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
សម្រាប់ សម្តេច នាយករដ្ឋមន្ត្រី សមិទ្ធផលទាំងអស់នេះ ក៏មានការចូលរួមយ៉ាងសំខាន់ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រជាថវិកា សម្ភារ និងជំនាញ ដើម្បីគាំទ្រ និងសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពមីន។ បន្ថែមដោយការអរគុណចំពោះការជ្រោមជ្រែងទាំងនេះ សម្តេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តគាំទ្ររាជរដ្ឋាភិបាល លើសកម្មភាពមីន ជាពិសេសក្នុងគោលដៅឆ្ពោះទៅរក «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០»។
សូមជម្រាបថា រយៈពេល៣២ឆ្នាំហើយ ដែលរដ្ឋាភិបាលកម្ពុជា បានខ្នះខ្នែងបោសសម្អាតមីន ដើម្បីសង្រ្គោះជីវិតពលរដ្ឋ និងយកដីសម្រាប់ប្រើប្រាស់ បង្កបង្កើនផល និងវិស័យអប់រំជាដើម។ រយៈពេល៣២ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ១៩៩២-២០២៤ មានគ្រាប់មីនប្រឆាំងមនុស្ស និងរថក្រោះ ចំនួន ១ ២២៣ ៧៨៥គ្រាប់ រួមទាំងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ១៩៦ ៧០៤គ្រាប់ទៀត ត្រូវបានរកឃើញ និងបំផ្លាញចោល។
ដោយឡែក នៅក្នុងឆ្នាំ២០២៤ ផ្ទៃដីដែលត្រូវបានបោសសម្អាតមីនរួច មានចំនួន ២៧៣ គីឡូម៉ែត្រការ៉េ។ ក្នុងនោះមន្ត្រីជំនាញរកឃើញ និងបំផ្លាញចោល មីនប្រឆាំងមនុស្ស ១៧ ៨៥៣គ្រាប់, មីនប្រឆាំងរថក្រោះ ២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៩១ ១១១គ្រាប់៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕
