- ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:៥៩ នាទី រសៀល

សៀមរាប៖ ដើម្បីបញ្ចៀសការកកស្ទះ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខាងមុខ អាជ្ញាធរខេត្តសៀមរាប នឹងបិទកំណាត់ផ្លូវសំខាន់មួយចំនួនក្នុងក្រុង និងនៅរមណីយដ្ឋានអង្គរ។ បើតាមការជូនដំណឹងពីរដ្ឋបាលខេត្ត ការបិទ ឬបញ្ចៀសចរាចរនេះ នឹងចាប់ផ្ដើមពីម៉ោង៨ព្រឹក ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
កំណាត់ផ្លូវចំនួន៨ នឹងត្រូវបិទបញ្ចៀសចរាចរមានដូចជា កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីចំណុចរង្វង់មូលស្ពានព្រះរាជដំណាក់ ដល់ចំណុចស្តុបសារមន្ទីរជាតិអង្គរ។ កំណាត់ផ្លូវទី២ ផ្លូវមុខសណ្ឋាគារអង្គរ (Raffles Grand Hotel D’Angkor) ចាប់ពីកំណាត់ផ្លូវបរិវេណតំបន់ព្រះរាជដំណាក់ និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្ដែង។
កំណាត់ផ្លូវទី៣ គឺកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរ្តិ៍ ដល់ចំណុចស្តុបស៊ីវុត្ថា។ ទី៤ កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងកើតស្ទឹង) ចាប់ពីចំណុចរង្វង់មូលស្ពានថ្ម ព្រះរាជដំណាក់ ដល់ចំណុចស្ពានរាជបូណ៌ និងមួយផ្នែកទៀតចាប់ពីចំណុចស្ពានវត្តរាជបូណ៌ ដល់រង្វង់មូលនាគបាញ់ទឹក និងបណ្ដាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប។
ផែនទីបង្ហាញពីបណ្ដាកំណាត់ផ្លូវមួយចំនួនដែលនឹងត្រូវបិទ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ទី៥ កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើតស្ទឹង) ចាប់ពីចំណុចផ្លូវច្រមុះជ្រូក ដល់ចំណុចស្ពានវត្តរាជបូណ៌ និងចាប់ពីស្ពានវត្តរាជបូណ៌ ដល់ស្ពានវត្តពោធិ៍លង្កា និងបណ្ដាផ្លូវច្រកចូលមកកាន់ស្ទឹងសៀមរាប។ ទី៦ កំណាត់ផ្លូវស៊ីវុត្ថា ចាប់ពីចំណុចស្តុបសម្ដេចទេពវង្ស ដល់រង្វង់មូលនាគបាញ់ទឹក និងកំណាត់ផ្លូវសំខាន់ៗចូលទៅកាន់ផ្លូវស៊ីវុត្ថា ក្នុងភូមិសាស្ត្រតំបន់ផាប់ស្ទ្រីត។
ទី៧ កំណាត់ផ្លូវក្នុងតំបន់ផាប់ស្ទ្រីត ផ្សារចាស់ និងកំណាត់ផ្លូវ ២ធ្នូ និងទី៨ កំណាត់ផ្លូវវិថី ៧មករា ចាប់ពីចំណុចស្តុបវត្តដំណាក់ ដល់ចំណុចរង្វង់មូលស្ពានវត្តដំណាក់។
ដោយឡែកនៅតំបន់រមណីយដ្ឋានអង្គរ ប្រាសាទអង្គរវត្តវិញ អ្នកដំណើរអាចធ្វើដំណើរបានធម្មតា មិនមានបិទផ្លូវធ្វើដំណើរណាមួយឡើយ។ ប៉ុន្តែអាជ្ញាធរខេត្ត ឱ្យអ្នកធ្វើដំណើរទាំងអស់ ឱ្យធ្វើដំណើរតាមទិសចរាចរ និងចតយានជំនិះឱ្យបានត្រឹមត្រូវ តាមការចង្អុលបង្ហាញរបស់កម្លាំងសមត្ថកិច្ចដែលប្រចាំការតាមគោលដៅ និងស្របតាមផែនទីបង្ហាញផ្លូវ៕
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
អ្នកសរសេរអត្ថបទ
