អគ្គស្នងការនគរបាលជាតិ ណែនាំមន្ត្រីក្រោមឱវាទឱ្យពង្រឹងការការពារសុវត្ថិភាពពេលចូលឆ្នាំ
  • ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៣ នាទី យប់
អគ្គស្នងការនគរបាលជាតិ ណែនាំមន្ត្រីក្រោមឱវាទឱ្យពង្រឹងការការពារសុវត្ថិភាពពេលចូលឆ្នាំ
លោក ស ថេត អគ្គស្នងការនគរបាលជាតិ


ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានណែនាំដល់នាយករដ្ឋាន មន្ទីរ អង្គភាពជំនាញ និងស្នងការនគរបាលរាជធានី-ខេត្ត ឱ្យពង្រឹងការការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

តាមសេចក្តីណែនាំ ដែលចេញផ្សាយនៅថ្ងៃទី៨ ខែមេសា លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់លើការបង្កើនការការពារសន្តិសុខ សណ្ដាប់ធ្លាប់ សុវត្ថិភាពសង្គម ដូចជាសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ឬក្រុមមាននិន្នាការប្រឆាំងជ្រុលនិយមជាដើម។ល។ លោក ស ថេត បានដាក់បញ្ជាឱ្យក្រុមការងារទាំងអស់ ត្រូវក្តាប់សភាពការណ៍នេះឱ្យជាប់ និងត្រូវផ្តល់កិច្ចសហការ គាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីចាត់វិធានការជាបន្ទាន់។

ចំណែកស្នងការរាជធានី-ខេត្ត ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងផ្តោតលើការងារមួយចំនួនដូចជា ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យទាន់ពេលវេលា នូវសកម្មភាពប៉ុនប៉ងបង្កចលាចលសង្គម សកម្មភាពល្មើសផ្សេងៗ។ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព នៅតាមមូលដ្ឋាន ពង្រឹងការត្រួតពិនិត្យរដ្ឋបាល និងការងារគ្រប់គ្រងជនបរទេសនៅតាមមូលដ្ឋាន សំដៅដល់ការងារការពារសុវត្ថិភាពដល់ពួកគេ និងបង្ការទប់ស្កាត់អំពើល្មើសច្បាប់នានា ដែលប្រព្រឹត្តិដោយជនបរទេសទាំងនោះ។

បង្កើនការការពារសុវត្ថិភាពជូនពលរដ្ឋនៅតាមវត្តអារាម ប្រាសាទ កន្លែងទេសចរណ៍ ពិសេសកន្លែងមានប្រារព្ធពិធីសង្កាន្ត។ ជាងនេះទៅទៀត ត្រូវធានាឱ្យបានជាដាច់ខាតនូវព្រះរាជសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ រួមនិងថ្នាក់ដឹកនាំកំពូលៗ និងឥស្សរជនជាន់ខ្ពស់ ដែលយាង និងអញ្ជើញទៅចូលរួម ពិធីបុណ្យ។ 

សេចក្តីណែនាំដដែលបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនការផ្សព្វផ្សាយអប់រំពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយនានា។ល។ 

ដោយឡែកចំពោះស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន លោក ស ថេត ណែនាំឱ្យចាត់វិធានការទប់ស្កាត់ឱ្យបាន នូវជនបរទេសដែលលួចចូលដោយខុសច្បាប់ ពិសេសមុខសញ្ញាភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ល។ ចំណែក នាយកដ្ឋាន អង្គភាព មន្ទីរជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍ ពេលមានហេតុការណ៍កើតឡើង និងត្រូវសហការជាមួយបណ្ដាញសំខាន់ៗ ដើម្បីផ្តល់ព័ត៌មានទាន់ពេលវេលា ដូចជាករណីកកស្ទះចរាចរណ៍ ដើម្បីឱ្យពលរដ្ឋដឹងមុន និងបង្វែរទិសចរាចរណ៍។ល៕


 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

អុីសា រ៉ហានី